ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ថា នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​គម្រោង​យក​ពន្ធ​គយ​ថ្មី​បន្ថែម​ទៀត​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​របស់​ខ្លួន


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​អាកាស​ថ្នាក់​ជាតិ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​អាកាស​ថ្នាក់​ជាតិ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ចាត់​វិធានការ​សមរម្យ​មួយ​ចំនួន​ដើម្បី​ប្រឆាំង​តបត​វិញ ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​បាន​ស្នើ​ឲ្យ​ការិយាល័យ​អ្នក​តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ធ្វើ​បញ្ជី​ចំនួន​ផលិតផល​មួយ​ចំនួន​ដែល​ត្រូវ​យក​ពន្ធ​គយ​ចំនួន ១០ ភាគរយ ក្នុង​ចំណោម​មុខ​ទំនិញ​ទាំង​អស់​របស់​ចិន​ដែល​មាន​តម្លៃ ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Trump បាន​បញ្ជាក់​ថា វិធានការ​នេះ​គឺ​ជា​ការ​ប្រឆាំង​តបត​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ដាក់​កំហិត​ពន្ធ​គយ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ទឹក​ប្រាក់ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នៃ​ការ​យក​ពន្ធ​គយ​នេះ​គឺ​ស៊ីសង​គ្នា​ជាមួយ​នឹង​ការ​ដាក់​កំហិត​បណ្ដុំ​ពន្ធ​គយ​លើក​ដំបូង​របស់​លោក Trump លើ​ទំនិញ​របស់​ចិន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រិះគន់​វិធានការ​ថ្មី​ចុង​ក្រោយ​របស់​លោក Trump នេះ​ថា​គ្មាន​អ្វី​ក្រៅតែ​ពី «ការ​ដាក់​សម្ពាធ​ជ្រុល និង​ជា​ការ​គំរាម​ដើម្បី​ប្រយោជន៍» តែ​ប៉ុណ្ណោះ ដែល «ងាក​ចេញ​ពី​ការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ» នៅ​ក្នុង​អំឡុង​ពេល​ចរចា​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក។

លោក Trump បាន​និយាយ​ថា លោក​មាន «ទំនាក់ទំនង​ល្អ​ប្រសើរ​បំផុត» ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping «ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង​មិន​ឲ្យ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​កេង​ចំណេញ​ពី​លើ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ត​ទៅ​ទៀត​នោះ​ទេ»៕

XS
SM
MD
LG