ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​នឹង​កាត់​ផ្ដាច់​ការ​នាំ​ចូល​ពី​កូរ៉េ​ខាង​ជើង​ស្រប​ទៅ​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ


រថយន្ត​ដឹក​ទំនិញ​បើក​នៅ​លើ​ស្ពាន​មិត្តភាព​នៅ​លើ​ទន្លេ Yalu ដែល​ភ្ជាប់​ក្រុង Sinuiju របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​ក្រុង Dandong របស់​ចិន កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
រថយន្ត​ដឹក​ទំនិញ​បើក​នៅ​លើ​ស្ពាន​មិត្តភាព​នៅ​លើ​ទន្លេ Yalu ដែល​ភ្ជាប់​ក្រុង Sinuiju របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​ក្រុង Dandong របស់​ចិន កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាល​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​កាត់​ផ្ដាច់​ការ​នាំ​ចូល​ធ្យូង​ថ្ម រ៉ែ​ដែក និង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រយៈពេល ៣ សប្ដាហ៍​ខាង​មុខ ស្រប​ទៅ​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

កន្លង​មក រដ្ឋាភិបាល​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​បំផុត​របស់​កូរ៉េ​ខាង​ជើង មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ជំរុញ​របប​ដឹកនាំ​របស់​លោក Kim Jong Un ខ្លាំង​ក្លា​ពេក ដោយសារ​ខ្លួន​ខ្លាច​ថា​របប​នោះ​អាច​ដួល​រលំ។ ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​ខក​ចិត្ត​កាន់តែ​កើន​ឡើង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​គាំទ្រ​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចុះ​ថ្ងៃ​ទី ៥ ខែ​សីហា ក្នុង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ធ្យូង​ថ្ម និង​ទំនិញ​សំខាន់ៗ​ផ្សេង​ទៀត។

ទីភ្នាក់ងារ​គយ​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ឈប់​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ធ្យូង​ថ្ម រ៉ែ​ដែក រ៉ែ​សំណ និង​ត្រី ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា​ខាង​មុខ​នេះ។

ការ​ប្រកាស​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ការ​ផ្ដោះផ្ដង​ពាក្យ​សម្ដី​ពោរពេញ​ដោយ​កំហឹង​មាន​ការ​កើន​ឡើង​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បំផុត​ចុង​ក្រោយ​នេះ​របស់​អង្គការ​សហប្រជាជាតិ មាន​គោល​បំណង​រារាំង​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ទឹក​ប្រាក់​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក នៃ​ការ​នាំ​ចេញ​សរុប​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ទឹក​ប្រាក់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​មុន៕

XS
SM
MD
LG