ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បន្ត​ពង្រឹង​អំណាច និង​គិតគូរ​ពី​អ្នក​បន្ត​វេន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) ស្វាគមអ្នកភូមិ គ្រាដែលលោក​ទៅដល់​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ជាផ្លូវការ​នូវ​ផ្លូវ​មួយ ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន នៅក្នុងភូមិ​ក្តីតាកុយ ជាយរាជធានីភ្នំពេញ​នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨។ (AP)

លោក ហ៊ុន សែន​ នឹង​មាន​អាយុ​៦៦ឆ្នាំ​ នៅ​ខែសីហា​ខាងមុខ​នេះ។ លោក​បាន​កាន់​អំណាច​យូរ​ជាង​មេដឹកនាំ​ដទៃ​ទៀត​ក្នុង​តំបន់។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​កាន់អំណាច​ជាង​៣៣ឆ្នាំ​ហើយ។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ក៏ទំនង​ជា​នឹង​ឈ្នះ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩​ខែ​កក្កដា​ខាងមុខនេះ​ដោយ​សារ​តែ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ប្រជែង​ដ៏​ធំ។ បើសិនជា​ជាប់​ឆ្នោត​មែន​លោក​ហ៊ុន សែន​នឹង​អាច​ពង្រីក​ការកាន់​អំណាច​របស់​លោក​បន្ថែម៥ឆ្នាំទៀត។​

លោក ​ហ៊ុន សែន ​បាន​សារភាព​ប្រាប់​ផលិតករ​ភាពយន្ត​បស្ចិម​ប្រទេស​នៅក្នុង​បទសម្ភាស​មួយ​កាលពី​ឆ្នាំ​២០១៥​នៅ​ទីក្រុង​ញ៉ីវយ៉កថា​ នេះ​មិន​មែន​ជា​ក្តី​សុបិន​ដែល​លោក​ធ្លាប់​មាន​ទេ៖

«ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​ធ្វើជា​អ្នកនយោបាយ​ មិន​ដែល​ស្រមៃ​នឹក​ឃើញ​កៅអី​នាយក​រដ្ឋមន្ត្រី​ឬ​រដ្ឋ​មន្ត្រី​នោះ​ទេ។ ប៉ុន្តែ​សភាព​ការណ៍​វា​បាន​រុញច្រាន​យើង​មក​ដល់​ដំណាក់កាល​នេះ។ ឥឡូវ​ដកថយ​វា​លំបាក​ណាស់‍»។

លោកហ៊ុនសែន​នឹង​មាន​អាយុ​៦៦ឆ្នាំ​នៅ​ខែសីហា​ខាងមុខ​នេះ។ លោក​បាន​កាន់​អំណាច​យូរ​ជាង​មេដឹកនាំ​ដទៃ​ទៀត​ក្នុង​តំបន់។

រូបឯកសារ៖ លោក Robert H. Lieberman គឺជា​អ្នក​ដឹកនាំ និង​ជាផលិតករ​នៃ​ខ្សែភាពយន្តឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។ (រូបថតដោយ Cornell University)

នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​លោករ៉ូប៊ឺត លីប៊ឺមែន (​Robert H. Lieberman) ផលិតករ​ភាពយន្ត​ឯកសារ​ «អង្គរភ្ញាក់ឡើង៖ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា‍»“Angkor Awakens”​លោកហ៊ុនសែនបាន​បញ្ជាក់​ថា​លោក​ធ្លាប់​គិត​គូ​ពី​អ្នកដែល​ត្រូវ​បន្ត​តំណែង​ពីលោក​បើទោះ​បី​ជាលោក​មិន​បាន​បង្ហាញ​ពិតប្រាកដ​ថា​លោក​ចង់​ឱ្យ​អ្នកណា​បន្ត​វេន​ក៏ដោយ។

«បញ្ហា​ដែល​ត្រូវ​គិត​នោះ​តើ​អ្វីទៅ​ជាដំណាក់កាលក្រោយ​ហ៊ុនសែន​? នេះ​ជា​បញ្ហា​ដែល​កំពុងតែ​ស្ថិតនៅ​ជា​ចម្ងល់​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​និង​ក្នុង​ចំណោម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ក៏ស្ថិតនៅក្នុង​ការគិត​របស់ខ្ញុំ​ផងដែរ​។ ក្រោយ​ហ៊ុនសែន​ជា​អ្នកណា? ក្រោយ​ហ៊ុនសែន​ជាអ្វី?‍»។

ការប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក​ហ៊ុនសែន​បាន​ឡើង​ដល់ចំណុច​កំពូលនៅ​ក្នុង​ការបោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣។ នៅពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អាសនៈចំនួន​២២​ដោយធ្លាក់​ពី​អាសនៈ​ចំនួន​៩០​ហើយ​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែងដែល​នាំ​ឱ្យ​ជាប់​គាំងនយោបាយ​ជិត​មួយឆ្នាំ។ ប៉ុន្តែ​លោក​ពុំព្រម​ចុះចេញ​តាម​ការទាមទារ​របស់​ពួកគេ​ទេ។​

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា៖

«ធម្មតា​ប្រជាធិបតេយ្យ​គេ​ចង់​ឱ្យ​យើង​ចុះ​ក៏ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ប្រាប់​ទៅគេ​ថា​ខ្ញុំ​ឡើង​តាម​រដ្ឋ​ធម្មនុញ្ញ​ខ្ញុំ​ចុះ​ទៅ​វិញ​ទៅតាម​រដ្ឋ​ធម្មនុញ្ញ​ដែរ។ អីចឹង​ទេ​សភាពការណ៍​វាតែ​ប៉ុណ្ណឹង​។ បើ​អ្នក​ឯង​ទៅហួស​សភាពការណ៍​គឺ​វា​នឹង​ជួបប្រទះ​ពីស្អី​គេ​អាច​យល់ហើយ‍»។​

លោក​ ហ៊ុន សែន​ ក៏បាន​ព្រមាន​មិន​ឱ្យ​ប្រៀបធៀប​លោក​ទៅនឹង​មេដឹកនាំ​ផ្តាច់ការ​ Muammar Gaddafi, Ben Ali, Hosni Mubarak​ និង​ Saddam Hussein​ដែល​ត្រូវបាន​ផ្តួលរំលំ​ដោយ​បដិវត្តន៍​ពណ៌។

រូបឯកសារ៖ ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភា បន្ទាប់ពី​កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

បេក្ខជន​ដែល​អាច​ស្នង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​គឺ​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើតាម​រចនា​សម្ព័ន្ធ​គណបក្ស​។ ប៉ុន្តែ​លោក​ខៀវ សុភ័គ​អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ​និង​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​សខេង​បាន​បញ្ជាក់​ថា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​មិន​ហ៊ាន​ប្រជែង​នឹង​ប្រធាន​របស់​គាត់​ទេ។

«យើង​អាច​និយាយ​បាន​ថា​សម្តេច​ក្រឡាហោម​សខេង​លោក​បាន​បម្រើ​គណបក្ស​និង​បម្រើ​ជាតិ​របស់​លោក​អស់​ពីចិត្ត​ពីថ្លើម​។ ជាពិសេស​លោក​ស្មោះត្រង់​នឹង​សម្តេច​នាយក​ណាស់។ លោក​មាន​ការងារ​អ្វី​លោកតែ​ងសុំ​យោបល់​សម្តេច​តេជោ​សូម្បី​យោបល់​ដឹកនាំ​លោក​សុំ​ជាបណ្តើរៗ​។ ចំពោះការចោទ​ប្រកាន់​ថា​មាន​ក្រុម​ប្រកាន់តឹង​ប្រកាន់រឹង​នេះ​មានតាំងពីឆ្នាំ​១៩៧៩ម្ល៉េះ​ហើយនេះ​គ្រាន់តែ​ជាពាក្យ​គេ​លើកឡើង​គេ​ចោទប្រកាន់ទេ។ តាមពិត​វាគ្មានអី​ទេ​នៅក្នុងជួរបក្ស​ប្រជាជន​‍»។ ​

លោក ​ហ៊ុន សែន ​បាន​ឡើង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ខែ​មិថុនា​ឆ្នាំ​២០១៥​បន្ទាប់​ពី​លោក​ជាស៊ីម​បាន​ទទួល​មរណភាព។ ចាប់តាំងពីពេល​នោះ​មក​លោក​បាន​ពង្រីក​ឥទ្ធិពល​ក្នុង​បក្ស​ដោយ​បន្ថែម​សមាជិក​ថ្មី​ស្មោះត្រង់​នឹង​លោក​ចូលក្នុង​គណៈកម្មាធិការ​កណ្តាល។ ក្នុងចំណោមនោះ​មាន​កូនប្រុស​ទាំង​បីនាក់​គឺ​លោក​ហ៊ុន ម៉ាណែត ​ហ៊ុន ម៉ានិត ​និង​ ហ៊ុន ម៉ានី។ កូនប្រសារ​របស់​លោក ​គឺ​លោក ឌី វិជ្ជា ​ក្មួយ​ប្រសារ​គឺលោក​ នេត សាវឿន ​និង​លោក​ ហ៊ីង ប៊ុនហៀង ​មេអង្គរក្ស​ជំនិតក៏ត្រូវបាន​បញ្ជូល​ក្នុង​នោះ​ដែរ។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)​

លោក ​សេបា​សៀន ស្ត្រេងជីអូ (Sebastian Strangio) អ្នកនិពន្ធ​សៀវភៅ​«ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុនសែន‍»​ បាន​បញ្ជាក់​ថា៖

«គ្មាន​ពេលណា​ដែល​អំណាច​របស់​លោក​ហ៊ុនសែន​ខ្លាំង​ជាងពេល​នេះទេ។ លោក​គឺជា​ប្រធាន​គណបក្ស។ លោក​គឺជា​ប្រមុខ​រដ្ឋាភិបាល​។ មិនមាន​អ្នក​ដែល​ហ៊ាន​ប្រជែង​នឹង​ការគ្រប់គ្រង​របស់​គាត់​ទេនៅក្នុង​គណបក្ស‍»។​

លោក​ស្ត្រេងជីអូ​បាន​បន្ថែម​ថា​លោក​ហ៊ុនសែន​ចាប់ផ្តើម​រៀបចំ​ផែនការ​រកអ្នក​ស្នង​តំណែង​កាន់តែ​ឆាប់​កាន់តែល្អ​ដើម្បី​ជៀសវាង​លទ្ធផល​ដែល​មិន​អាច​ស្មានទុក​បាន។

លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​នេះ​គឺជាអ្វី​ដែល​លោក​ហ៊ុនសែន​ចាំបាច់​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ផ្ទេរ​អំណាច​នៅ​ពេល​ឥឡូវ​នេះ​ពីព្រោះ​ប្រសិន​បើ​គាត់​រង់ចាំ​រហូតដល់​គាត់​ឈឺខ្លាំង​និង​ចាស់​ខ្លាំង​គឺ​ដល់ពេល​ដែល​មាន​អ្នក​ចេញមក​ប្រជែង​នឹង​គាត់​ហើយ‍»។​

មន្ត្រី​គណបក្ស​បាន​ទទួលស្គាល់ថា​ពួកគេ​កំពុងតែ​រៀបចំ​ថ្នាក់ដឹកនាំ​ជំនាន់ថ្មី​ប៉ុន្តែ​កិច្ចការនេះ​ត្រូវ​ធ្វើ​ជា​ជំហានៗ។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​តាម​រយៈការបញ្ចូល​សមាជិក​ក្មេងៗ​ទៅក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់វីអូអេថា៖​

«វាជា​ការត្រៀម​លក្ខណៈ​ទុកជាមុន​ពីព្រោះ​ការកសាង​មនុស្ស​មិនមែន​ដូច​ដាំដើមឈើ​បួន​ប្រាំ​ឆ្នាំអាច​ប្រើប្រាស់​បានទេ​។ វាទាមទារ​ផ្នែក​បណ្តុះបណ្តាល​ចំណេះវិជ្ជា​ទូទៅ​ បច្ចេកទេស​ទំនើប​ឱ្យ​ស្រប​តាមកាល​សម័យ​ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​បំពាក់​បំប៉ន​នូវសតិ​អារម្មណ៍​នយោបាយគោល​ជំហរ​ឱ្យ​ច្បាស់​លាស់​ហើយ​គោល​ជំហរ​ច្បាស់​លាស់​នេះ​គឺ​ឧត្តម​គតិ​ស្នេហាជាតិ​និង​ស្រឡាញ់​ប្រជាជន​ខ្លួនឯង‍»។​

រូបឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក និយាយ​ជាមួយ VOA អំពី​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ច័ន្ទ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (ទែន សុខស្រីនិត/VOA)

លោក ​ជុំ​ ប៊ុនរ៉ុង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ក៏បាន​យល់​ស្រប​ថា​សមាជិក​ចាស់ៗ​នៅក្នុង​គណបក្ស​ត្រៀមខ្លួន​ប្រគល់អំណាច​និង​ការ​ទទួល​ខុសត្រូវ​ទៅ​ឱ្យ​អ្នក​ជំនាន់​ក្រោយដែរ។

«ចាស់ៗ​ត្រៀម​ខ្លួន​ជូន​ការងារ​នេះ​ទៅ​យុវជន​ហើយ​នៅក្នុង​នយោបាយ​របស់​បក្ស។ យើង​ក៏សំឡឹង​ឃើញ​ដែរ​ថា​យុវចាស់​មាន​ចំនួន​តែ​៣០​ភាគរយ​ទេ​ម្ល៉ោះ​ហើយ​យើង​ត្រូវ​តែ​ត្រៀម​ថា​យុវជន​គាត់​ត្រូវ​តែ​មក​កាន់តំណែង​ដោយ​ត្រូវ​ដក​ពិសោធន៍​ពី​ការងារ​ល្អ​របស់​អ្នកកាន់អំណាច​យូរ​ចាស់ៗ​ហើយ​ចំណុច​ណា​ល្អ​គាត់​ទទួល​យក​ចំណុច​ណា​អាក្រក់​គាត់​រៀនសូត្រ​ដោះស្រាយ​តាម​ជាក់​ស្តែង‍»។

មន្ត្រី​វ័យក្មេង​មួយ​ចំនួន​របស់​គណបក្ស​ត្រូវ​បាន​ប្រគល់​តំណែង​នៅថ្នាក់ខេត្ត​និង​ស្រុក​និង​ថ្នាក់​អនុរដ្ឋលេខាធិការ​ជាដើម។​ នេះ​បើតាមការបញ្ជាក់​របស់​លោក​សួស យ៉ារ៉ា ​សមាជិក​សភា​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជាអ្នកនាំពាក្យ។​

«យុវជន​ទាំងអស់​នេះ ​កំពុងតែ​រៀនសូត្រ​ហើយ​កំពុងតែ​មើល​គំរូ​អ្វី​ដែល​ជា​ថ្នាក់ដឹកនាំ​ណា​ល្អ​ហើយ​នឹង​អ្វី​ដែល​គាត់​កសាង​ដោយ​ខ្លួនឯង​ផង​។ អីចឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្តេច​តេជោសែន​គាត់​ដឹកនាំ​គឺ​បាន​មើលឃើញ​នូវ​ការ​រៀបចំ​ជំនាន់​នីមួយៗ​ប្រកបដោយ​សុទ្ទិដ្ឋិនិយម​សម្រាប់​អនាគត​របស់​យើង‍»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រគល់​តំណែង​និង​កិច្ចការ​ឱ្យ​កូនប្រុសស្រី​របស់លោកកាន់​កាប់​ជាច្រើននៅ​ផ្នែកយោធា​ សភាជាតិ​និង​របរជំនួញ​ជាច្រើន​ក្នុងនោះ​ជាម្ចាស់កម្មសិទ្ធិ​សារព័ត៌មាន​ជាច្រើន​ផងដែរ។

លោក​ សេបាសៀន ស្ត្រេងជីអូ​ បាន​បន្ថែម​ថា៖

«ដូច្នេះ ​ខ្ញុំ​គិត​ថា​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​ត្រៀម​ផែនការ​ស្នងតំណែង​តពូជ​មួយ។ ជាការពិត​ណាស់​ថា​គាត់​ចង់​ផ្ទេរ​តំណែង​ឱ្យ​ទៅកូនប្រុស​ណាម្នាក់​។ បញ្ហា​សំខាន់នៅត្រង់ថា​តើ​កូនគាត់​អាច​នឹង​កាន់តំណែង​នេះ​បន្តពី​ឪពុក​បាន​ឬទេ? តើ​ពួកគេ​បាន​ត្រៀមខ្លួន​ទាន់ពេល​ទេ? តើ​ពួកគេ​មាន​ជំនាញ​នយោបាយ​គ្រប់គ្រាន់ទេ? ហើយ​សំណួរ​បន្ទាប់គឺ​ថា​តើ​មន្ត្រីក្នុង​បក្ស​ព្រម​ទទួល​យក​ការសម្រេច​ចិត្ត​របស់​គាត់​ឬទេ?‍»។

លោក​សុខ ឥសាន​បាន​បញ្ជាក់​ថា​ គឺ​គណបក្ស​មាន​សំឡេង​ច្រើន​ជាង​ក្នុង​ការសម្រេច​ជ្រើសរើស​អ្នកស្នង​តំណែង៖

«ការដែល​តែង​តាំង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មិនមែន​លើ​បុគ្គល​ម្នាក់​ឬ​ពីរនាក់​ទេ​ វាអាស្រ័យ​ទៅ​លើ​សន្និបាតគណបក្ស​ជាអ្នកសម្រេច‍»។​

លោក​ឯកអគ្គរាជទូត ​ជុំ ប៊ុនរ៉ុង​ យល់​ស្រប។​

«អ្វីៗ​មិនមែន​ចាត់តាំង​ដោយ​បុគ្គល​ឯណា​។ វាជ្រើសរើស​ដោយ​ជា​សម្ងាត់​ក្តី​ជាចំហរ​ក្តី​ធ្វើ​ម៉េច​ដាក់​ទៅ​ឱ្យ​មាន​ការទទួល​យក​បាន​ទាំងអស់គ្នា​។ អីចឹង​បាន​ន័យ​ថា​គណបក្ស​បាន​គិត​គូច្រើន​ណាស់​រៀបចំ​ហ្នឹង​។ អីចឹង​មិនមែន​បានន័យ​ថា​អ្នកនេះ​ត្រូវ​ធ្វើ​នេះ​អ្នកនោះ​ត្រូវ​ធ្វើ​នោះទេ‍។ វាអាស្រ័យ​លើ​សមត្ថភាព​របស់​គាត់​នីមួយៗ​ដែរ»។​

អ្នកសង្កេតការណ៍​ជឿ​ថា​កងកម្លាំង​យោធា​នឹង​ដើរតួនាទី​សំខាន់ដែរ​ក្នុង​ការធានា​ឱ្យ​មានការផ្ទេរ​អំណាច​ដោយ​សន្តិវិធី។​

រូបឯកសារ៖ លោកស្រី ​Elizabeth Becker​ អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប ​និង​ជា​អ្នក​និពន្ធ​ (រូបកណ្តាល)​ និង​លោក ​John Swain​ (រូបខាងឆ្វេង) អ្នក​កាសែត​ជនជាតិ​អង់គ្លេស​ដ៏​ល្បី​ក្នុង​សម័យ ​លន់ ណុល​ និង​ជាតួអង្គ​សំខាន់​ក្នុងរឿង ​«វាលពិឃាត» ​ឈរ​និយាយ​ជា​មួយ​អ្នក​សារព័ត៌មានមុនពេល​សន្និសីទ​សារ​ព័ត៌មានស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​ នៅ​ខេត្ត​សៀមរាបក្នុង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៧។ ​(នៅ វណ្ណារិន/VOA)​

​លោកស្រី​ អេលីហ្សាបែត ប៊ែកឃឺ អតី​ត​អ្នកសារព័ត៌មាន​និង​ជាអ្នកនិពន្ធសៀវភៅ​«នៅពេល​សង្គ្រាម​បាន​បញ្ចប់‍»​បាន​បញ្ជាក់​ថា៖

«លោកទៀបាញ់​ ដែល​ជាប្រមុខ​យោធា​គឺជា​មនុស្ស​ដ៏​មាន​អំណាចបំផុត​ដែលយើង​ត្រូវ​សំឡឹង​មើល​ផងដែរ។ ទោះបី​គាត់​ជា​មនុស្ស​ត្រូវ​ជំនួស​លោកហ៊ុនសែនឬមិនជំនួស​គឺគាត់​ជា​មនុស្ស​ដ៏សំខាន់​មួយរូប​នៅក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ការផ្ទេរអំណាច‍»។​

ប៉ុន្តែ​នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​ផលិត​ករ​ខ្សែភាព​យន្ត «អង្គរភ្ញាក់ឡើង៖ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា‍»លោក​ហ៊ុនសែន​បាន​ផ្តល់​ជា​សញ្ញា​ថា​គឺ​យុវជន​ជំនាន់ថ្មី​ដែល​លោ​កពេញ​ចិត្ត​នឹង​ផ្តល់​ការ​ងារ​ជូន​ដោយ​លោក​លើកពី​បទពិសោធ​ជោគជ័យ​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​វ័យ​ក្មេង​ជាងគេបង្អស់​ប៉ុន្តែ​អាច​នៅ​កាន់អំណាច​បាន​យូរ​គឺ​ដោយ​សារ​តែ​មានការគាំទ្រ​ពីក្រុម​យុវជន។

«ឥឡូវនេះ​ខ្ញុំ​កំពុងតែ​គិត​ថា​យុវជន​ដែល​បន្ត​បន្ទាប់​ទៅ​គឺជា​អ្នកជំរុញ​ការកែទម្រង់​បន្តពីយើង​ហើយ​គេ​មាន​លទ្ធភាព​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់​ដោយសារ​ពួកគេ​មាន​ឱកាស​ច្រើន​នៅក្នុង​ការរៀនសូត្រ​នៅក្នុង​សម័យ​នៃ​បច្ចេកវិទ្យា​ជឿនលឿន​រាប់ទាំង​បញ្ហា​បច្ចេកវិទ្យា​ខាងព័ត៌មាន​វិទ្យា​នេះ​ផងដែរ‍»។​

កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន គឺ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត​ដែល​ទទួល​បាន​ការ​សិក្សា​ផ្នែក​យោធា​ពីសហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​បេក្ខជន​ស្នង​តំណែង​មុនគេ។ ឆ្នាំ​នេះ​លោក​ហ៊ុនម៉ាណែត​ទើបតែ​មានអាយុ​៤០ឆ្នាំ​ហើយ​ជា​ប្រធានក្រុម​ពង្រឹង​យុវជន​នៅ​ក្រៅ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ​កាលពី​ដើម​ខែ​កក្កដា​នេះ​ជំនួស​លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយមាស​បួន​គន់ គីម​ដែល​ជា​មនុស្ស​ដែល​លោក​ហ៊ុនសែន​ទុកចិត្ត​បំផុត៕

XS
SM
MD
LG