ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនបញ្ជូន​យោធា​ និង​វេជ្ជបណ្ឌិត​ទៅ​កាន់​ទីក្រុង​សៀងហៃ​ ដើម្បី​​ធ្វើ​តេស្ត​កូវីដ១៩​ដល់​ពលរដ្ឋ​ចំនួន​២៦លាននាក់


បុគ្គលិក​សុខាភិបាល និង​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​មួយ​ចំនួន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ដល់​អ្នក​រស់នៅ​ក្នុង​អគារ​ស្នាក់នៅ​មួយ​កន្លែង​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (AFP)

ចិន​បាន​បញ្ជូន​យោធា​និងបុគ្គលិក​ពេទ្យ​រាប់ពាន់​នាក់ទៅ​កាន់​ទីក្រុង​សៀងហៃ​ ដើម្បី​ជួយ​ធ្វើ​តេស្ត​រក​ជំងឺកូវីដ​១៩​ ដល់​ពលរដ្ឋ​ទាំង​២៦លាននាក់​របស់​ទីក្រុង​នេះ​នៅ​ថ្ងៃ​ចន្ទ ដែលជា​ការ​ឆ្លើយ​តប​ខាង​សុខភាព​សាធារណៈ​ដ៏​ធំបង្អស់​មួយ​ មិន​ធ្លាប់​ដែល​មាន​ក្នុង​ពេល​កន្លង​ទៅ។​ ​នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ​

​ពលរដ្ឋ​ចិន​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ភ្ញាក់​ពី​ដំណេកមុន​ពេល​ព្រលឹម​ស្រាង​ៗ​ ដើម្បី​ធ្វើ​តេស្ត​នៅ​តាមជួរ​ផ្ទះ​ល្វែងរបស់គេ។ មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់ជួរ ដោយមិនបានផ្លាស់​សម្លៀក​បំពាក់​គេង​ឡើយ។

​កងទ័ព​រំដោះ​ប្រជាជន​ចិន​កាលពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​ប្រមាណ​២​ពាន់​នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពីកង​ទ័ព​ជើង​គោក​ និងជើង​ទឹក​ ​ដើម្បី​ចូល​រួម​គាំទ្រ​ជា​មួយ​កម្លាំងផ្សេងៗទៀត​ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង​សៀងហៃ​នោះ។​ ​

ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​ ដែល​រួម​មានខេត្ត Jiangsu ខេត្ត​ Zhejiang និង​ទីក្រុង​ប៉េកាំង​ បាន​បញ្ជូន​ក្រុម​បុគ្គលិក​សុខាភិបាលទៅ​កាន់​ទីក្រុង​សៀងហៃ។ សេចក្តី​រាយការណ៍​របស់​សារព័ត៌មានខ្លះ កាក់ស្មាន​ថា​មាន​ចំនួន​ទាំងអស់​ប្រមាណ​ជាង​១ម៉ឺននាក់។

​ទីក្រុង​សៀងហៃ​ ដែល​ត្រូវ​បាន​ចាប់​ផ្តើមធ្វើ​ការ​បិទខ្ទប់២​ដំណាក់កាល​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ហើយ​ដែល​ត្រូវ​បានពង្រីក​វិធានការ​របស់​ខ្លួនដោយ​ហាមពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​របស់​គេ​នោះ​ បាន​រកឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៨.៥៨១ ដែលគ្មាន​រោគសញ្ញា និង​អ្នក​ឆ្លង​ចំនួន​៤២៥​នាក់​ផ្សេង​ទៀត​ មាន​រោគសញ្ញា​កាល​ពី​ម្សិល​មិញ។ អាជ្ញាធរ​ចិន​ក៏​បាន​ឲ្យ​ពលរដ្ឋធ្វើ​តេស្តរក​កូវីដ១៩​ដោយ​ខ្លួនឯង​ផង​ដែរ​ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស។ បើ​ទោះ​បី​ជា​ការ​ឆ្លងជំងឺកូវីដ១៩នៅ​ក្នុង​ទីក្រុង​សៀងហៃ​ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ បើ​ប្រៀបធៀបនឹង​ចំនួន​ស្តង់ដា​ពិភព​លោក​នោះ​ ​ទីក្រុង​នេះ​នឹង​ក្លាយ​ជា​ការ​សាក​ល្បង​មួយ​ ស្តី​ពី​យុទ្ធសាស្ត្រលុបបំបាត់ការ​ឆ្លង​ជំងឺកូវីដ១៩​របស់​ចិន​ ដោយ​ផ្អែក​ទៅ​លើ​ការ​ធ្វើ​តេស្ត​ ការ​តាម​ដាន​រក​អ្នក​ឆ្លង​ និង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​មាន​វិជ្ជមាន​កូវីដ១៩​ទាំង​អស់ និង​អ្នកដែល​នៅជិត​ពួកគេ។

យុទ្ធសាស្ត្រ​នេះ​ បាន​បង្ហាញ​ពី​ភាពតឹង​តែង​របស់​ខ្លួន​ ដោយ​ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​អំពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ដែល​មានមនុស្ស​ច្រើន​លើស​លុប និងគ្មាន​អនាម័យ​ និង​ការ​លំបាកក្នុង​ការ​រក​ម្ហូប​អាហារ​ និងជំនួយ​ផ្នែក​ពេទ្យ​សំខាន់ៗជា​ដើម។

ទោះជាយ៉ាងណាក៏ដោយ ក៏​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping ​បាន​ជំរុញឲ្យ​ប្រទេស​របស់​លោក​ ទប់​ទល់​នឹង​សន្ទុះ​នៃ​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​បាន ​ដោយ​ប្រកាន់​ខ្ជាប់នូវ​គោល​នយោបាយ​«បោសសម្អាត​ដ៏​ខ្លាំង» ។

កាល​ពី​ថ្ងៃ​សៅរ៍ ឧបនាយករដ្ឋមន្ត្រី​ចិន​ លោក Sun Chunlan ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​សៀងហៃ​ដោយ​រដ្ឋាភិបាល​មជ្ឈិម​នោះ​ បាន​ជំរុញឲ្យ​ទីក្រុង​នេះ ចាត់វិធានការ​ជា​បន្ទាន់​និងយ៉ាង​ហ្មត់ចត់​ ដើម្បីបង្ក្រាប​ការ​រាត​ត្បាត​ឆ្លង​នៃ​ជំងឺកូវីដ​១៩​នេះ៕

XS
SM
MD
LG