ប្រទេសចិនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្យាយាមបង្វែរការរិះគន់ទាក់ទិននឹងការគ្រប់គ្រងមិនបានល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់លើវិបត្តិជំងឺកូវីដ១៩។
ការលើកឡើងដូច្នេះរបស់ចិនគឺជាការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលគំរាមផ្អាកការផ្ដល់ថវិកាឧបត្ថម្ភចំពោះអង្គការសុខភាពពិភពលោក។
កាលពីថ្ងៃច័ន្ទម្សិលមិញ លោក Trump បានគំរាមថានឹងពិចារណាអំពីសមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការសុខភាពពិភពលោក ប្រសិនបើអង្គការនេះមិនប្ដេជ្ញាធ្វើឲ្យបានប្រសើរជាងមុននៅក្នុងរយៈពេល ៣០ ថ្ងៃ ខាងមុខនេះទេ។ លោក Trump បាននិយាយទៀតថា អង្គការនេះបានបង្ហាញឲ្យឃើញនូវ «កង្វះភាពឯករាជ្យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត» ពីប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងបានប៉ាន់ស្មានខុស ដោយព្យាយាមប្រើប្រទេសចិនជាលេសដើម្បីគេចពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្លួន៕