ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សន្យា​របស់​ចិន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ខណៈ​ដែល​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​កើន​ឡើង


កម្មករ​ម្នាក់​ដើរ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​មួយ​នៅ​ក្នុង​ក្រុង Binzhou ខេត្ត Shandong ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​ធ្វើ​ការ​សន្យា​ក្នុង​ការ​បើក​ចំហរ​ទីផ្សារ​លើ​ផ្នែកនានា​​ជាច្រើន​នៅ​ក្នុង​ខែ​មេសាប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថាវិធានការ​ទាំង​នេះ​ទំនង​នឹង​មិន​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ឈាន​ដល់​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ ឬ​ជួយ​ឲ្យ​ការ​ចរចា​ពាណិជ្ជកម្ម​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ។ ក៏ប៉ុន្តែ​ ការ​មិន​សប្បាយ​ចិត្ត​កំពុងតែកើន​ឡើងស្រប​ពេលដែល​សកម្មភាព​ការដាក់​ទណ្ឌកម្ម​ផ្នែកពាណិជ្ជកម្ម​ក៏ចេះតែកើន​ឡើងដែរ​នោះ។

​ចិន​បាន​ធ្វើ​ការ​សន្យា​ជាក់លាក់​ជាច្រើន​ដើម្បី​បើក​ទីផ្សារ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ នៅ​ត្រឹម​ខែ​មិថុនា​និង​នៅ​មុន​ចុង​ឆ្នាំ​នេះ។ ចិន​ក៏​បាន​ដោះស្រាយ​ក្តី​បារម្ភ​ដ៏​ចម្បង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ដោយ​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​ចំនួន២៥%​ឲ្យ​បាន​ច្រើន​បំផុត​ នៅ​ឆ្នាំ​នេះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ឲ្យ​ដឹង​ថានៅ​ត្រឹម​ឆ្នាំ២០២០រោងចក្រ​ផលិត​យានយន្តប្រើ​ថាម​ពល​អគ្គិសនី​នឹង​មិនចាំ​បាច់​ចូល​ហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​ដើម្បី​គេច​ពន្ធ​និង​ទទួល​បាន​ទីផ្សារ​ចូល​ក្នុង​ប្រទេស​ចិន​នោះ​ទេ។​

ការ​សន្យា

អ្នក​វិភាគ​និយាយ​ថា ទោះ​យ៉ាង​ណា ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ចាប់​អារម្មណ៍។

លោក Paul Haenle ដែល​ជា​នាយក​មជ្ឈមណ្ឌល Tsinghua-Carnegie សម្រាប់​គោលនយោបាយ​សកល​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប៉េកាំង​បាន​និយាយ​ថា រហូត​ទាល់​តែ​មាន​វិធានការ​ជាក់ស្តែង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើងបើ​មិន​ដូច្នោះ​ទេ​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ​ទេ​ថាការ​ប្រកាស​នានា​គ្រាន់​តែ​ជា​ការ​សន្យា ឬ​វា​អាច​លើស​ពី​ការ​សន្យា ប៉ុន្តែ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ក្លាយ​ជា​ការ​ពិត​ (ឬ​អាច​នឹង​មិន​កើត​មាន​ឡើង​ផង) ឬ​យ៉ាង​ណា។

លោក Paul Haenle បាន​ប្រាប់​ VOA នៅ​ក្នុង​អ៊ីម៉ែល​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​សំខាន់ៗតែ​ក្នុង​កាលៈទេសៈ​ដែល​ពួកគេ​មាន​ផលប្រយោជន៍​ក្នុង​ការ​កែប្រែ មិន​មែន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ (អ្វី​ដែល​យើង​បាន​ឃើញ​ថា ពួកគេ​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​បញ្ហា​ឧបទ្វីប​កូរ៉េឡើយ)»។

ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថាជាមួយ​នឹង​ការ​គ្រប​ដណ្តប់​របស់​ក្រុមហ៊ុន​ចិន​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​និង​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​ចិនការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូល​ក្នុង​ប្រទេស​អាច​មាន​ការ​គំរាមកំហែង​តិចតួច​ ហើយ​ទីបំផុត​អាច​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​ច្រើន​ជាង​ ក្រុមហ៊ុន​បរទេស។

អ្នក​វិភាគ​បាន​និយាយ​ថា ការណ៍​នេះ​ក៏​នឹង​ជួយ​ការពារ​ប្រទេស​ប្រឆាំង​នឹង​ការ​រិះគន់​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាក់ទង​នឹង​ការ​បដិសេធ​ជា​យូរ​មក​ហើយ​របស់​ចិន​ក្នុង​ការ​បើក​ទីផ្សារ​របស់​ខ្លួន។ វា​ក៏​ទំនង​អាច​ជា​ការ​ស្វាគមន៍​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ដែល​ហានិភ័យ​និង​បញ្ហា​បំណុលនៅ​តែ​បន្ត​ជា​ការ​ព្រួយ​បារម្ភ។​

ផលិត​ក្នុង​ប្រទេស​ចិន ២០២៥

លោក Erlend Ek ប្រធាន​ផ្នែក​ស្រាវជ្រាវ​ខាង​ពាណិជ្ជកម្ម​នៅ​ក្រុម​ស្រាវជ្រាវ​មួយ​ដែល​មាន​ឈ្មោះ​ថា China Policy បាន​ថ្លែង​ថាអ្នក​វិភាគ​ខ្លះ​មើល​ឃើញ​ចំណាត់ការ​ទាំង​នេះគឺ​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ឆ្លើយ​តប​ និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បើក​ទីផ្សារ។

លោក Ek​ បាន​និយាយ​ថា ប្រទេស​ចិន​តាម​ពិត​ទៅ​កំពុង​ «ប្រើប្រាស់​សម្ពាធ​នេះ​ដើម្បី​ជំរុញ​ឲ្យ​សហគ្រិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ជំរុញ​ឲ្យ​មាន​ការ​គាំពារ​និយម​សម្រាប់​វិស័យ​ក្នុង​ស្រុក។ ការណ៍​នេះ​អាច​នឹង​ត្រូវ​ការ​ពេល​ខ្លះប៉ុន្តែ​បញ្ហា​នេះ​ជា​ផលប្រយោជន៍​ជាតិ​របស់​ពួកគេ​ក្នុង​ការ​បើក​ចំហរ​ទីផ្សារ»។​

អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា ខណៈ​ដែល​សង្គ្រាម​វោហារសាស្ត្រ​ពាណិជ្ជកម្ម​របស់​ភាគី​ទាំង​សង​ខាង​បន្ត​កើន​ឡើង ភាគី​ទាំង​ពីរ​នៅ​តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ក្រៅ​ផ្លូវការ។ ពួកគេ​បាន​និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ ការ​ខឹងសម្បា​ដែល​កើន​ឡើង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង។

លោក Haenle បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​មាន​ចំណង​ទាក់ទង​ប្រកប​ដោយ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្រើន​ជាង​មុនហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាល​គោលនយោបាយ​ឧស្សាហកម្ម​ «ផលិត​ក្នុង​ប្រទេស​ចិន ២០២៥»។ សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​អះអាង​ថាគោល​នយោបាយ​ ផលិត​នៅ​ក្នុង​ប្រទេស​ចិន ២០២៥មាន​លក្ខណៈ​រើស​អើង​ប្រឆាំង​នឹង​ការ​នាំ​ចូល​ពី​បរទេស​និង​បង្ខំ​ឲ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា។

លោក Haenle បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ឆ្អែត​ចិត្ត​ជាមួយ​នឹង​ការ​សន្យា​របស់​ប្រទេស​ចិន​ពី​ការ​ផ្លាស់ប្តូរ​នានា​ ដែល​ក្រោយ​មក​មាន​សកម្មភាព​ជាក់​ស្តែង​តិចតួច​ឬ​គ្មាន​តែ​ម្តង។ ផ្ទុយ​ទៅ​វិញប្រទេស​ចិន​មាន​ការ​ខឹង​សម្បា​ជាមួយ​នឹង​កង្វះ​ភាព​ច្បាស់​លាស់​ពី​ខាង​ភាគី​អាមេរិក​ថា​តើ​ចិន​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ត្រឡប់​មក​ដូច​សភាព​ដើម​វិញ»។

ប្រទេស​ចិន​ក៏​មាន​អារម្មណ៍​ថា ពួកគេ​បាន​ធ្វើ​សម្បទាន​ច្រើន​រួច​មក​ហើយ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ហើយ​ឥឡូវ​នេះ​កំពុង​ចាប់​ផ្តើម​ឆ្ងល់​ថា​ តើ​ការ​ពិភាក្សា​ដេញ​ដោល​នេះ​ពាក់​ព័ន្ធ​មិន​ត្រឹម​តែបញ្ហា​សេដ្ឋកិច្ច​បច្ចេកទេស ឬ​នយោបាយ​ក្នុង​ស្រុក​របស់​អាមេរិក​ឬ​យ៉ាង​ណា។

ការ​ប្រយុទ្ធ​ដើម្បី​អនាគត

លោក Ek បាន​និយាយ​ថា អ្នក​យុទ្ធសាស្ត្រ​របស់​ចិន​មើល​ឃើញ​ជម្លោះ​ពាណិជ្ជកម្ម​ជា​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​គ្របដណ្តប់​នៅ​ក្នុង​ដំណាក់កាល​បច្ចេកវិទ្យា​បន្ទាប់ ដែល​មាន​ដូចជា​ ទិន្នន័យ​ធំៗ ការ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិតនិង​បញ្ញា​និម្មិត ឬ AI។

លោក Ek បាន​និយាយ​ថា៖ «វា​មិន​មែន​ជា​បញ្ហា​នា​ពេល​ឥឡូវ​នោះ​ទេ ប៉ុន្តែ​តាមពិត​ទៅ​ វា​ជា​បញ្ហា​អនាគត​នៅ​ក្នុង​ឆ្នាំ២០២៥ ដល់​ឆ្នាំ២០៣០។ ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​ភ័យ​ខ្លាច​ចិន និង​របៀប​ដែល​គាំទ្រ​ដោយរដ្ឋ​របស់​ចិន។ តាម​ប្រវត្តិសាស្ត្រ វា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ​លទ្ធភាព​មួយ​ចំនួន​ ដោយសារ​តែ​ពួកគេ​មាន​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលុប»។

ចំនួន​ប្រជាជន​ដ៏​ច្រើន​លើស​លុប​របស់​ចិន​និង​ទីផ្សារ​របស់​ប្រទេស​នេះ​ជា​គុណ​សម្បត្តិ​ដ៏​ធំ​នៅ​ក្នុង​ការ​បង្កើត​ទិន្នន័យ​បញ្ញា​និម្មិត​និង​វិស័យ​ផ្សេងៗ​ទៀត។ វា​ជា​គុណ​សម្បត្តិ​ដ៏​ធំ​មួយដែល​រដ្ឋាភិបាល​ចិន​អាច​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ឲ្យ​ទទួល​យក​យុទ្ធសាស្ត្រ​ចាប់​បង្ខំ​នេះ​ទាក់ទង​នឹង​ការបើក​ចំហរ​ទីផ្សារ។ ប្រទេស​ចិន​ធំ​គ្រប់គ្រាន់​ក្នុង​ការ​គាំទ្រ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​នៅ​ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយការការពារ​នៅ​ក្នុង​ស្រុក​រហូត​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ដើម្បី​ទៅប្រឡូក​នៅ​ក្រៅ​ប្រទេស៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG