បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហាមឃាត់ក្រុមហ៊ុន Huawei និងសាខាជាង ៧០ទៀតលើការព្រួយកង្វល់ខាងសន្តិសុខជាតិ ចិនបានស្វះស្វែងរកការតបតវិញ។
អ្នកវិភាគខ្លះជឿថា នៅពេលដែលការតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ ២របស់ពិភពលោកបានកើនឡើង រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពិចារណាអ្វីដែលបណ្តាញផ្សាយព័ត៌មានរដ្ឋ បានហៅថា ការកាត់បន្ថយការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក។
ចិនជាអ្នកផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក ដែលសំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យាចាប់តាំងពីទូរសព្ទស្មាតហ្វូនដល់កុំព្យូទ័រ និងអាគុយប្រើក្នុងរថយន្តប្រើអគ្គិសនី។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross និយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការមិនធ្លាប់មានកាលពីពេលមុនដើម្បីធ្វើឲ្យប្រាកដថា ប្រទេសនេះមិនធ្លាក់ចូលទៅក្នុងការកាត់ផ្តាច់ពីធនធានដ៏សំខាន់នេះ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃអង្គារ ដោយផ្អែកលើបទបញ្ជាប្រធានាធិបតីឆ្នាំ ២០១៧ ដោយប្រធានាធិបតីត្រាំ ដែលមានគោលបំណងកាត់បន្ថយភាពគ្រោះថ្នាក់ដែលពឹងផ្អែកលើការនាំចូលរ៉ែនានាដូចជា អ៊ុយរ៉ាញ៉ូម ទីតានីញ៉ូម និងរ៉ែកម្រផ្សេងៗទៀត។
ក៏ប៉ុន្តែថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងស្វែងរកការចាត់វិធានការឆាប់រហ័ស និងការហាមឃាត់មានប្រសិទ្ធភាពយ៉ាងដូចម្តេច អាចមានភាពប្រាកដប្រជាតិចជាង។
លោក Liao Qun ជាប្រធានសេដ្ឋវិទូនៃធនាគារអន្តរជាតិ CITIC ដែលកាន់កាប់ដោយរដ្ឋចិន បាននិយាយថា វាជាការបញ្ជាក់យ៉ាងច្បាស់មកពីអ្វីដែលត្រូវបានគេនិយាយអំពីរ៉ែកម្រ ដែលជាអាវុធមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងអាចប្រើ។ លោកបាននិយាយទៀតថា ការណ៍នេះមិនទំនងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើការតបតនៅពេលឆាប់ៗនេះទេ ប៉ុន្តែស្ថានភាពប្រហែលរីកកាន់តែធំឡើង បើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ពន្ធគយលើការនាំចេញទំនិញទៅក្រៅប្រទេសដែលនៅសេសសល់របស់ចិនទៅកាន់សហរដ្ឋអាមេរិកនោះ៕