ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​អូបាម៉ា៖​ការ​ចាក់​ដី​ពង្រីក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​អាចនាំឲ្យ​​ខូច​ប្រយោជន៍


លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​នឹង​សមាជិក​នៃ​គម្រោង​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​អាស៊ីអាគ្នេយ៍ ឬហៅថា (YSEALI) នៅ​សេតវិមាន​កាលពី​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters/Kevin Lamarque)

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​បាន​ព្រមាន​តំបន់​អាស៊ី​អាគ្នេយ៍​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ក្លាយ​ទៅ​ជា​តំបន់​មិន​សូវ​រីក​ចម្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ​នាំ​គ្នា​ចាក់​ដី​ពង្រីក ​និង​ទាមទារ​អធិប​តេយ្យភាព​ដែន​ដី​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ​លោក​អូបាម៉ា​ថ្លែង​ថា ​ទោះ​ជាការ​ទាម​ទារ​ខ្លះ​របស់​ចិន​ អាច​ជា​ការទាម​ទារ​ត្រឹម​ត្រូវ​ ចិន​គួរ​បញ្ឈប់​ការ​ប្រើ​កែង​ដៃ​ដើម្បី​រុញច្រានឲ្យ​អ្នក​ឯ​ទៀត​ចេញ ​ដើម្បី​បម្រើផល​ប្រយោជន៍​របស់​ខ្លួន។​

ថ្លែង​ទៅ​កាន់ក្រុម​អ្នក​ដឹកនាំ​វ័យ​ក្មេង​មក​ពី​អាស៊ី​អាគ្នេយ៍ ​នៅ​ឯសេតវិមាន ​កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​អូបាម៉ា​បាន​ថ្លែង​ថា​ អ្វី​ដែល​បាន​អនុញ្ញាត​ឲ្យ​តំបន់​នេះ​រីក​ចម្រើនលូតលាស់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ ​គឺ​សន្តិភាព ​និង​ស្ថិរភាព​ល្អ​បង្គួរ ​ដែល​មាន​រួម​ទាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

«រឿង​ទាំង​អស់នេះ​កើត​ឡើង​ដោយសារ​មាន​វិន័យ​ជាក់​លាក់​ដែល​ម្នាក់ៗ​បាន​ធ្វើ​តាម។ ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​តម្រូវ​ឲ្យ​មាន​ការ​គោរព​ ការ​អនុវត្ត​ជា​គោល គឺ​ថា​ ពី​នេះ​ដល់​នេះ​ជា​ទឹក​ដី​របស់​ខ្លួន។ ​បន្ទាប់​ពី​នោះ​គឺ​ជា​ដែនទឹក​សមុទ្រ​អន្តរជាតិ។​ បើ​សិន​ជា​មាន​ជម្លោះ​ ពួកគេ​នឹង​មាន​យន្តការ​អន្តរជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ ​បើ​សិន​ជាពួក​គេ​ចាប់​ផ្តើម​បាត់​បង់​វិធី​ដោះស្រាយ​នេះ ​ហើយ​ស្រាប់​តែ​ភ្លាមៗ​នោះ​មាន​ជម្លោះ​កើត​ឡើង​ ហើយ​មាន​ការ​ទាមទារ​ធ្វើ​ឡើង​ដោយ​សំអាងទៅ​លើ​ទំហំ​នៃ​ប្រទេស​និមួយៗ​ និង​ទៅ​លើ​ទំហំ​អំណាច​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​នោះ ​ជាជាងសំអាងទៅ​លើច្បាប់​នោះ ​ពេល​នោះ​ខ្ញុំ​គិត​ថា ​អាស៊ី​នឹង​មាន​ការ​លូត​លាស់​តិច​ជាង​មុន‍»។​

លោក​អូបាម៉ា​ថ្លែង​ថា ​ទោះ​ជា​ស.រ.អា.គ្មានការ​ទាម​ទារ​នៅ​តំបន់​នោះ​ ហើយមិន​មែន​ជា​ភាគី​មួយនៅ​ក្នុង​ជម្លោះ​ក្នុង​តំបន់​នេះក៏​ដោយ ​ក៏​ក្នុង​នាម​ជា​ប្រទេស​មាន​អំណាច​មួយ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ​ស.រ.អា.ចង់​ឃើញ​មាន​ការ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី​ តាម​រយៈការ​ទូត​ ហើយ​សម​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។​

លោក​ប្រធានាធិបតី​ថ្លែង​ថា ​ការ​ចាក់ដីពង្រីក ​និង​សកម្មភាពដ៏​គឃ្លើន​របស់ភាគី​ណា​មួយ​ក៏ដោយ​គឺ​ជា​ការ​ផ្ទុយ​នឹង​ផល​ប្រយោជន៍​ ដោយ​លោក​បន្ថែម​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​គាំ​ទ្រ​បណ្តា​ទាំង​ឡាយ​ដែល​សុខ​ចិត្ត​ធ្វើ​ការ​ជា​មួយ​ស.រ.អា.​ ក្នុង​ការ​បង្កើត​និង​អនុវត្តវិន័យ ​ដែល​នឹង​ធានា​ដល់​ភាព​រុង​រឿង​ទៅ​ថ្ងៃ​អនាគត។​

«ហើយ​ការណ៍​ពិត​គឺ​ថា ​ប្រទេស​ចិន​នឹង​មាន​ជោគ​ជ័យ។ ​ចិន​ជា​ប្រទេស​ធំ ​និង ​ជា​ប្រទេស​មាន​អំណាច។ ​ពល​រដ្ឋ​ចិន​មាន​ទេព​កោសល្យ ​ហើយ​ពួកគេ​ប្រឹង​ធ្វើការ​ណាស់ ​ហើយ​ប្រហែល​ជា​ការ​ទាម​ទារ​របស់​ចិនខ្លះ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គឺ​ជា​ការទាមទារត្រឹមត្រូវ​ស្រប​ច្បាប់។​ ប៉ុន្តែ​ចិន​មិន​គួរ​ព្យាយាម​ធ្វើ​ការ​កំណត់​បែប​នេះ ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រើ​កែង​រុញ​ច្រាន​គេ​ឯង​ឲ្យ​ចេញ​ឆ្ងាយ​នោះ​ទេ។ ​ប៉ុន្តែ​បើ​សិន​ជា​ការ​ទាមទារ​របស់​ចិនស្រប​ច្បាប់​នោះ ​ប្រទេស​ដទៃនឹង​ទទួល​ស្គាល់‍»។​

ប្រទេស​ចិន​បាន​បង្ហាញ​ថា ​ចិន​គ្មាន​គោល​បំណង​បញ្ឈប់​កិច្ច​ប្រឹង​ប្រែង​សាង​សង់​របស់​ខ្លួន​លើ​បណ្តា​កោះ​មាន​ជម្លោះ​ទាំង​នោះ​ឡើយ ​ដោយ​និយាយ​ថា ​ចិន​ធ្វើ​ស្រប​តាម​អធិបតេយ្យ​ភាព​ទឹក​ដី​របស់​ខ្លួន​ ហើយថា​ បើ​សិន​ជាចិនដក​ថយ​នោះ​ ​នោះ​កង​កម្លាំង​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​ នឹង​មាន​សេចក្តី​ក្លាហាន ​ហើយ​ប្រកាន់​យក​គោល​ជំហរ​កាន់តែ​រឹង​មាំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ ចិន​និយាយ​ថា ​គ្មាន​ប្រទេស​ណា​ផ្តល់​តម្លៃ​ដល់​សន្តិភាពនិង​ការ​អភិវឌ្ឍ​ច្រើន​ជាង​ប្រទេស​ចិន​ទេ។​

រូបថត​នេះ​បង្ហាញ​ពី​ដីកោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែនដី​ប្រឈម​នឹង​ជម្លោះ​ដែនដីទឹក​ដ៏​ចម្រូង​ចម្រាស​រវាង​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។
រូបថត​នេះ​បង្ហាញ​ពី​ដីកោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែនដី​ប្រឈម​នឹង​ជម្លោះ​ដែនដីទឹក​ដ៏​ចម្រូង​ចម្រាស​រវាង​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

លោក​ Ankit Panda​ សហ​និពន្ធនាយក​នៃ​ទស្សនាវដ្តី​ឈ្មោះ ​The Diplomat ​ដែល​សរសេរ​អំពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ក្នុង​តំបន់ ​ថ្លែង​ថា ​ជម្រើស​ពាក្យ​សម្តី​របស់​លោក​ អូបាម៉ា​ពិពណ៌នា​អំពី​ការ​ប្រឈម​មុខរវាង​កង​ទ័ព​ជើង​ទឹក​ចិន​ និង​ហ្វីលីពីន ​កាល​ពី​ឆ្នាំ​២០១២ ​នៅ​ប្រជុំថ្ម​ប្រប្រះ​ទឹក ​Scarborough Shoal​ ឬ ​ពិពណ៌នា​អំពី​ជម្លោះ​កាល​ពី​ឆ្នាំ​ទៅ​រវាង​ចិន​ជាមួយ​ប្រទេស​វៀតណាម​លើ​ការដំឡើងម៉ាស៊ីន​រុក​រក​ប្រេង​នៅ​តំបន់​ប្រជុំ​កោះ ​Spratly។​

«អ្វី​ដែល​ចិន​កំពុង​ធ្វើ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ចាក់​ពង្រីក​ដី​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ពិពណ៌នា​ថា ​ជា​ការ​បង្ខំ​ដែល​មាន​ភាព​តាន​តឹង​តិច។​ ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​អន្តរជាតិ ​ការ​គំរាម​កំហែង​លើ​សេរីភាព​នាវា​ចរណ៍ ​ទាំង​អស់នេះ​ជា​ពាក្យ​សម្តី​ដែល​ស.រ.អា.​បាន​ប្រើប្រាស់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ​ខ្ញុំ​គិត​ថា ​មាន​ពាក្យ​ដែល​សមរម្យ​ជាង​សម្រាប់​ពិពណ៌នា​អ្វី​ដែល​យើង​កំពុង​ឃើញ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង‍»។​

លោក​ថ្លែង​ថា ​ការ​ព្រួយបារម្មណ៍​ធំ​របស់​ក្រុ​មអ្នក​សង្កេត​ការណ៍​គឺ​ប្រទេស​ចិន​កំពុង​តែ​រៀបចំ​ខ្លួន​ដើម្បី​ប្រកាស​អំពី​ការ​រៀបចំ​តំបន់​សម្គាល់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​មួយ ​ដូច​ដែល​ចិនបាន​ធ្វើ​នៅ​ឆ្នាំ​២០១៣​លើ​សមុទ្រ​ចិន​ខាង​កើត​ដូច្នោះ។​ លោក​ថ្លែង​ថា ​ការណ៍​នេះអាច​រារាំង​ដល់​សេរីភាព​នាវា​ចរណ៍ ​និង​ការ​ហោះ​ហើរ​កាត់​តំបន់​នេះ។​

លោក ​Scott Harold​ នៃ​សាជីវកម្ម ​RAND ​ដែល​ជា​អ្នក​វិភាគ​អំពី​កិច្ចការ​ចិន​ថ្លែង​ថា ​ការ​បង្កើត​តំបន់​សម្គាល់​អត្តសញ្ញាណការពារ​ដែន​អាកាស​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​អាច​បែរ​ជា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​សម្រាប់​ប្រទេស​ចិន ​ព្រោះប្រទេស​ជិត​ខាង​នឹង​មានប្រតិកម្ម​ប្រឆាំង។​

«ហើយ​បើ​យើង​ក្រឡេក​ទៅក្រោយ​មើលតំបន់​សម្គាល់​អត្ត​សញ្ញាណ​ការ​ពារ​ដែន​អាកាស ​ដែល​ចិន​បាន​បង្កើត​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​កើតកាលពី​២​ឆ្នាំ​មុន​នោះ ​ទោះ​បី​ជា​មានការ​តក់​ស្លុត ​និង​មិន​គប្បី​យ៉ាង​ណា​ក៏​ដោយ ​ក៏​ការណ៍​ពិត​ ព្រឹត្តិ​ការណ៍​នោះ​មិន​សូវ​មាន​ឥទ្ធិពល​អ្វី​ប៉ុន្មាន​ទេ​ លើការ​យល់​ឃើញ​របស់​ប្រទេស​ជិត​ខាង​ ចំពោះ​ការ​ទាម​ទារ​របស់​ប្រទេស​ចិន។ ​ការណ៍​ពិត​ស.រ.អា.​បាន​តវ៉ា​ភ្លាមៗ។ ប្រទេស​ជប៉ុនក៏​បាន​បដិសេធ​មិនទទួល​ស្គាល់​ដែរ។​ រឿងនេះ​មិន​បាន​ជួយ​ប្រទេស​ចិន​ក្នុង​ការ​ទាមទារ​យក​កោះ ​Senkakus ​ទេ​ ឬ​ មិន​អាច​បង្ខំ​ឲ្យ​ជប៉ុន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​ចិន​ក្នុង​ការ​ទាមទារ​នោះ ​ក៏​ទេ​ដែរ»។

​លោក ​Harold ថ្លែង​ថា ​សមុទ្រ​ចិន​ខាង​ត្បូង​ជាតំបន់​ទឹក​យ៉ាង​ធំមួយ ​ដែល​ប្រទេស​មួយ​ចំនួនប្រើ​ប្រាស់​រួម​គ្នា​ ហើយ​មាន​សារៈ​សំខាន់​ផ្នែក​យុទ្ធសាស្ត្រ​ភូមិ​សាស្ត្រ​ច្រើនជាង​សមុទ្រ​ចិន​ខាង​កើត ​ហើយ​រឿង​នេះ​នឹង​បង្កើត​សត្រូវ ​ដោយ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​សម្រេចផល​ប្រយោជន៍អ្វី​ជាដុំ​កំភួន​ទេ។​

ក្នុង​អំឡុងការ​ថ្លែង​កត់​សម្គាល់​របស់​លោក​ទៅ​កាន់​ក្រុម​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​តំបន់​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ស្វាគមន៍​ដល់​ការ​តាំង​ចិត្ត​របស់​ប្រទេស​ចិន ​ដើម្បី​ធ្វើ​វិនិយោគ​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​រយៈ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធអាស៊ី ​AIIB។ ​លោក​ថ្លែង​ទៀត​ថា ​ ជោគជ័យនៃ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ប្រទេស​ម៉ីយ៉ាន់ម៉ា​ ឬ ​ភូមា ​គឺ​ពឹង​ផ្អែក​មួយ​ផ្នែក​ទៅ​លើការ​បញ្ចប់​ការ​ប្រកាន់​រើស​អើង​ប្រឆាំង​ក្រុមជន​ភាគ​តិច ​Rohingya ​ដែល​កាន់​សាសនា​អ៊ីស្លាម៕​

ប្រែសម្រួលដោយ ប៉ូច រាសី

XS
SM
MD
LG