រដ្ឋាភិបាលចិនបានដកតំណែងរដ្ឋមន្ត្រីការបរទេសដែលហ៊ាននិយាយដោយមិនសំចៃមាត់លោក Qin Gang និងដាក់លោក Wang Yi ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ឱ្យកាន់តំណែងជំនួសវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅក្នុងការប្រកាសមួយនៅល្ងាចថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនមិនបានផ្ដល់ហេតុផលណាមួយសម្រាប់ការដកតំណែងលោក Qin Gang នេះទេ ប៉ុន្តែការដកតំណែងនេះបានធ្វើឡើងបន្ទាប់ពីគេមិនបានឃើញលោកលេចមុខជាសាធារណៈជិតមួយខែកន្លងមក នៅចំពេលមានការសង្ស័យទាក់ទិននឹងរឿងផ្ទាល់ខ្លួនរបស់លោកនិងការប្រជែងនយោបាយ។
ក្រសួងការបរទេសចិនមិនបានផ្ដល់ព័ត៌មានណាមួយអំពីស្ថានភាពរបស់លោក Qin Gang នោះទេដោយសម្របតាមវិធីស្ដង់ដាររបស់គណបក្សកុម្មុយនីស្តចិនចំពោះបញ្ហាផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធនយោបាយដ៏ស្មុគស្មាញខ្លាំងមួយដែលប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពនៃការបញ្ចេញមតិត្រូវបានរឹតត្បិតយ៉ាងតឹងតែង។
ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយណាមួយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃអង្គារនេះទេ។ វិធានការនេះបានធ្វើឡើងនៅចំពេលមានប្រតិកម្មខ្លាំងក្លាពីបរទេសប្រឆាំងនឹងគោលនយោបាយការបរទេសដ៏គឃ្លើនកាន់តែខ្លាំងឡើងរបស់ចិន ដែលគោលនយោបាយនេះត្រូវបានលោក Qin Gang ជាអ្នកស្នើឡើងជាចម្បង៕
ភ្នំពេញ —