អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់និងអ្នកកាសែតម្នាក់របស់ VOA ភាសាចិន ត្រូវបានប៉ូលិសចិនឃុំខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលពួកគេព្យាយាមសម្ភាសន៍សាស្ត្រាចារ្យចិនដែលចូលនិវត្តន៍ម្នាក់ ដែលលោកសាស្ត្រាចារ្យរូបនោះត្រូវបានអាជ្ញាធរនាំខ្លួនទៅបាត់ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដោយផ្ទាល់តាមទូរទស្សន៍មួយជាមួយនឹង VOA កាលពីជិត២សប្តាហ៍មុន។
លោក Yibing Feng អ្នកឆ្លើយឆ្លងព័ត៌មាន VOA និងលោក Allen Ai ដែលជាមន្ត្រីជាប់កិច្ចសន្យារបស់ VOA ត្រូវបានឃុំខ្លួនក្នុងក្រុង Jinan ខេត្ត Shandong បន្ទាប់ពីពួកគេទាំងពីរនាក់បាននិយាយទៅកាន់លោកសាស្ត្រាចារ្យ Sun Wenguang វ័យ៨៤ឆ្នាំ នៅក្នុងបន្ទប់ជួលរបស់លោកដោយសម្ងាត់។ លោក Sun បានប្រាប់លោក Feng លម្អិតអំពីការឃុំខ្លួនលោក និងបានថ្លែងអំណរគុណ VOA ចំពោះការអនុញ្ញាតឲ្យលោកបញ្ចេញមតិដោយសេរីតាមរលកធាតុអាកាស។
អាជ្ញាធរនៅតាមផ្លូវក្នុងអគារផ្ទះជួលនោះបានព្យាយាមបញ្ឈប់ការសម្ភាសន៍នោះជាច្រើនលើកច្រើនសារ និងបានបញ្ជាឲ្យលោក Feng និងជំនួយការជាជនជាតិចិនរបស់លោកចាកចេញពីអគារនោះ។ ក្រោយមកអ្នកកាសែតទាំងពីរនាក់នោះត្រូវបានប៉ូលិសចាប់ខ្លួននៅច្រកចេញនៃអគារផ្ទះជួលនោះ។ គេជឿថា ពួកគេទាំងពីរកំពុងស្ថិតក្នុងការឃុំឃាំងនៅឡើយ។
អ្នកស្រី Amanda Bennett នាយិកា VOA បានថ្លែងថា «វាពិតជាសាហាវយង់ឃ្នងណាស់ដែលអ្នកកាសែតពីរនាក់ត្រូវបានឃុំខ្លួនចំពោះការណ៍ដែលពួកគេធ្វើការងាររបស់ខ្លួនសោះ»។ អ្នកស្រីបានអំពាវនាវឲ្យអាជ្ញាធរចិនដោះលែងពួកគេជាបន្ទាន់៕