អគ្គលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃអង្គារពីការតែងតាំង និងចូលកាន់ដំណែងជាផ្លូវការរបស់ លោក គង់ ភោគ មន្ត្រីរដ្ឋាភិបាលកម្ពុជា ទៅជាអគ្គលេខាធិការរងនៃសមាគមថ្នាក់តំបន់ដ៏សំខាន់មួយនេះ ក្នុងអាណត្តិការងារដែលមានកាលកំណត់បីឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានដែលចេញផ្សាយកាលពីថ្ងៃអង្គារបញ្ជាក់ថា ក្នុងនាមជាអគ្គលេខាធិការរងអាស៊ាន លោក គង់ ភោគ នឹងត្រូវចាត់តាំងឱ្យទទួលបន្ទុកមើលការខុសត្រូវ លើសហគមន៍សង្គមវប្បធម៌ និងជួយការងារលោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរបន្ថែមថា៖
លោក គង់ ភោគ ដែលមានវ័យ៣៦ឆ្នាំ ក៏នឹងទទួលខុសត្រូវផងដែរ លើការ «ផ្ដល់មគ្គុទេ្ទសក៍ភាពដឹកនាំការអនុវត្ត ផែនការគោលសហគមន៍សង្គមវប្បធម៌អាស៊ាន ហើយនឹងដឹកនាំដេប៉ាតឺម៉ង់ទទួលបន្ទុកសហគមន៍សង្គមវប្បធម៌ នៅអគ្គលេខាធិការដ្ឋានផងដែរ។ លោកក៏នឹងពិនិត្យដឹកនាំការអនុវត្តគម្រោងនានាដែលស្ថិតក្រោមស្លាកសហគមន៍សង្គមវប្បធម៌ ដែលផ្ដោតទៅលើការជំរុញបង្កើតឱ្យមានអត្តសញ្ញាណរួម និងការឈានទៅបង្កើតសង្គមដែលពោរពេញដោយការចេះថែរក្សាគ្នានិងចែករំលែកពីគ្នាទៅវិញទៅមក»។
លោកអគ្គលេខាធិការរងថ្មីរបស់អាស៊ាន ធ្លាប់មានបទពិសោធជាអ្នកជំនាញសិក្សាធិការផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោកគឺជាសហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាយុទ្ធសាស្ត្រ (CISS) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ មុននឹងលោកចូលរួមការងារជាមួយរដ្ឋាភិបាល ជាអ្នកជំនាញផ្នែកនយោបាយការបរទេសក្នុងការិយាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងជីវិតការងារផ្នែកសិក្សាធិការ លោក គង់ ភោគ ធ្លាប់បានសរសេរ និងសិក្សាស្រាវជ្រាវលើអត្ថបទវិភាគជាច្រើន ដែលនិយាយអំពីបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា និងការប្រកួតប្រជែងតំបន់ភូមិសាស្ត្រនយោបាយ នៅតំបន់ចុងបូព៌ាប្រទេស។
ការឧទ្ទេសនាមរបស់រដ្ឋាភិបាលកម្ពុជាឱ្យលោក គង់ ភោគ ទៅបំពេញតួនាទីជាអគ្គលេខាធិការរងអាស៊ាន ជាការត្រួសត្រាយផ្លូវឱ្យលោកធ្វើដំណើរតម្រង់ពីទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្ពោះទៅអគ្គលេខាធិការដ្ឋានអាស៊ានផ្ទាល់តែម្ដង ដោយលោកមិនធ្លាប់បានបំពេញតួនាទីជាមន្ត្រីការទូត ចំណុះឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនោះទេ។
VOA មិនអាចទាក់ទង លោក គង់ ភោគ ដែលទើបចូលកាន់តំណែងជាអគ្គលេខាធិការរងនៃអាស៊ានបានទេនៅថ្ងៃពុធនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយថាក្រសួងការបរទេសកម្ពុជា ដែលលោកថាក៏ធ្លាប់បានប្រាស្រ័យទាក់ទងធ្វើការងារជាមួយលោក គង់ ភោគ ដែរនាពេលកន្លងមក បានត្រួតពិនិត្យពិច័យគុណវុឌ្ឍិ និងលក្ខណៈសម្បត្តិបេក្ខភាពរបស់លោក បញ្ជូនទៅឱ្យលោកនាយករដ្ឋមន្ត្រីធ្វើការពិនិត្យយល់ព្រមចុងក្រោយ។
អ្នកនាំពាក្យរូបនេះបានប្រាប់ VOA តាមទូរស័ព្ទកាលពីរសៀលថ្ងៃពុធថា៖
«យើងមើលសមត្ថភាពរបស់លោក ហើយនិងកិច្ចប្រឹងប្រែងរបស់លោក នោះហើយគឺជាតម្លៃខ្ពស់ណាស់។ ហើយដែលលោកទៅតំណាងកម្ពុជា ដែលទៅអង្គុយនៅកន្លែងនោះ មិនមែនតែតំណាងកម្ពុជា ក៏ប៉ុន្តែតំណាងផលប្រយោជន៍រួមរបស់ប្រជាជាតិអាស៊ានទាំងមូល»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អគ្គលេខាធិការដ្ឋានអាស៊ានក៏បានបញ្ជាក់ផងដែរថា ក្នុងជីវភាពឯកជន លោក គង់ ភោគ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង អ្នកស្រី ម៉ាលី សុជាតា ដែលបច្ចុប្បន្នជា អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិរបស់កម្ពុជា។
ការតែងតាំងលោក គង់ ភោគ ទៅជាអគ្គលេខាធិការរងអាស៊ាន ក៏បានកើតឡើងផងដែរនៅខណៈដែលកម្ពុជាត្រូវត្រៀមឧទ្ទេសនាមបេក្ខភាពមួយរូប ដើម្បីជំនួសអគ្គលេខាធិការជនជាតិព្រុយណេ Lim Jock Hoi ដែលនឹងចប់អាណត្តិនៅដំណាច់ឆ្នាំ២០២២ តាមរូបមន្តប្ដូរវេននៃលំដាប់តួអក្សរក្នុងចំណោមរដ្ឋសមាជិកដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។
តួនាទីគ្រប់គ្រងមើលការខុសត្រូវលើសហគមន៍សង្គមវប្បធម៌អាស៊ាននឹងមានបញ្ហាអាទិភាពជាច្រើន រង់ចាំចំពោះមុខសម្រាប់លោកអគ្គលេខាធិការរង គង់ ភោគ រួមមានសុខុមាលភាពកម្មករចំណាកស្រុក និងវិបត្តិមនុស្សធម៌ជុំវិញសំណុំរឿងរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមបណ្ឌិត ឈាង វណ្ណារិទ្ធិ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ISEAS Yusuf Ishak Institute ក្នុងប្រទេសសិង្ហបុរី។
អ្នកស្រាវជ្រាវរូបនេះបន្តថា សហគមន៍សង្គមវប្បធម៌ នៅជួបបញ្ហាប្រឈមជាច្រើនដទៃទៀត រួមមានទាំងការស្ថិតនៅជាសសរស្ដម្ភអាទិភាពចុងក្រោយ បន្ទាប់ពីសសរស្ដម្ភពីរផ្សេងរបស់អាស៊ាន គឺផ្នែកនយោបាយសន្ដិសុខ និងផ្នែកសេដ្ឋកិច្ច ខណៈដែលត្រូវធ្វើការលើបញ្ហាដទៃទៀតដែលមានចរិតរសើបផ្នែកនយោបាយ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន រួមមានការប្រាស្រ័យទាក់ទងជាមួយនឹងអង្គការសង្គមស៊ីវិល និងបញ្ហាសិទ្ធិមនុស្សជាដើម។
អ្នកជំនាញរូបនេះបានប្រាប់ VOA ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារថា៖
«ពីព្រោះយើងនិយាយឱ្យចំទៅ មានគោលនយោបាយ មានអី ឃើញល្អច្រើនហើយ ទាក់ទងនឹង Socio-Cultural Pillar (សសរស្ដម្ភសង្គមវប្បធម៌) នេះ ក៏ប៉ុន្តែអនុវត្តន៍នៅមានកម្រិត។ មានកម្រិតនៅត្រង់ថាទីមួយ សមត្ថភាពរបស់ ASEAN Secretariat (អគ្គលេខាធិការដ្ឋានអាស៊ាន) តាំងពីដើម បើយើងនិយាយឱ្យចំទៅ ស្ថិតក្នុងលក្ខណៈ Under-staffed ខ្វះបុគ្គលិក។ ទីពីរ ហិរញ្ញវត្ថុ បញ្ហាហិរញ្ញវត្ថុដែរ។ ទីបីគឺយន្តការដើម្បីឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធិភាពពីសំណាក់សង្គមស៊ីវិល»។
គួរបញ្ជាក់ផងដែរថា ក្រៅតែតំណែងអគ្គលេខាធិការ អាស៊ាននៅមានតួនាទីអគ្គលេខាធិការរងបីរូបផ្សេងទៀត ដើម្បីមើលការខុសត្រូវលើសសរស្ដម្ភទាំងបីរបស់អាស៊ាន គឺ ទីមួយ សន្តិសុខ-នយោបាយ ទីពីរសេដ្ឋកិច្ចនិងទីបីសង្គម-វប្បធម៌។ លោក គង់ ភោគ នឹងត្រូវកាន់តួនាទីអគ្គលេខាធិការរងដល់ឆ្នាំ២០២១៕