បណ្តាប្រទេសអាស៊ីអាគ្នេយ៍នានាត្រូវបានរំពឹងថានឹងជំរុញដោយសម្រួលប្រឆាំងនឹងឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់របស់ពួកគេ ដោយជំនួសមកវិញនូវឥទ្ធិពលប្រទេសលោកខាងលិច នៅពេលដែលមេដឹកនាំរបស់ពួកគេជួបប្រជុំគ្នានៅក្នុងខែនេះ។
ប្រមុខរដ្ឋមកពីប្រទេសទាំង១០ដែលជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នឹងជួបប្រជុំជាមួយគ្នា ព្រមទាំងពួកមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរនឹងជួបពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ខែវិច្ឆិកានេះ។
ពួកអ្នកវិភាគព្យាការណ៍ថាប្រទេសចិននឹងប្រើប្រាស់វេទិកាពិភាក្សាទ្វេភាគី ព្រមទាំងកិច្ចពិភាក្សាជាក្រុមទាំងនេះដើម្បីផ្សព្វផ្សាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់រយៈពេល១៥ឆ្នាំទៅមុខទៀតក្នុងប្រទេសកំពុងអភិវឌ្ឍនានានៅតំបន់អាស៊ីអាគ្នេយ៍ បើទោះណាជាមានការកើនឡើងនៃក្តីបារម្ភពីអន្តរជាតិថាប្រទេសក្នុងតំបន់ទាំងនេះនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ក្រុងប៉េកាំង និងការអាក់អន់ស្រពន់ចិត្តចំពោះការពង្រីកឥទ្ធិពលរបស់ចិននៅសមុទ្រមានជម្លោះក៏ដោយ។
ពួកអ្នកវិភាគក៏បានថ្លែងទៀតថាពួកមេដឹកនាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងចូលរួមជាមួយចិននៅឯកិច្ចប្រជុំកំពូលនេះ ប៉ុន្តែនឹងចាប់អារម្មណ៍ច្រើនជាងទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដែលដឹកនាំដោយប្រទេសជប៉ុន និងសំណើប្រតិបត្តិការសន្តិសុខពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិចប្រឆាំងនឹងការពង្រីកដែនសមុទ្ររបស់ចិន៕