ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សេតវិមាន​ថា អាមេរិក​និង​ចិន​អាច​រស់​នៅ​ដោយ​ភាព​ស្រុះ​ស្រួល​ក្នុង​សន្តិភាព​​ជា​មួយ​គ្នា​ ប៉ុន្តែ​ការ​ប្រឈម​មាន​ទំហំ​ធំធេង


រូបឯកសារ៖ ទង់ជាតិ​ចិន​និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដោត​នៅ​លើ​ចង្កៀងគោម​មួយ​ក្បែរ​វិមាន​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១។

អ្នក​សម្រប​សម្រួល​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សេតវិមាន​លោក Kurt Campbell បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា វា​អាច​ទៅ​រួច​ដែល​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​អាច​រស់នៅ​ដោយភាព​ស្រុះ​ស្រួល​ជាមួយគ្នា​ក្នុង​សន្តិភាព ក៏ប៉ុន្តែ​ការ​ប្រឈមមាន​ទំហំ​ធំធេង​ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងមាន​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​ឡើងៗ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយវិទ្យាស្ថាន​ស្រាវជ្រាវ Asia Society លោក Campbell បាន​និយាយ​ថា លោក​ប្រធានាធិបតី Joe Biden នឹង​រៀបចំ​ជំនួប​កំពូលមួយ​នៅក្នុង​ឆ្នាំ​នេះ​ជា​មួយ​មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ក្រុម​ប្រទេស​ចតុ​ភាគី​ ឬ Quad ជា​ក្រុម​ប្រទេស​៤​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ថា ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ប្រឆាំង​ជា​មួយចិន។

នៅ​ពេល​សួរ​ថា តើ​លោក​រំពឹង​ថា​នៅ​ពេល​ណា​នឹង​មានជំនួបលើក​ទី១​រវាង​លោក​ប្រធានាធិបតី Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ឬ​មួយ​ក៏​ការ​ជួប​នេះ​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន G-20ក្នុង​ខែ​តុលា​ខាង​មុខ លោក Campbell ឆ្លើយ​ថា «ក្តី​រំពឹង​របស់​ខ្ញុំ​គឺ​ថា យើង​នឹង​មាន​ការជួបទាក់ទង​គ្នា​មួយ​ក្នុង​រយៈ​ពេល​ខាង​មុខ មិន​យូរ​នោះ​ទេ»។

លោក Campbell មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រឈម​សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​ការ​បង្កើត​ឡើង​នូវ​យុទ្ធសាស្ត្រ​មួយ​ដែល​ផ្តល់​ឲ្យ​ចិន​នូវ​ឱកាស ប៉ុន្តែក៏​ជា​ការ​ឆ្លើយ​តប​ ប្រសិនបើ​អាមេរិក​ត្រូវប្រកាន់​យក​នូវ​គោល​ជំហរ​ប្រឆាំង​មួយ​ដើម្បី​រក្សា​នូវ​ស្ថិរភាព​និង​សន្តិភាព។

លោក​បន្ថែម​ទៀត​ថា វា​អាច​ទំនង​ជា​មាន​«រយៈ​ពេល​នៃ​ភាព​មិន​ប្រាកដ​ប្រជា​ណា​មួយ​ ឬ​ក៏​អាច​មាន​រយៈ​ពេល​មួយ​ដែលអាច​មាន​ភាព​តាន​តឹង​ដោយ​អន្លើ​ផង​ដែរ។ «តើ​ខ្ញុំ​គិត​ថា តើ​វា​អាច​ទៅ​រួច​ទេ​ដែល​អាមេរិក​និង​ប្រទេស​ចិន​ អាច​រស់​នៅ​ដោយ​ភាព​ស្រុះ​ស្រួល​គ្នា​ ក្នុង​សន្តិភាព​នោះ? ចម្លើយ​របស់​ខ្ញុំ​គឺ​ថា យើង​អាច។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិតទៅ​ដល់​នោះ​គឺ​ថា ការប្រឈម​ជា​មួយ​ចិន វា​មាន​ទំហំ​ធំធេង​សម្រាប់​មនុស្ស​ជំនាន់​នេះ​ និង​មនុស្ស​ជំនាន់​ក្រោយ។

លោក Campbell បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ពេល​ថ្មី​នេះ បាន​បង្កើន​នូវ​ភាព​គឃ្លើន​របស់​ខ្លួនលើ​ប្រទេស​ជា​ច្រើនក្នុង​ពេល​តែ​មួយ​ដែល​ជា​យុទ្ធសាស្ត្រ​មួយផ្ទុយ​គ្នាដែលចិន​បាន​ធ្វើក្នុង​ទសវត្សរ៍១៩៩០។

លោក​បាន​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​គាំទ្រ​នូវ​ទំនាក់​ទំនង​មិន​ផ្លូវការ​មួយ​ជា​មួយ​កោះ​តៃវ៉ាន់ ប៉ុន្តែមិន​គាំទ្រ​ឲ្យ​ដែន​កោះ​នេះ​មាន​ឯករាជ្យរបស់​ខ្លួន​នោះ​ទេ៕

XS
SM
MD
LG