ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិនិយោគ​ផ្ទាល់​របស់​ចិន​នៅ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង


នេះ​ជា​ទិដ្ឋាភាព​នៃ​ទីក្រុង Los Angeles ដែល​មាន​កំពូល​អគារ Oceanwide Plaza មើល​ឃើញ​នៅ​ខាង​ក្រោយ​ជាមួយ​នឹង​ឧបករណ៍​ស្ទួច។
នេះ​ជា​ទិដ្ឋាភាព​នៃ​ទីក្រុង Los Angeles ដែល​មាន​កំពូល​អគារ Oceanwide Plaza មើល​ឃើញ​នៅ​ខាង​ក្រោយ​ជាមួយ​នឹង​ឧបករណ៍​ស្ទួច។

ការ​វិនិយោគ​ផ្ទាល់​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ដល់​កំពូល​នៅ​ក្នុង​ឆ្នាំ ២០១៦ ដោយ​កើន​រហូត​ដល់​ចំនួន ៦០ ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Rhodium Group។

ឧទាហរណ៍​មួយ​នៃ​ចំណុច​នេះ​គឺ​រមណីយដ្ឋាន​កម្សាន្ត Oceanwide Plaza ដែល​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​អស់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ទីក្រុង Los Angeles។ ការងារ​សាងសង់​បាន​ជាប់​គាំង​នៅ​ក្នុង​ខែ​មករា សម្រាប់​អាគារ​ខុនដូ សណ្ឋាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​លក់​រាយ ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ដ៏​មាន​តម្លៃ​ជិត​មជ្ឈមណ្ឌល​សន្និបាត​របស់​ទីក្រុង Los Angeles និង​បណ្ដុំ​អាគារ ដែល​ក្រុម​បាល់​បោះ Lakers និង​ក្រុម​បាល់​បោះ Clippers លេង​នៅ​ទី​នោះ។

ភាព​ជាប់​គាំង​នេះ​គឺ​ជា​សញ្ញា​មួយ​នៃ​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​វិនិយោគ​ពី​ប្រទេស​ចិន នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​មហា​អំណាច​ពិភពលោក​ទាំង​ពីរ។

មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នេះ​គឺ​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dale Goldsmith មេធាវី​ផ្នែក​ដីធ្លី​នៅ​ទីក្រុង Los Angeles។

លោក Goldsmith ថ្លែង​ដូច្នេះ​ថា៖ «យើង​ឃើញ​មាន​ការ​គ្រប់គ្រង​រូបិយវត្ថ​មិន​ឲ្យ​ហូរ​ចេញ​ពី​ប្រទេស​ចិន ដែល​នៅ​ទី​នោះ ក្រុមហ៊ុន​ជា​ច្រើន​បាន​វិនិយោគ​លើ​ផ្នែក​ដែល​មាន​ហានិភ័យ​ទាប។ ខ្ញុំ​គិត​ថា វា​ប្រហែល​ជា​មក​ពី​ការ​វិនិយោគ​លើ​ផ្នែក​ដែល​មាន​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស ដែល​នៅ​ទី​បំផុត ប្រទេស​ចិន​បាន​បង្ក្រាប​លើ​រឿង​នេះ‍»។

មូលហេតុ​មួយ​ទៀត​គឺ​ការ​បង្កើន​ការ​ត្រួត​ពិនិត្យ​របស់​គណៈកម្មាធិការ​វិនិយោគ​បរទេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

វិទ្យាស្ថាន​ស្រាវជ្រាវ Rhodium Group បាន​ប៉ាន់​ប្រមាណ​ថា ការ​ត្រួត​ពិនិត្យ​របស់​គណៈកម្មាធិការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ចិន​បោះបង់​ចោល​នូវ​កិច្ចសន្យា​វិនិយោគ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​មាន​ទឹក​ប្រាក់​ជាង ២ ពាន់ ៥ រយ​លាន​ដុល្លារ។

លោក Goldsmith បាន​បន្ថែម​ថា សេដ្ឋកិច្ច​ខ្លាំងក្លា​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា​មូលហេតុ​មួយ​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​របស់​ចិន​នេះ។

លោក Goldsmith និយាយ​ថា៖ «ប្រាក់​ដុល្លារ​អាមេរិក​មាន​ឥទ្ធិពល​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការ​វិនិយោគ​មិន​សូវ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ជនជាតិ​ចិន និង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ចំណុច​មួយ​ទៀត​គឺ​ថ្លៃ​សាងសង់​កើន​ឡើង​ខ្ពស់​បំផុត‍»។

ចំណុច​ចុង​ក្រោយ ដែល​នោះ​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នៅ​បន្ត​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បាន​បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​ក្នុង​បរិយាកាស​វិនិយោគ​ដែល​កំពុងតែ​មាន​ការ​ប្រឈម​រួច​មក​ហើយ។

សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បង្កើត​ទំនោរ​មួយ​ផ្សេង​ទៀត ដែល​នោះ​គឺ​ការ​គេច​ពី​ពន្ធ​គយ​ខ្ពស់ ដោយ​ក្រុមហ៊ុន​អន្តរជាតិ​នានា​បាន​ផ្លាស់​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រទេស​ខ្លះ​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ ប្រទេស​ផ្សេង​ទៀត​កំពុង​ព្យាយាម​បង្កើន​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ពួកគេ ដើម្បី​ទប់ទល់​ជាមួយ​នឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

ដរាប​ណា​ភាព​តានតឹង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​ខ្ពស់ ទីក្រុង Los Angeles និង​ទីក្រុង​ផ្សេង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ស្វែង​រក​មូលធន​វិនិយោគ​ពី​កន្លែង​ផ្សេង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG