បើតាមទិន្នន័យមន្ទីរគយនៃប្រទេសចិនដែលបានត្រូវបោះពុម្ពផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ផលលើសផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយស.រ.អា.បានកើនឡើងដល់២៤,៥៨ពាន់លានដុល្លារក្នុងខែឧសភា ដោយកើនពីចំនួន២២,១៥ពាន់លានដុល្លារក្នុងខែមេសា។
ការដឹកជញ្ជូនទំនិញចិនទៅលក់ឯប្រទេសក្រៅក្នុងខែឧសភាមាន១២,៦ភាគរយដោយចុះបន្តិចពី១២,៩ភាគរយក្នុងខែមេសា ក៏ប៉ុន្តែលើសពីចំនួន១០ភាគរយដែលពួកអ្នកសេដ្ឋសាស្ត្រស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានទស្សន៍ទាយ។
ការដឹកជញ្ជូនទំនិញចូលក្នុងប្រទេសចិនក៏បានកើនឡើងដែរពីមួយឆ្នាំទៅមួយឆ្នាំកាលពីខែឧសភា ដោយកើនឡើង២៦ភាគរយ។
នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ផលលើសពាណិជ្ជកម្មនៃប្រទេសចិនជាមួយស.រ.អា.មានចំនួន១០៤,៨៥ពាន់លានដុល្លារ។
ប្រទេសទាំងពីរនេះបានគំរាមកំហែងថានឹងបង្កើនពន្ធដារចំនួន១៥០លានដុល្លារលើទំនិញនៃប្រទេសនីមួយៗ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបើកចំហសេដ្ឋកិច្ចខ្លួនថែមទៀតនិងដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មយ៉ាងច្រើនរបស់ស.រ.អា.ជាមួយប្រទេសចិន។
កាលពីពេលមុននេះក្នុងសប្តាហ៍នេះ ប្រទេសចិនបានព្រមានស.រ.អា.ថាកិច្ចព្រមព្រៀងខាងពាណិជ្ជកម្មនិងខាងជំនូញរវាងប្រទេសទាំងពីរ«នឹងមិនចូលជាធរមានទេ»ប្រសិនបើការគំរាមកំហែងរបស់លោក ត្រាំ ថានឹងបង្កើនពន្ធដារនិងចាត់វិធានការឯទៀតៗលើទំនិញចិននោះ នឹងត្រូវអនុវត្តពិតមែន៕