ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ព្រមាន​អាមេរិក​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​កោះ​តៃវ៉ាន់


ទង់ជាតិ​ចិន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​កុងតឺណឺ​មួយ​ ដែល​ស្ថិត​នៅ​ពី​ខាង​លើ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​កុងតឺណឺ​មួយ​ដូចគ្នា។

ប្រទេស​ចិនបាន​ព្រមាន​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ស្តី​ពី​ការស្វែង​រកកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ចរចា​ជាមួយ​ដែន​កោះ​មួយ​នេះ​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​តៃវ៉ាន់​ដែលកំពុង​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ថា​ជាទឹក​ដី​របស់​ខ្លួន​ និង​មាន​ការ​ខឹង​សម្បា​រាល់​ការ​ប៉ុនប៉ងផ្នែក​ការ​ទូត​ណា​មួយ​ ក្នុង​ការ​ទទួល​ស្គាល់​កោះ​មួយ​នេះ ថា​ជា​ប្រទេស​ឯករាជ្យ​។

បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយព្រោង​ព្រាត​ជាមួយ​នឹង​ការ​ខឹង​សម្បាកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ជុំវិញ​ដំណើរ​ទស្សនកិច្ចរបស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកមួយ​ក្រុម​ទៅ​កាន់ទី​ក្រុង​តៃប៉ិ​និង​បាន​ប្រកាស​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ចំនួន​៧៥ម៉ឺន​ដូស​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​បន្ថែម​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ និង​បាន​ធ្វើ​ឲ្យ​ចិន​កាន់​តែ​ខឹង​ខ្លាំង​ថែម​ទៀត​ ដោយ​លោក​បាន​ថ្លែង​ប្រាប់​ក្នុង​សវនា ការ​សភា​អាមេរិក​ថា​ ការពិភាក្សា​ជា​មួយ​កោះ​តៃវ៉ាន់​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​ពេល​ខាង​មុខ​នេះ។

លោក Blinken បាន​ថ្លែង​ថា៖ «ខ្ញុំ​ដឹង​ថា យើង​កំពុងធ្វើ​ការ​សន្ទនា​ជា​មួយ​កោះ​តៃវ៉ាន់ ឬ​នឹង​ត្រូវធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ​លើលក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​កិច្ច​ព្រមព្រៀងនេះ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ទាម​ទារ​ឲ្យរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បញ្ឈប់រាល់​កម្មវិធី​ផ្លូវ​ការ​នានាជា​មួយកោះ​តៃវ៉ាន់​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កោះនេះ​ និង​ត្រូវ​បញ្ឈប់​រាល់​ការ​បញ្ជូន​សញ្ញាខុស​ណា​មួយ​ទៅដល់​កម្លាំងដែល​ចង់​បាន​ឯករាជ្យ​នៅ​លើ​ដែន​កោះ​តៃវ៉ាន់»។

តៃវ៉ាន់​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បានរាំង​ខ្ទប់​នូវ​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដោយ​និយាយ​ថា​ នេះ​ជា​យុទ្ធនាការ​របស់​ចិន​ដី​គោក​ក្នុង​ការដាក់​កោះ​តៃវ៉ាន់​ឲ្យ​ស្ថិត​ក្នុង​ភាព​ឯកោ។

ទោះ​បី​ជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បានកាត់​ផ្តាច់​ទំនាក់​ទំនងការ​ទូត​ជា​ផ្លូវការ​ជា​មួយ​កោះ​តៃវ៉ាន់ ក្នុង​ឆ្នាំ​១៩៧៩ដើម្បី​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងជា​តំណាង​ស្រប​ច្បាប់ផ្លូវ​ការ​តែ​មួយ​របស់​ចិន​នោះក្តី​ ក៏​សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​នៅ​ជាសម្ព័ន្ធ​មិត្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់កោះ​តៃវ៉ាន់ និង​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​យុទ្ធភណ្ឌ​ដ៏​សំខាន់​របស់​ដែន​កោះ​មួយ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​មាន​ការតាំង​ចិត្តទៅ​លើហេតុផល​ដែល​ថា កោះ​តៃវ៉ាន់​ត្រូវ​តែ​មាន​មធ្យោបាយ​ក្នុង​ការ​ការពារ​ខ្លួន​ ហើយ​ការណ៍​នេះ​គឺស្រប​ទៅ​តាម​ច្បាប់ស្តី​ពី​ទំនាក់​ទំនង​ជា​មួយ​កោះ​តៃវ៉ាន់»៕

XS
SM
MD
LG