ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lai Ching-te ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់


ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te ថ្លែង​នៅ​ក្នុង​ពិធី​ស្បថចូល​កាន់តំណែង​ ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te ថ្លែង​នៅ​ក្នុង​ពិធី​ស្បថចូល​កាន់តំណែង​ ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក Lai Ching-te បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ (Democratic Progressive Party (DPP)) ដែល​គាំទ្រ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ ​កាន់​អំណាច​នៅ​អាណត្តិ​ទី៣ ជា​បន្ត​ទៀត។ គណបក្ស​នេះ​បាន​ពន្លេច​ឡើង​ជាប់​ជានិច្ច​នូវ​ភាព​ខ្លាំងក្លា​របស់​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Lai បាន​បញ្ជាក់​ថា​ការ​ផ្ទេរ​អំណាច​លើក​ទី ៣ របស់​តៃវ៉ាន់​តាំងពី​ឆ្នាំ ១៩៩៦ មក​គឺ​ដោយសារ​ប្រជាជន​តៃវ៉ាន់ និង​ថា​កោះ​តៃវ៉ាន់​គឺ​ជា «តួអង្គ​ដែល​គេ​ទទួល​ស្គាល់​បំផុត​នៃ​ពិភព​ប្រជាធិបតេយ្យ»។

លោក Lai បាន​និយាយ​នៅ​ពីមុខ​ឥស្សរជន​បរទេស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​ថា៖ «នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ រដ្ឋបាល​របស់​ខ្ញុំ​នឹង​បន្ត​ប្រើប្រាស់​ភាព​ក្លៀវក្លា​នៃ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​ជា​កម្លាំង​ជា​និរន្តរ៍​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ជាតិ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ»។

នៅក្នុង​ការ​បង្ហាញ​អំពី​ឆន្ទៈ​ល្អ​របស់​លោក​ចំពោះ​ប្រទេស​ចិន លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​បញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​និង​យោធា​លើ​តៃវ៉ាន់​និង​ធ្វើការ​ជាមួយ​នឹង​តៃវ៉ាន់​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក Lai បាន​លើកឡើង​អំពី​ទេសចរណ៍​ជាក្រុម​និង​ការ​ចុះឈ្មោះ​និស្សិត​ចូលរៀន​ថា​ជា​ចំណុច​ពីរ​ដែល​តៃវ៉ាន់​និង​ចិន​អាច​ព្យាយាម​បន្ត​ឡើងវិញ​នូវ​ការ​ផ្លាស់ប្ដូរ​ទ្វេភាគី។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ចូរ​យើង​រួមគ្នា​បន្ត​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​និង​វិបុលភាព​ទៅវិញ​ទៅមក»។

ទោះបីជា​លោក Lai បាន​បញ្ជាក់​ជាថ្មី​អំពី​ឆន្ទៈ​របស់​រដ្ឋបាល​របស់​លោក​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ក៏ដោយ ក៏​លោក​បាន​លើកឡើង​ផងដែរ​អំពី​ភាព​ចាំបាច់​សម្រាប់​តៃវ៉ាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​នៅក្នុង​ការ​ប្រឈម​នឹង​សម្ពាធ​យោធា​កើនឡើង​ពី​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG