ប្រទេសចិនបានព្រមាននៅថ្ងៃចន្ទនេះថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើពលរដ្ឋអាមេរិកាំងណាដែលបាន «ធ្វើទង្វើមិនល្អ» ទាក់ទិននឹងរឿងទីក្រុងហុងកុង។ ចិនព្រមានដូច្នេះមុនពេលដែលសភាចិនគ្រោងនឹងអនុម័តលើសំណើច្បាប់សន្តិសុខជាតិថ្មីដ៏ប្រទាំងប្រទើសមួយសម្រាប់ទីក្រុងហុងកុង។
កាលពីថ្ងៃសុក្រ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើមន្ត្រីចិនមួយចំនួនដែលបានរំលោភលើស្វ័យភាពរបស់ទីក្រុងហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅថ្ងៃចន្ទនេះថា គម្រោងរបស់សហរដ្ឋអាមេរិក «នៅក្នុងការរារាំងដល់ការអនុម័តសំណើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុងនេះនឹងមិនបានជោគជ័យនោះទេ»។
លោក Zhao Lijian បញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលចិនបានសម្រេចដាក់កំហិតទិដ្ឋាការប្រឆាំងនឹងបុគ្គលអាមេរិកាំងណា ដែលបានធ្វើទង្វើមិនល្អទាក់ទិននឹងរឿងទីក្រុងហុងកុងនេះ»៕