ការធ្លាក់ចុះនូវសេដ្ឋកិច្ចចិន អាចមានផលប៉ះពាល់ទៅលើតំបន់អាស៊ីអាគ្នេយ៍ ខ្លាំងជាងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបដោយសារប្រទេសជិតខាងជាច្រើនរបស់ចិន ពឹងផ្អែកទៅលើពាណិជ្ជកម្មជាមួយប្រទេសនេះដើម្បីកំណើនសេដ្ឋកិច្ច។
ខណៈដែលប្រទេសជិតខាងចិនជាច្រើនមានអារម្មណ៍ថាពួកគេកំពុងរងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចចិន ប្រជាពលរដ្ឋវណ្ណៈកណ្តាលដែលមានចំនួនកាន់តែច្រើនឡើងនៅក្នុងតំបន់ ក៏កំពុងជួយធ្វើជារនាំងការពារសម្រាប់ប្រទេសទាំងនោះផងដែរ។
ផលិតផលក្នុងស្រុកសរុបឬ GDPចិន មានអត្រាកំណើន ៦.៧ ភាគរយ ក្នុងពាក់ឆមាសទី១នៃឆ្នាំនេះ ដែលជាអត្រាទាបបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកលលោកនៅដើមឆ្នាំ២០០៩មក។
លោក Joseph Incalcaterra សេដ្ឋកិច្ចវិទូនៃធនាគារ HSBC បានមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ ២០០០ដល់២០០៥ ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០០៦ ដល់២០១៤ អ្វីដែលយើងឃើញនោះគឺថាដំបូងឡើយ សហរដ្ឋអាមេរិក ឬសូម្បីតែសហភាពអឺរ៉ុប គឺជាអ្នករុញច្រានកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ គឺប្រទេសចិនទៅវិញទេ លើកស្ទួយសេដ្ឋកិច្ចអាស៊ី។ យើងមើលឃើញថា កំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនៅប្រទេសចិន ធ្វើឲ្យមានផលប៉ះពាល់ដល់ការនាំចេញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល»។
ផលិតផលក្នុងស្រុកសរុបឬ GDP ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលគឺមានចំនួន ២.៦០០ ពាន់លានដុល្លារ។
នៅឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ បានធ្លាក់ចុះនៅក្នុងប្រទេសចំនួន៧ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដែលនាំចេញទំនិញយ៉ាងច្រើនទៅកាន់ប្រទេសចិន៕