សភាជាតិប្រជាជនចិនរបស់ប្រទេសចិនបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះដើម្បីលុបចោលនូវការកំណត់អាណត្តិប្រធានាធិបតី។
ការបោះឆ្នោតនេះបានបង្កើតនូវវិថីមួយដែលប្រធានាធិបតីចិនបច្ចុប្បន្នលោក Xi Jinping អាចដឹកនាំប្រទេសចិនបានដោយគ្មានកាលកំណត់។
អាណត្តិជាប្រធានាធិបតីបច្ចុប្បន្នរបស់លោក Xi Jinping នឹងចប់នៅក្នុងឆ្នាំ ២០២៣ ប៉ុន្តែអ្នកវិភាគនានាអះអាងថា លោកទំនងជាបន្តធ្វើជាមេដឹកនាំរបស់ប្រទេសចិនបន្តទៅមុខទៀត។
វិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅថ្ងៃអាទិត្យនេះ ក៏នឹងបញ្ចូលផងដែរនូវគំនិត និងទស្សនវិស័យនយោបាយរបស់លោក Xi Jinping ដែលការធ្វើដូច្នេះគឺជាលើកដំបូងបង្អស់សម្រាប់មេដឹកនាំចិនកំពុងកាន់តំណែង តាំងពីអាណត្តិរបស់ស្ថាបនិកប្រទេសចិនលោក ម៉ៅ សេទុង មក។
វិសោធនកម្មរដ្ឋធម្មនុញ្ញទាំងនេះក៏មានបញ្ជាក់នៅក្នុងឃ្លាច្បាស់លាស់ជាងពេលណាៗទាំងអស់មួយផងដែរ ដែលថា គណបក្សកុម្មុយនិស្តចិនមានសិទ្ធិអំណាចគ្រប់គ្រងលើកិច្ចការទាំងអស់ ហើយគណបក្សនេះគឺជាអង្គការនយោបាយតែមួយគត់ដែលសក្ដិសមដឹកនាំប្រទេសចិន។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះបានធ្វើឲ្យមានការរិះគន់ជាច្រើននៅក្នុងប្រទេសចិន។ វិធានការនយោបាយដែលតម្រូវឲ្យមេដឹកនាំចិនអាចកាន់អំណាចបានគ្មានការកំណត់ដូចនេះ បានធ្វើឲ្យប្រជាពលរដ្ឋចិនភាគច្រើននឹកឃើញឡើងវិញនូវការដឹកនាំរបស់លោក ម៉ៅ សេទុង ដែលធ្វើឲ្យប្រទេសចិនមានភាពច្របូកច្របល់ និងបដិវត្តន៍វប្បធម៌ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧៦៕