ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សាជាថ្មី ក្រោយ​ពី​ជិត​លុបបំបាត់​បាន​ទាំងស្រុង​


រូបឯកសារ៖ បុគ្គលិកសុខាភិបាលវៀតណាម្នាក់យកសំណាកឈាមដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងហាណូយ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលវៀតណាម្នាក់យកសំណាកឈាមដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងហាណូយ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

មន្រ្តី​វៀតណាម​កំពុង​តែ​ប្រញាប់ប្រញាល់​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​បន្ទាន់​សា​ជាថ្មី បន្ទាប់​ពី​ត្រូវបាន​រាយការណ៍ថា ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចប្រឹងប្រែង​ទប់ទល់​នឹងជំងឺ​នេះ​កាល​ពី​ដើម​ឆ្នាំ​នេះ។

អាជ្ញាធរវៀតណាម​បាន​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទី​ក្រុង​ដាណាង កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ បន្ទាប់​ពី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​ទៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ថ្មី​នៅ​តំបន់ខាង​ក្នុង​ និង​នៅជិត​ក្រុង​ដាណាង​ បាន​កើន​ដល់ ៣០ករណី​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កក្កដា​ ដែល​ភាគច្រើន​នៃករណី​ឆ្លង​ថ្មី​នេះ​ត្រូវ​បានកំណត់ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​មួយ។​

ពលរដ្ឋ​ចំនួន ៩៧​លាន​នាក់​នៅ​ប្រទេសវៀតណាម​ ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ ព្រួយបារម្ភ​ថា ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្រុង​ដាណាង​នឹង​បន្ត​រីករាលដាល និង​បង្ក​ឲ្យ​មា​នការ​បិទ​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​សាជាថ្មី ដូច​ការ​បញ្ជា​ឲ្យ​បិទ​សកម្មភាព​សេដ្ឋកិច្ច​អស់​រយៈពេល​ជិត​មួយ​ខែ​រហូត​ដល់​ចុង​ខែ​មេសា។

​លោក Adam McCarty អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Mekong Economics ក្នុង​ក្រុង​ហាណូយ​បាន​និយាយថា៖ «វា​អាច​ជា​ការ​រាតត្បាតជា​ថ្មី​ម្តង​ទៀត ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម​មាន​ការ​ព្រួយបារម្ភ​ ពីព្រោះ​ពួកគេ​គិត​ថា ពួកគេ​បាន​ឆ្លង​កាត់​វា​ផុត​រួច​ទៅ​ហើយ។ ប៉ុន្តែ​ដូចជាប្រទេស​ដទៃ​ទៀត​លើ​សាកលលោក​បាន​រក​ឃើញ​ គឺថា ជំងឺ​នេះ​រាតត្បាត​លឿន​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត»។

​ខណៈ​ដែល​តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​វៀតណាម​មាន​ទាប​ខ្លាំង​ មិន​ដូច​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ចំនួន​រាប់រយ​ករណី​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត វៀតណាម​មាន​មោទនភាព​ចំពោះ​ការ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាននៅ​ដើម​ឆ្នាំ​នេះ។ វៀតណាម​មិនមាន​ករណី​ឆ្លង​ថ្មី​អស់រយៈពេល​ ៩៩​ថ្ងៃ​ ហើយ​សេដ្ឋកិច្ចបាន​វិលត្រឡប់​មក​សភាព​ធម្មតា​វិញ​កាល​ពី​ថ្ងៃ​ឧសភា។

​ការ​ផ្អាក​ការ​ហោះហើរ និង​វិធានការ​ដាក់​នៅ​ដោយ​ឡែក​យ៉ាង​តឹងរ៉ឹង​បាន​រក្សា​ករណី​ឆ្លង​សរុប​មក​ត្រឹម​ចំនួន ៤៤៦ ដែល​នេះ​រួមមាន​ការ​ឆ្លង​នា​ពេល​ចុង​ក្រោយ​បង្អស់។ គិត​ត្រឹមថ្ងៃ​អង្គារ ទី​២៨ ខែ​កក្កដា មនុស្ស​ចំនួន ៣៦៩​នាក់​បាន​ជា​សះស្បើយ។

ក្រុង​ដាណាង ដែល​មាន​ប្រជាជន​ចំនួន ១,១ លាន​នាក់​ បាន​ផ្អាក​ទទួល​អ្នកទេសចរ​សម្រាប់​រយៈពេល​១៤​ថ្ងៃ ផ្អាក​ការ​ជួបជុំ និង​បិទ​សេវាកម្ម​ដែល​មិន​សំខាន់​ដូចជា រង្គសាល និង​សួនកម្សាន្ត។ នេះ​បើ​យោង​ទៅ​តាម​វេបសាយ​ព័ត៌មាន​ក្នុង​ស្រុក​វៀតណាម VnExpress International។

ក្រុមហ៊ុន​ប្រឹក្សាយោបល់​ Dezan Shira & Associates បាន​លើកឡើង​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា សេវាកម្ម​ហោះហើរ រថយន្តក្រុង តាក់ស៊ី និង​រថភ្លើង​ ទៅ​មក​ក្រុង​ដាណាង​ក៏​ត្រូវ​ផ្អាក​ផងដែរ។ ហើយ​អ្នកទេសចរ​រាប់​ពាន់​នាក់​ត្រូវ​ស្ថិត​នៅ​ក្រុង​មួយ​នេះ​សិន។

លោក Jack Nguyen ដៃ​គូសហការប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធុរកិច្ច​ Mazars ​ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា ការ​រាតត្បាត​ថ្មី​នេះ​នឹង​មិនរីកសាយភាយ​នោះ​ទេ ពីព្រោះ​ថា បើ​មិន​អញ្ចឹង​ទេ ពួកគេ [រដ្ឋាភិបាល] ​នឹង​បិទសេដ្ឋកិច្ច​ជា​ថ្មី​ម្តង​ទៀត។ ហើយ​ការណ៍​នេះ​នឹង​បង្ក​ការ​ប៉ះពាល់យ៉ាងខ្លាំង​ដល់​វិស័យធុរកិច្ច។ ខ្ញុំគិត​ថា វៀតណាម​មិន​អាច​ទ្រាំទ្រ​នឹង​ការ​បិទសេដ្ឋកិច្ច​ជា​ថ្មី​ម្តង​ទៀត​នោះ​ទេ»។​

វេបសាយ​ព័ត៌មាន ​VnExpress International​ ក៏​បាន​រាយការណ៍​ផងដែរ​ថា ខេត្ត Quang Nam ដែល​ជាប់​ព្រំប្រទល់​នឹង​ក្រុង​ដាណាង ក៏​បាន​គ្រោង​បិទ​រង្គសាល ហាងកាហ្វេអ៊ីនធឺណិត រោងភាពយន្ត និង​កន្លែង​ដទៃទៀត​ផងដែរ ចាប់ពី​ថ្ងៃ​ពុធ ទី២៩ ខែ​កក្កដា​តទៅ ដើម្បី​ទប់ទល់​នឹង​រាតត្បាត​វីរុស​កូរ៉ូណាសាជាថ្មី​។

លោក Jack Nguyen ដៃ​គូសហការប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធុរកិច្ច​ Mazars បាន​និយាយ​ថា៖ «ក្រុង​ដាណាង​គឺ​ចប់​ហើយ។ លែង​មែន​អ្នកទេសចរ​ចេញ​ចូល​ហើយ»។

​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ពី​៣ ទៅ​៤​ភាគរយ​នៅ​ឆ្នាំ​នេះ ដោយសារ​រោងចក្រ​បាន​ដំណើរការ​ឡើងវិញ បន្ទាប់​ពី​មាន​ការ​បិទសេដ្ឋកិច្ច​កាល​ពី​គ្រាមុន។ ការ​ធ្វើ​ដំណើរក្នុងស្រុក​ក៏​បាន​វិលត្រឡប់​មក​វិញ​ជា​ធម្មតា​ផងដែរ ខណៈពលរដ្ឋ​វៀតណាមត្រូវ​បាន​ជំរុញ​ឲ្យ​ធ្វើ​ដំណើរ​តាម​ជើងអាកាស​ក្នុងស្រុក និង​ធ្វើ​ដំណើរ​កម្សាន្ត​ទេសចរណ៍។ ​

Phuong Hong បុគ្គលិក​សណ្ឋាគារ​ដែល​មាន​ជា​សាខា​មួយ​នៅ​ក្រុង​ហូជីមិញ​ បាន​និយាយ​ថា ករណី​ឆ្លង​ជំងឺ​កូវីដ​១៩នៅ​ក្រុង​ដាណាង​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​អស់សង្ឃឹម បន្ទាប់​ពី​មាន​ការរីកចម្រើន​ក្រោយ​ពី​ការ​បិទសកម្មភាព​សេដ្ឋកិច្ច។ សណ្ឋាគារ​ដែល​ Phuong ធ្វើការ​មានសាខា​ចំនួន​ពីរ​ផងដែរ​នៅ​ក្រុង​ដាណាង ដែល​ត្រូវ​បាន​បិទទ្វារ​សាជាថ្មី​ និងសង​ប្រាក់​ទៅ​ភ្ញៀវ​វិញ ដែល​បាន​កក់​បន្ទប់​សម្រាប់​ខែ​សីហា។

Phuong បាន​លើកឡើង​ថា ​ជា​ទូទៅប្រជាជនមាន​អារម្មណ៍​ទុកចិត្ត ​ពីព្រោះ​មន្រ្តី​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ពួកគេ​ដឹង​ពី​របៀប​ការពារ​វីរុស​មិន​ឲ្យ​រាលដាល។ អ្នកដំណើរ​ដែល​វិលត្រឡប់​ពី​ក្រុង​ដាណាង​ទៅ​កាន់​ក្រុង​ហូជីមិញ​វិញ មុន​ពេល​ក្រុង​នេះ​ត្រូវ​បាន​បិទ​ ទទួល​បាន​ការ​ពិនិត្យ​សុខភាព និង​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយឡែក។ នាង​ក៏​បាន​កត់សម្គាល់​ផងដែរ​ថា តម្លៃ​ម៉ាស់​ក៏​បាន​ឡើង​ថ្លៃ​មួយ​ជា​បី​ផងដែរ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។

Phuong ​បាន​និយាយ​ថា៖ «យើង​ធ្លាប់​មាន​បទពិសោធន៍​លើកដំបូង​រួច​មក​ហើយ ដូច្នេះ​យើង​ចាំ​មើល​ថា បទ​ពិសោធន៍​នេះ​នឹង​ជួយ​យើង​បាន​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ការ​រាតត្បាត​ជំងឺ​សាជាថ្មី។ ប្រហែល​ករណី​ឆ្លង​នឹង​កើន​ឡើង មិនត្រឹម​តែ​នៅ​ក្រុង​ដាណាង​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅទី​ក្រុង​មួយ​ទៀត​ផង​ដែរ។ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​នាពេល​នេះ ប៉ុន្តែ​យើង​មិន​សូវ​ជ្រួលច្របល់​នោះ​ទេ»។​

វេបសាយ​សារព័ត៌មាន VnExpress International បាន​លើកឡើង​ថា នៅ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​មួយ អ្នក​ដំណើរ​ជាង​ពីរម៉ឺន​នាក់​បាន​លុបចោល​គម្រោង​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្លួន​ទៅ​កាន់​ទីកន្លែង​ផ្សេងៗ​នៅវៀតណាម​គិត​ត្រឹមថ្ងៃ​ទី​២៦ ខែ​កក្កដា។

លោក Adam McCarty អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Mekong Economics ក្នុង​ក្រុង​ហាណូយ បាន​និយាយ​ថា ប្រសិន​បើ​វីរុស​កូរ៉ូណា​ឆ្លង​រាតត្បាត​ហួស​ពី​ក្រុង​ដាណាង រដ្ឋាភិបាល​វៀតណាម​ប្រហែល​នឹង​បញ្ជា​ឲ្យ​បិទទីក្រុង​ជាក់លាក់​មួយ​ចំនួន​ ក្នុង​គោលដៅ​បំបាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ទីបំផុត។

លោក​បាន​មានប្រសាស៍​ថា៖ «ឥឡូវ​នេះ ពួកគេ​ពិតជា​មាន​ការ​រៀបចំ​បាន​ល្អ ដូច្នេះ​ពួកគេ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ហើយ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG