ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកល​វិទ្យាល័យ​អាមេរិក​ថ្លៃ​សម្រាប់​និស្សិត​ចិន


(រូបថត​ឯកសារ ​ខែឧសភា​ ឆ្នាំ២០១២​) និស្សិត​ចិន​តម្រង់​ជួររង់ចាំ​សម្ភាសន៍​សុំទិដ្ឋាការ​នៅក្រៅ​ស្ថានទូតស.រ.អា.​ក្នុងរដ្ឋធានី​ប៉េកាំង។
(រូបថត​ឯកសារ ​ខែឧសភា​ ឆ្នាំ២០១២​) និស្សិត​ចិន​តម្រង់​ជួររង់ចាំ​សម្ភាសន៍​សុំទិដ្ឋាការ​នៅក្រៅ​ស្ថានទូតស.រ.អា.​ក្នុងរដ្ឋធានី​ប៉េកាំង។

នៅពេល​និស្សិត​មហា​វិទ្យាល័យ​មួយ​ចំនួន​មើល​ទៅ​និស្សិត​ជនជាតិ​ចិនជាង​៣៦៣.៣៤១​នាក់ នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នានា​ក្នុងសហរដ្ឋ​អាមេរិក​ ពួក​គេ​គិត​ថា​និស្សិត​អន្តរជាតិ​ទាំងអស់​នោះ មិន​បាន​ខ្វល់​ខ្វាយ​រឿង​លុយ​កាក់​ឡើយ។

ព័ត៌មាន​នានា​ដែល​បង្ហាញ​ពី​និស្សិត​អន្តរជាតិ​មក​ពី​ប្រទេស​ចិន​ជិះ​រថយន្ត​ទំនើបៗ​ថ្លៃ​កប់​ពពក​និង​មិន​ខ្វល់​ពី​ថ្លៃ​បង់​សាលា​នោះ​បាន​ក្លាយ​ជា​ការ​សន្និដ្ឋាន​ទុក​ជាមុន​មួយ។

ប៉ុន្តែ​ គេបាន​រកឃើញ​ថា និស្សិត​ចិន​ជា​ច្រើន​ដែល​មានចំនួន​ស្មើនឹង​១ភាគ៣​នៃចំនួន​និស្សិត​បរទេស​សរុប​សិក្សា​នៅ​ស.រ.អា.​ បាននិយាយ​ថា​ ក្រុមគ្រួសារ​របស់ពួកគេ​បាន​សន្សំ​ថវិកាអស់​ជាច្រើន​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​ការ​សិក្សា​នៅតាម​មហាវិទ្យាល័យ​និង​សាកល​វិទ្យាល័យ​ដ៏​ថ្លៃ​នៅ​ស.រ.អា.។

លោកស្រី​ Yeming Zhang ម្តាយ​និស្សិតចិន​ម្នាក់​ដែល​បាន​ចំណាយថវិកា​ប្រហែល​៩ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​បញ្ជូន​កូន​ស្រី​គាត់​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Boston ក្នុង​រដ្ឋ​ Massachusetts បាន​និយាយ​ថា៖«ខ្ញុំមាន​ថវិកា​ចំណាយ​លើការ​បង់ថ្លៃ​សិក្សា​ និងការ​ចំណាយផ្សេងៗ​គឺ​ដោយសារ​ការចាយ​វាយ​ត្បិតត្បៀត​និង​សន្សំ​សំចៃ​ណាស់»។ លោកស្រី​បានបន្តថា​ លោកស្រី​ប្រកបរបរ​លក់សម្ភារ​សំណង់​ ជាង១០​ឆ្នាំ​ហើយ​ដើម្បី​សន្សំថវិកា​សម្រាប់​កូនរៀន។

ដើម្បី​សម្រាល​បន្ទុកគ្រួសារ​នាង​ និស្សិត​ Linda Zhou បាន​និយាយថា​ នាង​ត្រូវ​ធ្វើការ​១៥ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​មជ្ឈ​មណ្ឌល​ភាសា​អង់គ្លេស​ និង​មជ្ឈ​មណ្ឌល​និស្សិត​អន្តរជាតិ​ ខណៈ​ពេល​ដែល​ទិដ្ឋាការ​របស់​ពួក​គេ​បាន​កំណត់​ទៅ​លើប្រភេទ​កន្លែង​និងប្រាក់​ខែ​ដែល​និស្សិត​អន្តរជាតិ​អាច​ធ្វើការ​បាន។

និស្សិត​ចិនជាច្រើន​ផ្សេងទៀត​ក៏​ត្រូវ​រក​ការងារ​ធ្វើ ដើម្បីទទួល​បាន​ថវិកា​សម្រាប់​ចំណាយ​លើ​អាហារ​និង​សម្លៀក​បំពាក់។ លោក​ Xuemeng Zhao និស្សិត​សិក្សា​នៅ​មហាវិទ្យាល័យ​ Hampshire នៅរដ្ឋ​ Massachusetts ធ្វើការ​៤​កន្លែង​ផ្សេងគ្នា​ក្នុង​ពេល​តែ​មួយ​និងគេង​បានត្រឹមតែ៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ និស្សិត​ម្នាក់ទៀត​ ឈ្មោះ​ Vivi Zou សិក្សា​នៅ​សាកល​វិទ្យាល័យ​ California-Davis ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នកបម្រើ​ក្នុង​ហាង​កាហ្វេ​៨ម៉ោង​ក្នុងមួយ​សប្តាហ៍។

ប្រហែល​៦៥ភាគរយ​នៃនិស្សិត​អន្តរជាតិ​ជាង​១លាន​នាក់នៅ​ស.រ.អា.​ បាន​ចំណាយ​លើ​ថ្លៃសិក្សា​ និង​ការចំណាយ​ផ្សេងៗ​ ដោយ​ខ្លួន​ឯង​ ដែល​មាន​ន័យ​ថា ថវិកា​ទាំងនោះ​បាន​មក​ពីឪពុកម្តាយ​ ជំនួយ​ផ្ទាល់​ខ្លួន​ ឬ​ប្រាក់អាហា​រូបករណ៍​ពី​រដ្ឋាភិបាល​របស់​ពួក​គេ។ ក្នុង​ចំណោម​និស្សិតរៀនថ្នាក់​បរិញ្ញបត្រ​ ថវិកាជាង​៨០ភាគរយ​ ចំណាយ​ លើថ្លៃ​សិក្សា​បាន​មកពីគ្រួសារ​ នេះបើ​យោង​តាម​វិទ្យាស្ថាន​សម្រាប់​អប់រំអន្តរជាតិ​ (IIE) ក្នុង​រដ្ឋធានី Washington។

និស្សិត​អន្តរជាតិ​សិក្សា​នៅស.រ.អា.​ ភាគច្រើន​មក​ពី​គ្រួសារ​ដែល​មាន​ចំណូល​មធ្យម​និង​លើស​មធ្យមដែល​ត្រូវចំណាយ​លើ​ថ្លៃសិក្សា​ក្នុង​ស.រ.អា.​ចាប់ពី​ប្រហែល២៧.០០០​ដុល្លារ​ដល់​ជាង៧០.០០០ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ នៅ​ពេល​និស្សិត​ទាំង​នោះ​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​មក​សិក្សា​ ពួកគេ​ត្រូវបញ្ជាក់​ អះអាង​ថាពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រចាំឆ្នាំ​ មិន​មែន​ត្រឹមតែ​សម្រាប់​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​មក​ស.រ.អា.​ឡើយ។

លោក​ Rick Fitzgerald អ្នកនាំ​ពាក្យ​សាកលវិទ្យាល័យ​ Michigan ក្នុង​ទីក្រុង Ann Arbor បាន​ពន្យល់ថា៖«និស្សិត​អន្តរ​ជាតិ​ដែល​ស្នើ​សុំទិដ្ឋាការ​ប្រភេទ​ F-1, F-2, J-1, J-2 និង​ប្រភេទ​ G (ការទូត)តម្រូវ​ឲ្យបញ្ជាក់​អះអាង​ថា ខ្លួន​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ក្នុង​អំឡុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​ ហើយ​ច្បាប់​សហព័ន្ធ​បាន​រឹតត្បិត​ទៅ​លើ​ជំនួយ​ហិរញ្ញវត្ថុ»។

បើទោះ​មានការ​ចំណាយច្រើន​ក៏ដោយ​ គ្រួសារ​និស្សិតចិន​ជាច្រើន​បានរៀបចំ​ឲ្យ​កូនៗ​របស់​ខ្លួន​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ជា​ច្រើន​ឆ្នាំ ហើយ​ពួក​គេ​គិត​ថា កូនៗ​របស់​ពួក​គេ​ស័ក្តិសម​នឹង​ទទួល​បាន​ការ​អប់រំ​ល្អ។

អាណា​ព្យាបាល​និស្សិត​ម្នាក់​ឈ្មោះ​ Mingjun Chao ដែល​មានកូន​សិក្សា​នៅសាកល​វិទ្យាល័យ​ Southern California បាន​និយាយ​ថា៖«ខ្ញុំគិត​ថា ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ស.រ.អា.​ធ្វើឲ្យ​កូន​ប្រុស​ខ្ញុំ​មាន​ឱកាស​កាន់​តែច្រើន​ជាង​មុន​ ដើម្បី ពង្រីក​ការ​យល់ដឹង​និង​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​នៅ​ក្នុង​សង្គម។ ថវិកា​ដែល​យើង​ចំណាយ​គឺ​បាន​មក​ពី​ការ​សន្សំផ្ទាល់​ខ្លួនរបស់​ពួក​យើង»។

ដូចគ្នា​នេះ​ដែរ​ ឪពុកម្តាយ​និស្សិត​មួយរូប​ទៀត​ឈ្មោះ Yeming Zhang បាន​និយាយ​ថា៖«ខ្ញុំ​បញ្ជូន​កូនខ្ញុំ​ទៅ​សិក្សានៅ​មហាវិទ្យាល័យ​ស.រ.អា.​ ដើម្បី​ឲ្យ​គាត់​អាច​ដឹង​ពី​វប្បធម៌​ផ្សេងៗ​និង​អាច​ចេះ​សម្រប​ខ្លួន​ទៅ​តាម​តាម​សង្គម​នានា​ផង​ដែរ‍»។

ប៉ុន្តេ​នៅ​ពេល​ដែល​និស្សិត​ចិន​មក​ដល់​ស.រ.អា.​ ពួកគេ​បាន​ចំណាយ​ថវិកា​ច្រើន​ជាង​និស្សិតស.រ.អា.​ យ៉ាង​ច្រើន ហើយ​និស្សិត​មួយចំនួន​បាន​ចោទសួរ​ពី​ភាព​ខុស​គ្នា​មួយ​នេះ។

និស្សិត​ឈ្មោះ​ Tianze Liu ​មក​ពី​សកលវិទ្យាល័យ California ក្នុង​ក្រុងIrvingបាន​និយាយ​ថា៖«ខ្ញុំ​យល់​ដែល​និស្សិត​ក្នុងស្រុក​ចំណាយ​លើថ្លៃ​សិក្សា​តិចជាង​និស្សិត​បរទេស​នោះ។ ពួកគេ​ស័ក្តិសម​នឹង​ទទួល​បាន​សេវា​សាធារណៈពី​ប្រទេស​របស់​ពួក​គេ»។

និស្សិត​រូបនេះ​បាន​បន្ថែមថា​៖ «ក៏ប៉ុន្តែ​ ពេលខ្លះ​ ការ​ចំណាយ​លើការសិក្សា​របស់ពួកខ្ញុំ​ ​ច្រើនជាង​ការ​ចំណាយ​របស់និស្សិត​ក្នុងស្រុក​១០ដង»។

លោក​ Dan Mann អនុ​ប្រធាន​កិច្ចការ​រដ្ឋបាល​ទទួល​ខុស​ត្រូវ​លើ​ការគ្រប់គ្រងការ​ចុះ​ឈ្មោះ​ចូល​រៀន​នៃសាកល​ វិទ្យាល័យ​ Illinois Urbana-Champaign បាន​ពន្យល់ថា​៖​«កម្រិត​នៃ​ការ​ចំណាយ​សម្រាប់​និស្សិត​បរទេស​ជា​ធម្មតា​គឺ​ខ្ពស់​បែបហ្នឹង​ ពី​ព្រោះ​ពួកគេ​មិន​បាន​បង់​ពន្ធ​សហព័ន្ធ​ឬ​ពន្ធ​រដ្ឋ​ឡើយ ដែល​ប្រាក់ពន្ធ​ទាំងនោះ​បាន​ជួយ​ទំនុក​បំរុង​ដល់​ដំណើរការ​នានា​ក្នុង​សាកល​វិទ្យាល័យ​ និង​សកម្មភាព​ការសិក្សា​ស្រាវជ្រាវ»។

ឧទាហរណ៍​ បើ​និស្សិត​មក​ពី​រដ្ឋ​ Massachusetts ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Massachusettsនឹង​ចំណាយ​ប្រាក់​ក្នុងខ្ទង់​តម្លៃ​សិក្សា​ក្នុងរដ្ឋ​ ប៉ុន្តែបើ​និស្សិតរូបនេះ​សិក្សា​នៅតាម​សាកលវិទ្យាល័យ​រដ្ឋ​ក្នុងរដ្ឋ​ California នឹង​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ខ្ទង់តម្លៃ​សិក្សា​ក្រៅ​រដ្ឋ​ ដូច​និស្សិត​បរទេស​ដែរ។ តាមប្រព័ន្ធ​សាកលវិទ្យាល័យ​ California ក្នុងឆ្នាំ​សិក្សា​២០១៦-២០១៧​ ថ្លៃសិក្សា​និងការ​ចំណាយ​ផ្សេងៗ​ សម្រាប់​និស្សិត​នៅក្នុងរដ្ឋ​ គឺប្រមាណ​១៥.៣៩៧ដុល្លារ​ និង​និសិ្សត​មកពីរដ្ឋ​ផ្សេង​គឺប្រមាណ​ ៤៣.៤១១​ដុល្លារ។

ក្នុងរយៈ​ពេល៣០ឆ្នាំ​កន្លង​ទៅ​នេះ តម្លៃ​សិក្សា​បាន​កើន​ឡើង២១៣ភាគរយ​នៅ​តាម​សាលា​រដ្ឋ​ ហើយ​នៅ​តាម​សាលា​ឯកជន​កើន​ឡើង​១៣០ភាគរយ នេះ​បើ​យោង​តាម​លោកស្រី​ Rajika Bhandari ទីប្រឹក្សា​ជាន់ខ្ពស់​ខាង​ផ្នែក​យុទ្ធសាស្រ្ត​ និង​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ ឬ IIE។ ​ការ​ឡើង​ថ្លៃសិក្សា​កើត​ឡើង​ ស្របពេល​ដែលថវិកា​រដ្ឋផ្តល់​ជូន​ដល់​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ធ្លាក់​ចុះវិញ។

ថវិកា​រដ្ឋ​សម្រាប់​ការ​កម្មវិធី​អប់រំ​រយៈពេល២​ និង៤ឆ្នាំ​នៅ​មហាវិទ្យាល័យ​ ទាប​ជាងឆ្នាំ​២០០៨​ដល់​ទៅ​ជិត៩ពាន់​លាន​ដុល្លារ នេះបើតាម​របាយការណ៍​ដែល​មាន​នៅលើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សម្រាប់​ថវិកា​ និងគោល​នយោបាយ​អាទិភាព​(CBPP) ដែល​ជាវិទ្យាស្ថាន​គោល​នយោបាយ​និង​ស្រាវជ្រាវ​ឯករាជ្យ​ក្នុងរដ្ឋធានី​ Washington។

​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ CBPP នេះ​បាន​សរសេរថា៖«អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​មកនេះ​ចាប់តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​មក ​ថវិកា​ដែល​រដ្ឋាភិបាល​ចំណាយ​លើ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​សាធារណៈ​មាន​កម្រិត​ទាប​ជាង​ពេល​ណាៗ​ទាំង​អស់​ឆ្ងាយ​ បើទោះ​ជាមាន​ការកើនឡើង​នៅ​ពេលថ្មីៗនេះ​ក៏ដោយ​ក្តី»។

យោង​តាមវិទ្យាស្ថាន​អប់រំអន្តរ​ជាតិ​ និស្សិត​អន្តរជាតិ​បាន​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ស.រ.អា.​គិតជា​ទឹកប្រាក់​ប្រមាណ៤២​ពាន់លាន​ដុល្លារក្នុង​ឆ្នាំ​២០១៧-២០១៨​ ទៅលើវិស័យ​អប់រំ​ឧត្តមសិក្សា​ ការស្នាក់នៅ​ ការ​ហូបចុក​ ការ​ទិញ​ដូរ ទូរ​គមនាគមន៍​ មធ្យោបាយ​ធ្វើ​ដំណើរ និង​ការធានា​រ៉ាប់រង​សុខភាព។ និស្សិត​បរទេស​បានផ្តល់​ការងារ​ជាង៤៥៥.០០០​កន្លែង​ក្នុងស.រ.អា.​ គឺមាន​ន័យថា​និស្សិត​បរទេស​៧​រូបបាន​បង្កើត​ការងារ​៣​កន្លែង​ក្នុងស.រ.អា.។

លោកស្រី​ Sandy Baum អ្នកជំនាញ​ខាងហិរញ្ញ​វត្ថុ​ឧត្តម​សិក្សា​នៃ​វិទ្យាស្ថាន​ Urbanដែល​ជាស្ថាប័ន​ស្រាវជ្រាវ​មិន​រកកម្រៃ​បាន​និយាយ​ថា និស្សិត​ជនជាតិ​ ចិន «មិន​បាន​ចំណាយ​ថវិកា​ច្រើន​ជាង​ចំនួន​ដែល​គេ​មាន​បញ្ជាក់​បង្ហាញ​នោះ​ទេ»។

លោក​ស្រី​បាន​បន្ថែមថា៖«និស្សិត​ចិន​មិនបាន​ចំណាយ​ច្រើន​លើស​តម្លៃ​នៃការអប់រំ​ដែល​ពួកគេ​ទទួល​បាននោះ​ទេ។ នៅ​តាមមហា​វិទ្យាល័យ​ឯកជន​ភាគច្រើន​ និស្សិត​ទាំងអស់​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុងនោះ​ក៏មាន​និស្សិត​ចិន​ផង​ដែរ។ គ្រាន់​តែ​និស្សិត​ដែល​បង់​ពេញ​ថ្លៃ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​តិច​ជាង​អ្នក​ដែល​ពឹងផ្អែក​លើ​ជំនួយ​ហិរញ្ញវត្ថុ​របស់​សាលា​ឬ​រដ្ឋាភិបាល‍»។

ទោះ​ជាយ៉ាង​ណាក៏ដោយ​ មាន​គេរាយការណ៍​ថា និស្សិត​ចិន​មួយ​ចំនួន​ក៏ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ពីមហាវិទ្យា​ស.រ.អា.​ដែរ។ និស្សិត​ឈ្មោះ Alex Kong ដែល​កំពុងសិក្សា​ឆ្នាំទី៤​នៃមុខជំនាញ​សារ​ព័ត៌​មាន​នៃសាកលវិទ្យាល័យ​ Missouri ក្រុងColumbia បាន​និយាយ​ថា​ គាត់បាន​ទទួល​ទឹកប្រាក់​៧៦០០ ដុល្លារ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​ទៅនេះ​ ដែល​ទឹកប្រាក់​នោះរាប់​បញ្ជូល​ទាំង​ប្រាក់អាហា​រូបករណ៍​និង​ជំនួយ​ហិរញ្ញវត្ថុ។

និស្សិត​រូប​នេះ​ បាន​បន្ថែមថា៖«ប្រាក់​ទាំង​នោះ​ជាការ​លើកទឹក​ចិត្ត​ដល់​ខ្ញុំ។ វា​ជំរុញ​ឲ្យ​ខ្ញុំ ធ្វើការ​លះបង់​ពេលវេលា​បន្ថែមទៀត​សម្រាប់ការ​សិក្សារៀន​សូត្រ។ ខ្ញុំ​បានដាក់​ពាក្យ​ស្នើ​សុំជំនួយ​ហិរញ្ញ​វត្ថុ​ និង​អាហារូបករណ៍​ដើម្បី​ជួយសម្រាល​បន្ទុក​គ្រួសារ​ខ្ញុំ។ វាក៏​ជា​ជំហាន​ដំបូង​សម្រាប់​ខ្ញុំ​ ដើម្បី​អាច​ទទួល​បាន​ឯករាជ្យ​ភាពខាង​ហិរញ្ញវត្ថុ»។

លោក​ Kong បាន​ស្រាវជ្រាវ​ព័ត៌មាន​តាមរយៈ​គេហទំព័រ Google ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មហា​វិទ្យាល័យ​របស់​លោក​និង​បាន​បំពេញ​ឯកសារ​តាម​លំដាប់​លំដោយ​នៃ​ពាក្យសុំ​ទាំង​នោះ។ លោក​ Kong បាន​បន្ថែមថា៖«ទោះជា​យ៉ាងនេះក្តី​ មិត្តភក្តិ​របស់​លោក​ភាគ​ច្រើន ដូច​ជា​មិន​បាន​ដឹង​អំពី​ព័ត៌មាន​ស្តី​ពី​ជំនួយ​ហិរញ្ញវត្ថុ​ និង​អាហារូបករណ៍​នេះទេ។ ប្រសិន​បើខ្លួន​យើង​ផ្ទាល់មិន​ស្វែង​រកព័ត៌មាន​ គ្មាន​នរណា​ប្រាប់យើង​ឡើយ»។

ក្រុម​និស្សិត​ចិន​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​តែ​ប្រឹងប្រែង​រកប្រាក់​ដែលបាន​ចំណាយ​លើការ​សិក្សា​មកវិញ​តាមរយៈ​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់​ ក្រោយ​បញ្ចប់​ការសិក្សា។

កញ្ញា Linda Zhou ជា​និស្សិត​ជនជាតិចិន​ឆ្នាំទី៤​នៃសាកលវិទ្យាល័យ​ Vanderbilt ក្នុងរដ្ឋ​ Tennessee បាន​និយាយ​ថា៖«ខ្ញុំ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្តនិង​មាន​សម្ពាធ​តិច​ជាង​នេះ ប្រសិន​បើឪពុកម្តាយ​ខ្ញុំមិន​បានចំណាយ​ថវិកា​ទាំងស្រុង​លើ​ថ្លៃការ​សិក្សា​របស់​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខុស​ដែល​ខ្ញុំ​ឲ្យ​ពួក​គាត់​បង់​ថ្លៃ​សិក្សា​ឲ្យ​ខ្ញុំ។ ការ​ចំណាយ​លើ​ថ្លៃ​សិក្សា​ ប្រៀប​ដូច​ជា ការ​វិនិយោគ​របស់​ឪពុកម្តាយ​ខ្ញុំសម្រាប់​រូបខ្ញុំ​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​មាន​តម្លៃ​ និង​មានប្រយោជន៍​មកវិញ។ ខ្ញុំ​នឹង​មាន​អារម្មណ៍​តូច​ចិត្ត​ ប្រសិន​បើខ្ញុំ​ធ្វើមិន​បាន។ វា​សំខាន់​ណាស់»។

កញ្ញា Zhou និយាយថា​ នាង​ជ្រើសរើស​មហាវិទ្យាល័យ​ដោយ​ផ្តល់​អាទិភាព​លើ​លំដាប់​លេខរៀង​នៃ​មហាវិទ្យាល័យ​នោះ ជាងផ្តោត​ទៅ​លើ​ជំនួយ​ហិរញ្ញវត្ថុ​តាម​មហាវិទ្យាល័យ​នោះ។

កញ្ញា​បាន​បន្ថែមថា៖«ពេល​ដែល​ខ្ញុំដាក់​ពាក្យ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ស.រ.អា.​ ខ្ញុំ​មិន​បាន​ ដឹង​ព័ត៌មាន​ច្រើន​អំពី​ជំនួយ​ហិរញ្ញវត្ថុ​ និង​អាហារូបករណ៍​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​ជ្រើស​រើស​ម្តង​ទៀត​ ខ្ញុំ​នឹងដាក់​ពាក្យ​ស្នើសុំ​ជំនួយ​ហិរញ្ញ​វត្ថុ និង​អាហារូបករណ៍​ និង​ចូលរៀន​នៅមហាវិទ្យាល័យ​ ដែល​ផ្តល់​ថវិកា​ដល់​ខ្ញុំ​ បើ​ទោះ​ជា​មហាវិទ្យាល័យ​នោះ​ជាប់​លំដាប់​លេខទាប​ជាង​ក៏ដោយ​ក្តី»៕

ប្រែសម្រួលដោយ កោះ សុគន្ធី

XS
SM
MD
LG