ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​សហរដ្ឋ​អាមេរិក​សន្យា​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ


រូបឯកសារ៖ ឧស្ម័នត្រូវបានបញ្ចេញទៅក្នុងបរិយាកាសពីរោងចក្រផលិតថាមពលធ្យូងថ្មមួយ នៅទីក្រុង Independence រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ ឧស្ម័នត្រូវបានបញ្ចេញទៅក្នុងបរិយាកាសពីរោងចក្រផលិតថាមពលធ្យូងថ្មមួយ នៅទីក្រុង Independence រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។

ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូន​ច្រើន​ជាង​គេ​បង្អស់​ពីរ​នៅ​លើ​ពិភពលោក បាន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ ដើម្បី​ចាត់​វិធានការ​ជា​បន្ទាន់​នៅ​ក្នុង​ការ​រារាំង​ការ​ប្រែប្រួល​អាកាសធាតុ។

ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ ​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ថា ពួកគេ «តាំង​ចិត្ត​សហការ​ជាមួយ​គ្នា» និង​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ «ដោយ​ការ​យកចិត្ត​ទុកដាក់​និង​ជា​បន្ទាន់»។

លោក John Kerry បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ និង​សមភាគី​ចិន​លោក Xie Zhenhua បាន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​រយៈពេល ៣ ថ្ងៃ កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​សៀងហៃ។

ការ​សម្រេច​បាន​នេះ​គឺ​កើតឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​សន្និសីទ​កំពូល​តាម​អនឡាញ​លើ​បញ្ហា​នេះ​ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​មក​ដល់។

លោក Kerry បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​យល់​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ «ខ្លាំងក្លា» និង​ថា ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​លើ «ចំណុច​សំខាន់ៗ​លើ​បញ្ហា​ដែល​ត្រូវ​អនុវត្ត»។

ក៏ប៉ុន្តែ លោក Kerry បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ស្វែងយល់​នៅ​ក្នុង​ផ្នែក​ការទូត​ថា យើង​មិន​ត្រូវតែ​និយាយ​តែ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវតែ​អនុវត្ត។ យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​មើល​ថា​អ្វី​នឹង​កើតឡើង»៕

XS
SM
MD
LG