ប្រទេសចិនបានបិទភូមិមួយទៀតនៅតំបន់ Inner Mongolia កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីអ្នកភូមិម្នាក់បានស្លាប់ដោយសារជំងឺប៉េស្ត។ នេះគឺជាការបិទលើកទីពីរនៅក្នុងតំបន់នេះ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
បើយោងតាមសេចក្ដីប្រកាសដែលចេញដោយគណៈកម្មការសុខាភិបាលក្រុង Bayannaoer អ្នកជំងឺម្នាក់ក្នុងតំបន់នោះដែលកើតជំងឺប៉េស្តបានស្លាប់កាលពីថ្ងៃសុក្រ ដោយសារការខូចខាតសរីរាង្គជាច្រើន។ អ្នកជំងឺនេះគឺជាអ្នកជំងឺប៉េស្តទីពីរដែលត្រូវបានគេរាយការណ៍នៅក្នុងខែនេះនៅក្នុងតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន។
សេចក្ដីប្រកាសដែលបង្ហោះនៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការសុខាភិបាលក្រុង Bayannaoer បានបញ្ជាក់ថា៖ «កន្លែងរស់នៅរបស់អ្នកជំងឺប៉េស្តនេះត្រូវបានបិទ ហើយការស៊ើបអង្កេតដ៏ទូលំទូលាយលើរោគរាតត្បាតនេះកំពុងធ្វើឡើង»។
ការបិទលើកទីមួយត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Baotou ដែលនៅក្បែរនោះ នៅពេលដែលគណៈកម្មការសុខាភិបាលនៃទីក្រុងនេះបានប្រកាសថា អ្នកភូមិម្នាក់នៅទីនោះបានស្លាប់ដោយសារខូចខាតប្រព័ន្ធដំណើរឈាម។
ជំងឺប៉េស្តគឺជាជំងឺឆ្លងដ៏កាចសាហាវមួយ និងជារឿយៗបណ្ដាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត «ដោយអត្រាស្លាប់មានពី ៣០% ទៅ ១០០% ប្រសិនបើមិនទទួលបានការព្យាបាល»។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក WHO។
ទោះបីជាជំងឺប៉េស្តនេះឆ្លងភាគច្រើនតាមរយៈប្រភេទសត្វកកេរក៏ដោយ ក៏អាជ្ញាធរនៅក្នុងទីក្រុងទាំងពីរខាងលើបានព្រមានថា ការឆ្លងពីមនុស្សទៅមនុស្សគឺអាចទៅរួច។
អ្នកដែលមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលទាំងអស់ជាមួយនឹងអ្នកជំងឺត្រូវបានដាក់នៅដាច់ដោយឡែកពីគេ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការទាំងពីរ។ គណៈកម្មការទាំងពីរនេះក៏បានជំរុញផងដែរឲ្យប្រជាពលរដ្ឋកាត់បន្ថយការប៉ះពាល់ជាមួយនឹងសត្វព្រៃ និងជៀសវាងការបរបាញ់ ការបកស្បែក ឬក៏ការបរិភោគសត្វណាដែលអាចបង្កឲ្យមានការឆ្លងជំងឺ៕