ប្រទេសចិនបានព្រមានអំពី «ផលប៉ះពាល់ធំធេង» ដល់ការធ្វើពាណិជ្ជកម្មសាកលប្រសិនបើប្រធានាធិបតីស.រ.អា. Donald Trump ធ្វើតាមផែនការរបស់គាត់ក្នុងការដកពន្ធ២៥ភាគរយលើដែកថែបដឹកជញ្ជូនចូលក្នុងប្រទេសអាមេរិកនិង១០ភាគរយលើផលិតផល Aluminium ត្រូវដឹកជញ្ជូនចូលក្នុងស.រ.អា.។
លោក Wang Hejun ប្រធានការិយាល័យដោះស្រាយនិងស៊ើបអង្កេតបញ្ហាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រថាការដកពន្ធអាករ «នឹងធ្វើឱ្យមានការខូចខាតធ្ងន់ធ្ងរដល់យន្តការពាណិជ្ជកម្មពហុភាគីត្រូវតំណាងដោយអង្គការពាណិជ្ជកម្មពិភពលោកហើយប្រាកដជានឹងមានផលប៉ះទង្គិចខ្លាំងទៅលើរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិធម្មតាផងដែរ»។
មន្ត្រីចិនរូបនេះបាននិយាយបន្ថែមដែរថា «ប្រសិនបើវិធានការចុងក្រោយបង្អស់របស់ស.រ.អា.ធ្វើឱ្យខូចខាតផលប្រយោជន៍ចិន ប្រទេសចិននឹងធ្វើការជាមួយប្រទេសឯទៀតៗដែលមានផលប៉ះពាល់ដោយចាត់វិធានការដើម្បីថែរក្សាសិទ្ធិនិងអត្ថប្រយោជន៍របស់ខ្លួនផ្ទាល់»។
នៅពេលជាមួយគ្នានេះដែរ លោក Justine Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាបានមានប្រសាសន៍ថាផែនការដកពន្ធដាររបស់ Trump ជា «ការមិនអាចទទួលយកបានជាដាច់ខាត»។
លោក Trudeau បានមានប្រសាសន៍កាលពីថ្ងៃសុក្រថាលោកប្រុងប្រៀប «ការពារឧស្សាហកម្មកាណាដា»។ ប្រទេសកាដាណាជាប្រភពបរទេសធំបំផុតនៃសម្ភារៈទាំងពីរនេះសម្រាប់ស.រ.អា.។ លោកព្រមានថាការដកពន្ធដារបែបនេះក៏ធ្វើឱ្យមានផលមិនល្អដល់ពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគនិងវិស័យជំនួញស.រ.អា.ដោយសារមានការឡើងថ្លៃរបស់ទំនិញ៕