ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកនឹងពន្យារពេលរឿងយកពន្ធគយថ្មីលើទំនិញរបស់ចិន ដោយសារតែអ្វីដែលលោកបានបញ្ជាក់ថាជា «ដំណើរវិវឌ្ឍដ៏សំខាន់» នៅក្នុងការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «នេះជាចុងសប្ដាហ៍ដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន»។ លោកបានបញ្ជាក់ថា ភាគីទាំងពីរមានដំណើរវិវឌ្ឍទៅមុខលើ «បញ្ហាគ្រឹះសំខាន់ៗមួយចំនួន ដូចជាការការពារកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយវត្ថុ និងបញ្ហាផ្សេងៗទៀត»។
កន្លងមក លោក Trump បានកំណត់យកថ្ងៃទី ១ ខែមីនា ជាថ្ងៃផុតកំណត់នៃការដំឡើងពន្ធគយថ្មីពី ១០ ទៅ ២៥ ភាគរយ លើទំនិញចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចឡើង។
លោក Trump មិនបានបញ្ជាក់ថាតើភាគីទាំងពីរខិតជិតគ្នាបានកម្រិតណានោះទេ។ ប៉ុន្តែ លោកបាននិយាយថា លោកនឹងរៀបចំជំនួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅរមណីយដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida ដើម្បី «សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។
មន្ត្រីជាន់ខ្ពស់អាមេរិកាំង និងមន្ត្រីជាន់ខ្ពស់ចិនបានជួបពិភាក្សាគ្នាជាហូរហែកន្លងមកនៅក្នុងទីក្រុងប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន តាំងពីលោក Trump និងលោក Xi Jinping បានប្រកាសទុកពេល ៩០ ថ្ងៃ ដើម្បីចរចាដោះស្រាយជម្លោះពាណិជ្ជកម្ម កាលពីខែធ្នូ ឆ្នាំមុន។
សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនជាយូរមកហើយថាធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។ ការចោទប្រកាន់ទាំងនោះមានដូចជា ការលួចកម្មសិទ្ធិបញ្ញា និងការទាមទារឲ្យក្រុមហ៊ុនអាមេរិកាំងផ្ដល់ព័ត៌មានពាណិជ្ជកម្មសម្ងាត់ដល់ចិន ប្រសិនបើក្រុមហ៊ុនទាំងនោះចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសចិនជាដើម៕