ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជាក់​ជំហរ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ប្រាប់​រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ កម្ពុជា​នឹង​បន្ត​ដើរ​តាម​នយោបាយ​ចិន​តែ​មួយ។

លោក ប្រាក់ សុខុន ថ្លែង​បែប​នេះ នៅ​ពេល​លោក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Yi ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​កម្ពុជា។

លោក ប្រាក់ សុខុន ដែល​នឹង​ឈប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា បាន​ថ្លែង​ថា គោល​នយោបាយ​ការបរទេស​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន​គឺ​មិន​ផ្លាស់ប្តូរ​ឡើយ បើ​ទោះបីជា​កម្ពុជា​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ក៏ដោយ។

លោក​បញ្ជាក់​ថា៖ «យ៉ាង​ណា​ក៏​ដោយ សូម​ឯកឧត្តម​ជឿ​ជាក់​ថា​រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​គោល​នយោបាយ​ដដែល ជា​ពិសេស​គោល​នយោបាយ​ការបរទេស​ជាមួយ​នឹង​ប្រទេស​ចិន គឺ​អនុវត្ត​នូវ គោរព​នូវ​គោល​នយោបាយ​ចិន​តែ​មួយ បន្ត​ពង្រឹង​នូវ​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ បន្ត​កសាង​សហគមន៍​វាសនា​រួម​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ហើយ​នឹង​បន្ត​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ»។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងពេលជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងពេលជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​លោក ប្រាក់ សុខុន ក្រុម​ការងារ​កម្ពុជា​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ខាង​មុខ។

លោក ប្រាក់ សុខុន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ចិន​ផង​ដែរ​ចំពោះ​ទំនាក់​ទំនង​រឹងមាំ​និង​មិត្តភាព​ដែកថែប ហើយ​ប្រទេស​ចិន​បាន​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ខែ​កក្កដា​ដោយ​លោក Wang Yi ថា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។

ជាង​នេះ​ទៀត លោក ប្រាក់ សុខុន បាន​ថ្លែង​អំណរ​គុណ​ដល់​ភាគី​ចិន ដោយ​ថា​ចិន​បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា​ជំនាន់​ថ្មី។

នៅ​ចំពោះ​មុខ​លោក ប្រាក់ សុខុន លោក Wang Yi បាន​និយាយ​ដោយ​ត្រូវ​បាន​ប្រែ​សម្រួល​ដោយ​អ្នក​បកប្រែ​ថា​លោក​មាន «សេចក្តី​សោមនស្ស​ជា​ទី​ក្រៃលែង» ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​គ្រា​កម្ពុជា​មាន​រដ្ឋាភិបាល​ថ្មី។

លោក Wang Yi បាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​ចង់​បង្ហាញ​ថា «ប្រទេស​ចិន​គាំទ្រ​យ៉ាង​រឹងមាំ» ដល់​ប្រទេស​កម្ពុជា និង «មាន​ទំនុក​ចិត្ត​យ៉ាង​ស៊ី​ជម្រៅ» ចំពោះ​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា។

រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២ ថ្ងៃ ដោយ​លោក​បាន​ក្លាយជា​អ្នក​ការទូត​ជាន់​ខ្ពស់​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ចិន​ដែល​ជួប​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ដោយ​នឹង​កាន់​អំណាច​ចាប់ពី​ថ្ងៃ​ទី ២២ ខែ​សីហា។

ដំណើរ​ទស្សន​កិច្ច​របស់​លោក Wang Yi មក​កាន់​កម្ពុជា​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​និង​ម៉ាឡេស៊ី។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​លោក​ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក Wang Yi ក៏​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

លោក លឹម ឆាយ អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​វីអូអេ​ថា កម្ពុជា​និង​ចិន​គឺ​ពិតជា​មាន​ជំហរ​ស្របគ្នា​លើ​របៀបវារៈ​ជាក់លាក់​នៃ​គោល​នយោបាយ​ការបរទេស។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទាំង​វិស័យ​នយោបាយ​និង​ការទូត ពួកគេ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​របៀបវារៈ​ជាក់លាក់។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​ច្បាស់​ណាស់​ថា​កម្ពុជា​គាំទ្រ​គោល​នយោ​បាយ​ចិន​តែ​មួយ​ហើយ​កម្ពុជា​ចាត់ទុក​ករណី​នៅ Xinjiang ហុងកុង និង​តៃវ៉ាន់​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន ដោយ​មិន​ជ្រៀតជ្រែក។ ត្រឡប់​មក​វិញ ចិន​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា បើ​ទោះបីជា​កម្ពុជា​នៅ​ក្រោម​របប​លោក ហ៊ុន សែន រង​ការ​រិះគន់​ពី​លោក​ខាង​លិច​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក៏ដោយ»។

ទោះ​ជា​យ៉ាងណា លោក​ព្រមាន​ថា​កម្ពុជា​មិន​ត្រូវ​គិត​តែ​ដើរ​តាម​ស្នាម​ជើង​របស់​ចិន​នោះ​ទេ ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​និង​ឯករាជ្យ​ភាព​នៃ​គោល​នយោបាយ​ការបរទេស​របស់​កម្ពុជា។

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក លោក លឹម ឆាយ លើក​ឡើង​ថា កម្ពុជា​មិន​មាន​ចេតនា​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​អ្វី​ដែល​អាមេរិក​ចង់​បាន​ឡើយ។ លោក​ជំរុញ​ឱ្យ​មាន​ការ​ជជែក​គ្នា​បន្ថែម​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​សហការ​គ្នា​លើ​វិស័យ​ដែល​អាច​សហការ​គ្នា​បាន ជាជាង​ត្រឹមតែ​មនោគមន៍​វិជ្ជា។

បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហបុរី «ចិន​សង្ឃឹម​ថា​នឹង​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ» ជាមួយ​ប្រទេស​ទាំង​នោះ។

ក្នុង​គ្រា​ដែល​រដ្ឋមន្រ្តី​ការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​រដ្ឋ Utah កាលពី​ថ្ងៃ​សុក្រ ដោយ​លើក​ឡើង​ថា​វៀតណាម​និង​កម្ពុជា​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក ហើយ​ពួកគេ​ចង់​ប្រាប់​ទៅ​ប្រទេស​ចិន​ថា​ពួកគេ​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ៕

XS
SM
MD
LG