ក្រុមហ៊ុនចម្រុះរបស់ចិនឈ្មោះ Wanda Group បានប្រកាសនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនបានទិញកម្មសិទ្ធិក្រុមហ៊ុនផលិតកម្មទូរទស្សន៍របស់អាមេរិកឈ្មោះ Dick Clark Productions តម្លៃ១ពាន់លានដុល្លារ។
ក្រុមហ៊ុន Dick Clark Productions ជាម្ចាស់កម្មសិទ្ធិសម្រាប់ការផ្សាយទូរទស្សន៍កម្មវិធី Golden Globe Awards កម្មវិធី American Music Awards កម្មវិធី បវកញ្ញាអាមេរិក Miss America និងកម្មវិធីមុនពេលចូលឆ្នាំនៅ Times Square នៅទីក្រុងញូវយ៉ក និងកម្មវិធីជាច្រើនទៀត។
ក្រុមហ៊ុន Wanda Group និយាយថា ការទិញសិទ្ធរបស់ Dick Clark Productions គឺជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Wanda Group ចូលក្នុងវិស័យទូរទស្សន៍ ដោយមានសិទ្ធិកាន់កាប់កម្មវិធីទូរទស្សន៍ពិភពលោកកម្រិតខ្ពស់បំផុតតាំងពីដំណាក់កាលដំបូង។
នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Wanda Group សរសេរថា ក្រុមហ៊ុន Dick Clark Productions ត្រូវការចរន្តប្រាក់ដ៏ច្រើនសម្រាប់រក្សាស្ថិរភាពប្រតិបត្តិការរបស់ខ្លួន និងកំណើនប្រាក់ចំណេញ។ បុគ្គលិកចាត់ចែងការងាររបស់ក្រុមហ៊ុន Dick Clark Productions នឹងបន្តការងារទាំងស្រុងក្រោយពីការទិញកម្មសិទ្ធិនេះ។
លោក Wang Jianlin ដែលមហាសេដ្ឋីជនជាតិចិនមានបំផុត ជាអ្នកដឹកនាំក្រុមហ៊ុន Wanda Group។ ក្រុមហ៊ុន Dick Clark Productions គឺជាក្រុមហ៊ុនចុងក្រោយដែលក្រុមហ៊ុន Wanda Group បានចូលកាន់កាប់សិទ្ធិផ្សាយកម្មវិធីកម្សាន្តនៅស.រ.អា.។ ក្រុមហ៊ុន Wanda Groupជាម្ចាស់កម្មសិទ្ធិរបស់រោងភាពយន្តធំៗដូចជា AMC។
ថ្មីៗនេះ ក្រុមហ៊ុន Wanda Group បានទិញក្រុមហ៊ុន Legendary Entertainment តម្លៃ៣,៥ពាន់លានដុល្លារ ដែលជាក្រុមហ៊ុនផលិតភាពយន្តរឿង Batman និងរឿង Jurassic World។ ក្រុមហ៊ុន Dick Clark Productions បង្កើតឡើងដោយលោក Dick Clark និងបានប្រតិបត្តិការជាង៣០ឆ្នាំមកហើយ៕