បណ្តាញផ្សាយព័ត៌មានរដ្ឋនៃប្រទេសចិនបានរាយការណ៍ថា អតីតនាយកសន្តិសុខដ៏មានអំណាចលោក Zhou Yonkang ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Zhou បានទទួលកំហុស ហើយនឹងមិនឡើងឧទ្ទរណ៍ទេនៅក្នុងការកាត់ទោសសម្ងាត់មួយ។
បុរសដែលមានអាយុ៧២ឆ្នាំរូបនេះ បានជាប់ចោទកាលពីខែមុន ក្នុងបទប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច និងបញ្ចេញរឿងសម្ងាត់របស់រដ្ឋ ដែលជាការណ៍នាំឲ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត ដែលត្រូវបានកាត់ទោសក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក Zhou ពីមុនជានាយកនៃសាជីវកម្មប្រេងឥន្ទនៈជាតិរបស់ប្រទេសចិន ហើយបានប្រមូលទ្រព្យសម្បត្តិ និងអំណាច ខណៈដែលលោកឡើងបុណ្យសក្តិរហូតដល់ក្លាយជាសមាជិកម្នាក់នៃគណកម្មាធិការនយោបាយជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន ដែលជាអង្គភាពដែលមានអំណាចជាងគេក្នុងប្រទេសចិន។
លោកត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំមុន ហើយត្រូវបានដកហូតតំណែងបក្ស ដែលជាផ្នែកមួយនៃយុទ្ធនាការដ៏ក្លាំងក្លាមួយដើម្បីប្រឆាំងនឹងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping។ មន្ត្រីជាន់ខ្ពស់ផ្សេងទៀតយ៉ាងហោចណាស់ ៥០នាក់ និងមន្ត្រីជាន់ទាបជាច្រើនទៀតត្រូវបានទម្លាក់ចេញពីតំណែង ដោយសារយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនេះ៕