ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ប្រជាជន​ក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ ២០០៣ មក


រូបឯកសារ៖ ទិដ្ឋភាព​នៃ​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ប៉េកាំង​មើល​ពី​ឧទ្យាន Temple of Heaven កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ប៉េកាំង​មើល​ពី​ឧទ្យាន Temple of Heaven កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ថា​ចំនួន​ប្រជាជន​នៅ​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ដែល​ស្រប​ជាមួយ​នឹង​ទំនោរ​ទូទៅ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​របស់​ប្រទេស​ចិន ដែល​ករណី​នេះ​នាំ​ឱ្យ​មាន​ក្ដី​កង្វល់​អំពី​ទស្សនៈ​វិស័យ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

ស្ថិតិ​ផ្លូវការ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ទី ២១ ខែ​មីនា​បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​ក្រុង​ប៉េកាំង​បាន​ថយចុះ ៤៣.០០០ នាក់​មក​នៅ​ត្រឹម ២១ លាន ៨ សែន ៤ ម៉ឺន​នាក់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២២។

ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​បំផុត​គឺ​ថា​អត្រា​មនុស្ស​ស្លាប់​ក្នុង​រដ្ឋធានី​ប៉េកាំង​មាន​ច្រើន​ជាង​អត្រា​កំណើត។ អត្រា​មនុស្ស​ស្លាប់​ក្នុង​ក្រុង​ប៉េកាំង ដែល​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ជាងគេ​របស់​ប្រទេស​ចិន បាន​កើន​ដល់ ៥,៧២ ក្នុង​ចំណោម​មនុស្ស ១.០០០ នាក់ ចំណែក​ឯ​អត្រា​កំណើត​បាន​ធ្លាក់ចុះ​ដល់ ៥,៦៧ ក្នុង​ចំណោម​មនុស្ស ១.០០០ នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋបាល​រដ្ឋធានី​ប៉េកាំង។

បើ​យោង​តាម​ការ​ចេញ​ផ្សាយ​មួយ​នៅ​លើ​វេបសាយ​របស់​រដ្ឋបាល​រដ្ឋធានី​ប៉េកាំង «កំណើន [ប្រជាជន] តាម​ធម្មជាតិ​មាន​អត្រា -០,០៥ [ក្នុង​ចំណោម​មនុស្ស ១.០០០ នាក់]។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ចំនួន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ​តាំងពី​ឆ្នាំ ២០០៣ មក។

អត្រា​កំណើត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​ឯទៀតៗ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​រៀបចំ​ឡើង​ជា​តារាង​ដោយ​ផ្អែក​លើ​ចំនួន​ពលរដ្ឋ​អចិន្ត្រៃយ៍​នៅ​ក្នុង​ទីក្រុង​ទាំង​នោះ ដោយ​មិន​គិត​អំពី​ចំនួន​ជន​ចំណាក​ស្រុក។

លោក Li Shaomin សាស្ត្រាចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Old Dominion University នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​និង​ការ​មាន​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​ច្រើន «នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ប្រទេស​ចិន»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​កត់​សម្គាល់​ថា លំនាំ​នៃ​ការ​បង្ក​កំណើត​និង​ការ​ស្លាប់​គឺ​មាន​ជា​បណ្ដើរៗ​ហើយ​អាច​ទស្សន៍​ទាយ​ជា​មុន​បាន ហើយ​រដ្ឋាភិបាល​គួរ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​កែប្រែ​គោល​នយោបាយ​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​និង​ការ​មាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន។

លោក​បាន​និយាយ​ថា៖ «ដូច្នេះ ឧបសគ្គ​ពិត​ប្រាកដ​គឺ​ថា​តើ​គណបក្ស​កុម្មុយនិស្ត​ចិន​ផ្តល់​អាទិភាព​និង​ចែកចាយ​ធនធាន​បែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

រូបឯកសារ៖ គ្រួសារ​ដែលមានកូនតូចៗថតរូបនៅទីក្រុងប៉េកាំង នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ គ្រួសារ​ដែលមានកូនតូចៗថតរូបនៅទីក្រុងប៉េកាំង នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​គឺ​ស្រប​តាម​លំនាំ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ចិន។ កាលពី​ខែ​មករា ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​ចូល​ក្នុង «សម័យ​កំណើន​ប្រជាជន​អវិជ្ជមាន» បន្ទាប់ពី​តួលេខ​បាន​បង្ហាញ​នូវ​ការ​ធ្លាក់ចុះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ចំនួន​ប្រជាជន​ជា​លើក​ដំបូង​បង្អស់​ក្នុង​ពេល ៦ ទសវត្សរ៍​កន្លង​មក​នេះ គឺ​តាំងពី​សម័យ​មហា​ទុរ្ភិក្ស​ក្នុង​ប្រទេស​ចិន​ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៦១ មក។ ចំនួន​ប្រជាជន​ចិន​បាន​ថយចុះ​ប្រមាណ ៨៥០.០០០ នាក់​មក​នៅ​ត្រឹម ១,៤១២ ពាន់​លាន​នាក់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២២។

អ្នក​ជំនាញ​ផ្នែក​ប្រជាសាស្ត្រ​បាន​ថ្លែង​ថា ករណី​នេះ​កំណត់​អំពី​ការ​ចាប់ផ្តើម​នូវ​អ្វី​ដែល​គេ​ព្យាករណ៍​ថា​ជា​រយៈពេល​យូរ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន។ ពួកគេ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​ធ្លាក់ចុះ​នេះ​បាន​ចាប់ផ្តើម​ក្នុង​ពេល​ជិត​មួយ​ទសវត្សរ៍​មុន​ពេល​កំណត់​ដែល​អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ទុក។ កាលពី​ឆ្នាំ ២០១៩ អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា​ចំនួន​ប្រជាជន​ចិន​នឹង​កើន​ពី​ឆ្នាំ ២០៣១ ដល់​ឆ្នាំ ២០៣២។

អត្រា​កំណើន​ប្រជាជន​នៃ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ភាគច្រើន​ដោយសារ​គោល​នយោបាយ «កូន​តែ​មួយ» របស់​ប្រទេស​នេះ​ដែល​មាន​រយៈពេល ៣៥ ឆ្នាំ។ តាំងពី​ទសវត្សរ៍ ១៩៩០ មក អត្រា​បង្ក​កំណើត ដែល​នោះ​គឺ​ចំនួន​ជា​មធ្យម​នៃ​ទារក​ដែល​កើត​ពី​ស្ត្រី​ម្នាក់​ក្នុង​មួយ​ជីវិត​របស់​ស្ត្រី​នោះ បាន​ធ្លាក់​ចុះ​ដល់​ក្រោម​កម្រិត​អត្រា​បង្ក​កំណើត​សរុប​ចំនួន ២,១ ក្នុង​ចំណោម​ស្ត្រី​ម្នាក់។ អត្រា​បង្ក​កំណើត​សុរប​នេះ​គឺ​ជា​អត្រា​ដែល​ប្រជាជន​មាន​ចំនួន​ស្មើ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដោយ​មិន​គិត​អំពី​ការ​ចំណាក​ស្រុក។

តួលេខ​គឺ ១,៣០ នៅ​ក្នុង​ឆ្នាំ ២០២០ ហើយ​វា​បាន​ធ្លាក់ចុះ​មក​នៅ​ចំនួន ១,១៥ នៅ​ក្នុង​ឆ្នាំ ២០២១។

អ្នក​ជំនាញ​ជនជាតិ​ចិន​ផ្នែក​ប្រជាសាស្ត្រ​បាន​ធ្វើ​យុទ្ធនាការ​ជាង​មួយ​ទសវត្សរ៍​ដើម្បី​ឱ្យ​មាន​ការ​លុប​ចោល​នូវ​គោល​នយោបាយ​កូន​តែ​មួយ មុន​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ចប់​គោល​នយោបាយ​នេះ​កាលពី​ឆ្នាំ ២០១៥។ ដោយ​មាន​ក្ដី​បារម្ភ​អំពី​ប្រជាជន​ដែល​មាន​វ័យ​កាន់តែ​ចាស់​និង​ការ​ចុះថយ​ចំនួន​អ្នក​ធ្វើ​ការ រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឱ្យ​គូ​ស្វាមី​ភរិយា​មាន​កូន​ពីរ​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៥ ហើយ​បាន​បន្ធូរ​កម្រិត​នេះ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០២១ ដោយ​អនុញ្ញាត​ឱ្យ​មាន​កូន​បី​នាក់​បាន។

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កំណើន​ការ​ចំណាយ​នៃ​ការ​ចិញ្ចឹម​កូន​និង​កង្វះ​ជំនួយ​ខាង​សុខុមាលភាព​សង្គម​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មាន​អត្រា​បង្ក​កំណើត​ទាប​នៅ​ក្នុង​ប្រទេស​ចិន។

កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ចង់​ឱ្យ​មាន​ការ​បង្កើន​អត្រា​កំណើត​យ៉ាង​ខ្លាំង រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ផ្តល់​ការ​លើក​ទឹកចិត្ត​នានា​ដូចជា​ការ​បន្ធូរ​ពន្ធដារ ការ​ផ្តល់​ប្រាក់​ជំនួយ​មួយ​ចំណែក​សម្រាប់​ការ​ថែទាំ​កូន ការ​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ឈប់​សម្រាក​យូរ​ជាង​មុន​នៅ​ពេល​កើត​កូន និង​ការ​មិន​លើកទឹក​ចិត្ត​ឱ្យ​មាន​ការ​រំលូត​កូន​ជាដើម ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​នោះ​ទេ។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា​វិធី​ល្អ​បំផុត​ដែល​អាជ្ញាធរ​ចិន​អាច​ធ្វើ​បាន​គឺ​ពន្យឺត​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ប្រជាជន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG