ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​កាណាដា​ថា​ ចិន​កាត់ទោស​ជនជាតិ​កាណាដា​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១១​ឆ្នាំ​ដោយ​«អយុត្តិធម៌»


រូបឯកសារ៖ នៅ​ក្នុង​រូបភាព​កាល​ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នេះ បង្ហាញ​ពី​លោក Michael Spavor នាយក​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា Paektu Cultural Exchange ផ្ដល់​អត្ថាធិប្បាយ​ក្នុង​អំឡុងពេល​នៃ​បទសម្ភាសន៍​មួយ​តាម Skype ក្នង​ក្រុង Yanji ប្រទេស​ចិន។
រូបឯកសារ៖ នៅ​ក្នុង​រូបភាព​កាល​ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នេះ បង្ហាញ​ពី​លោក Michael Spavor នាយក​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា Paektu Cultural Exchange ផ្ដល់​អត្ថាធិប្បាយ​ក្នុង​អំឡុងពេល​នៃ​បទសម្ភាសន៍​មួយ​តាម Skype ក្នង​ក្រុង Yanji ប្រទេស​ចិន។

នាយក​រដ្ឋមន្ត្រី​កាណាដា​លោក ​Justin Trudeau ​និយាយ​ថា ​ការដែលតុលាការ​ចិន​កាត់ទោស​ឲ្យ​លោក ​Michael Spavor ​ពាណិជ្ជករ​ជាតិ​កាណាដា​ជាប់​ពន្ធនាគារ​១១​ឆ្នាំ​ គឺជា​«ការកាត់​ទោស​មិន​អាច​ទទួល​យក​បាន​ និង​អយុត្តិធម៌​ទាំងស្រុង»។

តុលាការ​នៅ​ទីក្រុង ​Dandong ​ភាគ​ពាយព្យ​ប្រទេស​ចិន​បាន​កាត់ទោស​លោក ​Spaver ​នៅ​ថ្ងៃ​ពុធ​ពី​បទ​ចារកម្ម។ ​ សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ជិត​៦​ខែ ​បន្ទាប់ពី​ការ​កាត់ទោស​សម្ងាត់​រយៈ​ពេល​មួយ​ថ្ងៃ​ដែល​សូម្បី​តែ​អ្នក​ការទូត​កាណាដា​ក៏​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូល​រួម​ដែរ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​លោក​ Trudeau ​បាន​ថ្កោលទោស​«ការ​ខ្វះ​តម្លាភាព​នៅ​ក្នុង​ដំណើរ​ការ​ច្បាប់ ​និង​ការ​កាត់ទោស​នោះ​មិន​បាន​ផ្តល់​នូវ​បទដ្ឋាន​អប្បរមា​ដែល​តម្រូវ​ដោយ​ច្បាប់​អន្តរជាតិ»។​

សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​គេហទំព័រ​តុលាការ​បាន​បញ្ជាក់​ថា​ លោក ​Spavor​ នឹង​ត្រូវ​និរទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​ទោស​លោក ប៉ុន្តែ​មិន​បាន​និយាយ​ថា ការ​និរទេស​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ។​

លោក​ Spavor ​បាន​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អាជ្ញាធរ​កាណាដា​បាន​ចាប់​ខ្លួន​លោក​ស្រី ​Meng Wanzhou ​ប្រធាន​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Huawei​ របស់​ចិន​ នៅ​ក្នុង​ទីក្រុង ​Vancouver​ ប្រទេស​កាណាដា​ តាម​ដីកា​របស់​សហ​រដ្ឋ​អាមេរិក។​

ការ​ចាប់​ខ្លួន​លោក ​Spavor​ និង​លោក ​Michael Kovrig​ អ្នក​ការទូត​កាណាដា​ នៅ​ខែ​តែ​មួយ​នោះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ក្រុង ​Ottawa​ ថា​ បុរស​ទាំង​២​នាក់​នេះ​បាន​ត្រូវ​ចាប់​ខ្លួន​ជា​ការ​សងសឹក​ចំពោះ​ការ​ចាប់​ខ្លួន​លោកស្រី Meng។​

សាលក្រម​កាត់​ទោស​លោក ​Spavor កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ចិន​បាន​កាត់ទោស​ប្រហារ​ជីវិត​លោក ​Robert Lloyd Schellenberg ​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​កាត់​ទោស​កាលពី​ឆ្នាំ​២០១៨​ពីបទ​ជួញ​ដូរ​ថ្នាំ​ញៀន​មេតំហ្វេតាមីន។ ​លោក ​Schellenberg ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០១៤ ​ ​ហើយ​កាលពី​ដំបូង​ លោក​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ​ប៉ុន្តែ​ទោស​របស់​លោក​បាន​ផ្លាស់ប្តូរ​ក្នុង​ការ​កាត់ទោស​ឡើង​វិញ​រយៈ​ពេល​មួយ​ថ្ងៃ​នៅឆ្នាំ​២០១៩គឺ​ភ្លាមៗ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក​ស្រី​ Meng។​

លោក​ស្រី ​Meng ​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ទីក្រុង ​Vancouver​ នៅ​ពេល​លោក​ស្រី​តតាំង​នឹង​ដីកា​បត្យាប័ន​បញ្ជូន​ខ្លួន​មក​កាន់​សហ​រដ្ឋ​អាមេរិក។ ​លោក​ស្រី ​Meng ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទភូតកុហក​មន្ត្រី​សហ​រដ្ឋ​អាមេរិក​អំពី​ជំនួញ​របស់​ក្រុមហ៊ុន ​Huawei ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​រង​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក៕​

(ព័ត៌មាន​ខ្លះ​ក្នុងសេចក្តីរាយការណ៍នេះដកស្រង់​ពីទីភ្នាក់ងារសារព័ត៌មាន​The Associated Press, Reuters និង AFP)

XS
SM
MD
LG