លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលជួបមេដឹកនាំបារាំងគឺលោក Emmanuel Macron ដើម្បីពិភាក្សាគ្នាលើបញ្ហាជាច្រើននៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសេតវិមាន។ បញ្ហាទាំងនោះត្រូវគេរំពឹងថា គ្របដណ្ដប់លើប្រធានបទដូចជារឿងសង្គ្រាមរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន និង បញ្ហាឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មន្ត្រីសហរដ្ឋអាមេរិកនិងបារាំងនិយាយថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និង បញ្ហាសន្តិសុខក្នុងតំបន់ Sahel នៃប្រទេសអាហ្វ្រិកក៏អាចស្ថិតក្នុងរបៀបវារ:នៃជំនួបរបស់មេដឹកនាំប្រទេសទាំងពីរដែរ។
លោក Macron គឺជាមេដឹកនាំបរទេសដំបូងគេដែលលោក Biden ទទួលក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់តាំងពីលោកក្លាយជាប្រធានាធិបតី។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន បានថ្លែងមុនដំណើរទស្សនកិច្ចថា៖ «ប្រសិនបើលោកអ្នកមើលពីអ្វីដែលកំពុងបន្តកើតឡើងក្នុងប្រទេសអ៊ុយក្រែន អ្វីដែលកំពុងបន្តកើតឡើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពតានតឹងនៅប្រទេសចិន ប្រទេសបារាំងពិតជាស្ថិតនៅចំកណ្ដាលដ៏សំខាន់នៃរឿងរ៉ាវទាំងអស់នោះ។ ដូច្នោះហើយលោកប្រធានាធិបតី Biden យល់ថា បារាំងគឺជាប្រទេសត្រឹមត្រូវនិងសំខាន់បំផុត ក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ»។
លោក Biden និងភរិយាគឺលោកស្រី Jill បានទទួលទានអាហារពេលល្ងាចជាមួយនឹងលោក Macron និងភរិយារបស់លោក នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
កាលពីព្រឹកថ្ងៃពុធ លោក Macron បានលើកឡើងនូវប្រភពនៃភាពតានតឹងរវាងប្រទេសរបស់លោក និងសហរដ្ឋអាមេរិក ហើយថ្លែងក្នុងកិច្ចប្រជុំមួយជាមួយក្រុមមេដឹកនាំសភាអាមេរិកអំពីច្បាប់កាត់បន្ថយអតិផរណារបស់លោក Biden។
លោក Macron បានដកស្រង់មាត្រាខ្លះនៃច្បាប់នេះដែលនិយាយពីរឿងផ្តល់ជំនួយឧបត្ថម្ភដល់ផលិតផលផលិតនៅអាមេរិក ដោយបានបញ្ជាក់ថា នេះជាវិធានការ«បង្ខិតបង្ខំហួសហេតុ» ចំពោះក្រុមហ៊ុនអឺរ៉ុប។
លោក Macron បានបន្តថា៖ «ខ្ញុំមិនចង់ក្លាយទៅជាទីផ្សារលក់ផលិតផលអាមេរិកទេព្រោះថា ខ្ញុំពិតជាមានផលិតផលដូចគ្នានឹងផលិតផលអាមេរិកដែរ»៕
ព័ត៌មានខ្លះនៃរបាយការណ៍នេះត្រូវដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP , AFP និង Reuters។