ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​វិភាគ​និយាយ​ថា ​កលល្បិច​របស់​ប្រទេស​ចិន​អាច​នាំ​ឱ្យ​មាន​ចលាចល​ក្នុង​ក្រុង​ហុងកុង


រូបឯកសារ៖ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងបាតុករ ដោយមានការបាញ់ទឹក នៅខាងក្រៅអគាររដ្ឋាភិបាល នៅក្រុងហុងកុង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងបាតុករ ដោយមានការបាញ់ទឹក នៅខាងក្រៅអគាររដ្ឋាភិបាល នៅក្រុងហុងកុង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​វិភាគ​ទស្សន៍​ទាយ​ថា​ គោល​ជំហរ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ចិន​អំពី​ដែនដី​ហុងកុង​ជា​សញ្ញា​បង្ហាញ​ថា​ ​នឹង​មាន​ចលាចល​ខាង​នយោបាយ​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​គ្រប់គ្រង​ពាក់​កណ្តាល​ស្វ័យភាព​ ហើយ​ទំនង​ជា​នឹង​មាន​បាតុកម្ម​ធំៗ​ជា​ថ្មី​ទៀត​ផងដែរ។​

អ្នក​វិភាគ​ទាំង​នេះ​មាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជា​ធិបតេយ្យ​សំខាន់ៗ​ចំនួន​១៥​នាក់​កាល​ពី​សប្តាហ៍​ទី​បី​នៃ​ខែ​មេសា​តាម​ការ​ចោទ​ពីបទ​ប្រមូល​ផ្តុំ​គ្នា​ដោយ​ខុស​ច្បាប់​ និង​ការ​ចោទ​ប្រកាន់​ថា​ ពីបទ​ចូល​រួម​ក្នុង​បាតុកម្ម​គ្មាន​ការ​អនុញ្ញាត​កាល​ពី​ឆ្នាំ​ទៅ​មិញ។​ ពួក​គេ​មាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ប្រកាស​របស់​ការិយាល័យ​សម្ព័ន្ធការ​នៃ​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​នេះ​ដែល​ថា​ ​ការិយាល័យ​សម្ព័ន្ធការ​នេះ​មិន​ទាក់​ទង​នឹង​មាត្រា​មួយ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ក្រុង​ហុងកុង​ដែល​ជា​ច្បាប់​ជា​មូល​ដ្ឋាន​រារាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ឱ្យ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ក្នុង​មូលដ្ឋាន និងមាន​ប្រតិកម្ម​ចំពោះ​ការ​អំពាវនាវ​របស់​ប្រធាន​នៃ​ការិយាល័យ​សម្ព័ន្ធការ​នេះ​ដែល​ឱ្យ​អាជ្ញាធរ​ហុងកុង​ប្រើ​ច្បាប់​អំពី​សន្តិសុខ​ជាតិ​ដែល​បាន​ត្រូវ​ផ្អាក​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​នោះ។

​អ្នក​វិភាគ​បន្ត​ថា​ ​កង្វល់​យ៉ាង​ខ្លាំង​របស់​ប្រទេស​ចិន​អំពី​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​បណ្តាល​មកពី​ការ​រាលដាល​វីរុស​កូរ៉ូណា​និង​ទំនាក់​ទំនង​តឹង​តែង​របស់​ចិន​ជាមួយ​ស.រ.អា.​បាន​នាំ​ឱ្យ​ប្រទេស​ចិន​ជំរុញ​ឲ្យ​ក្រុង​ហុងកុង​ ដែល​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ច្រើន​ខែ​នោះ​ ​ពន្លឿន​ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូង​ចម្រាស​នៅ​ក្រោយ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។​

ពួក​គេ​បានលើកឡើងបន្ថែមទៀតថា ​ ​ម្យ៉ាង​វិញ​ទៀត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់​ឃើញ​ថា ​ការ​ជាប់​រវល់​របស់​ពួក​បស្ចឹម​ប្រទេស​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជាសកល​នៃ​ជំងឺកូវីដ១៩ ​គឺ​ជា​ឱកាស​ល្អ​មួយ​ដើម្បី​ចាត់​វិធានការ​តឹង​តែង​ក្នុង​ក្រុង​ហុងកុង។​

លោក​ Kenneth Chan ​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Baptist ហុងកុង។​ លោក​បាន​និយាយ​ថា៖​ «សកម្ម​ភាពេ​របស់​ចិន​នេះ​គឺ​ជា​ការ​ប្រមាថ​មាក់ងាយ​មួយ​ដល់​របៀប​គ្រប់គ្រង​ប្រទេស​មួយ​ប្រព័ន្ធពីរ»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​និយាយ​យោង​ដល់​សេចក្តី​ប្រកាស​រួម​រវាង​ប្រទេស​ចិន​និង​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៨៤ ​ដែល​និយាយ​អំពី​គោល​ការណ៍​ប្រទេស​ចិន​គ្រប់គ្រង​ដែន​ដី​ហុងកុង។​

លោក​ Kenneth Chan ​បាន​ថ្លែង​ថា៖​ «ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នូវ​ឱកាស​មួយ​ក្នុង​ការ​ប្រើ​វិធាន​ការ​តឹងរ៉ឹង​លើ​ក្រុង​ហុងកុង»។​

លោក ​Steve Tsang ​ជា​នាយក​នៃ​វិទ្យាស្ថាន​អំពី​ប្រទេស​ចិន​នៃ​មហា​វិទ្យាល័យ​ផ្នែក​សិក្សា​អំពី​បូព៌ា​ប្រទេស​និង​ទ្វីបអាហ្វ្រិក ​ហៅ​កាត់​ថា​ SOAS ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។​ លោក​បាន​និយាយ​ថា​ ​បរាជ័យ​របស់​ពួក​បស្ចឹម​ប្រទេស​ក្នុង​ការ​ប្រុង​ប្រៀប​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​ជា​ឱកាស​នាំ​ឲ្យ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​លែង​មាន​អារម្មណ៍​ថា​ លោក​អាច​រង​គ្រោះ​ដោយសារ​ការ​ចាត់ចែង​មិន​ល្អ​របស់​លោក​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ពេល​ដំបូង​ ហើយ​លោក​គ្មាន​អារម្មណ៍​ថា​ លោក​ឋិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​នៅ​ខាង​ក្នុង​ចំណោម​ក្រុម​អ្នក​កាន់​អំណាច​ក្នុង​ប្រទេស​ចិន​ទេ»។​

ពួក​អ្នក​វិភាគ​ព្រមាន​ថា ការបង្ក្រាប​របស់​ប្រទេស​ចិន​នៅ​ក្នុង​ក្រុង​ហុងកុង​នឹង​កើន​ខ្លាំង​ឡើងៗ​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ។ ​អ្នក​វិភាគ​ខ្លះ​មាន​ជំនឿ​ថា ​ប្រទេស​ចិន​ជំរុញ​ឲ្យ​អាជ្ញាធរ​ហុងកុង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​នីតិ​បញ្ញត្តិ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។​ ពួក​អ្នក​វិភាគ​ទាំង​នេះ​និយាយ​ថា​ អាជ្ញាធរ​ហុងកុង​មាន​ការ​តប់​ប្រមល់​ដោយ​យល់​ថា​ ពួក​អ្នក​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រហែល​អាច​ឈ្នះ​ឆ្នោត​មាន​សំឡេង​ភាគ​ច្រើន​ដូច​ដែល​ពួក​គេ​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ។​

លោក​ Tsang ​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ប្រជាជនក្រុង​ហុងកុង​មិន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​ ការណ៍​នេះ​ជា​លេស​មួយ​សម្រាប់​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​ប្រើនយោបាយ​តឹងតែងដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​លុប​ចោល​ការ​បោះឆ្នោត​ក្នុង​ខែ​កញ្ញា​ផង​ដែរ។ ​លោក​ Xi​ ប្រហែល​គិត​ថា ​ ហុងកុង​នៅ​តែ​ឯកោ​ហើយ​នឹង​ត្រូវ​ធ្វើតាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។​

ប្រទេស​ចិន​នៅ​តែ​ពឹងពាក់​លើ​ក្រុង​ហុងកុង​សម្រាប់​ពាណិជ្ជ​កម្ម​និង​ធុរកិច្ច​ ក៏​ប៉ុន្តែ​កល​ល្បិច​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​នេះ​មិន​មែន​មានន័យ​ថា​ ចិន​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការ​ទុក​ចិត្ត​ពី​ពួក​អ្នក​បណ្តាក់​ទុន​ទេ។​

លោក ​Zhang Lifan ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ឯករាជ្យ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ក្រុង​ប៉េកាំង។ ​លោក​បាន​និយាយ​ថា៖​« មូលធន​និង​បច្ចេកវិទ្យា​របស់​ក្រុង​ហុងកុង​លែង​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ចិន​ទៀត​ ហើយ​គឺ​មិន​ដូចកាល​ពី​៣០​ឆ្នាំ​មុន​ទេ​ ហើយ​នៅ​ពេល​នេះ ​ប្រទេស​ចិន​មាន​ធនធាន​ច្រើន​ហើយ​មាន​ការ​ទាក់ទង​ច្រើន​ជាង​មុន​ជាមួយ​ពិភពលោក»។​

លោក ​Tsang​ បាន​ថ្លែង​ថា​ ផលិតផល​សរុប​ក្នុង​ស្រុក ​(GDP) ​នៃ​ដែន​ដី​ហុងកុង​មាន​ប្រមាណ​មួយ​ភាគ​បី​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​កាល​ពី​ក្នុង​ទសវត្សរ៍​១៩៨០​ហើយ​បាន​ចុះ​មក​តិច​ជាង​៣%​ក្នុង​ឆ្នាំ​២០១៩។​

លោក ​Tsang ​បាន​ពោល​ថា៖ ​«ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខាត​បង់​ GDP​ ជាង​៣%​ហើយ​ចិន​មិន​ទាន់​បាន​បង្ក្រាប​ជំងឺ​នេះ​នៅ​ឡើយ​ទេ។​ ដូច្នេះ​ជា​ការ​សម​ហេតុផល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​អារម្មណ៍​ថា ស្ថានភាព​អាក្រក់​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ក្រុង​ហុងកុង​ជា​ការ​បង់​ខាត​មួយ​ដែល​ចិន​អាច​ធ្វើ​បាន»។

ក៏​ប៉ុន្តែ​ទោះ ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​អង្គការ​ Hong Kong Watch ​មាន​មូលដ្ឋាន​នៅ​ក្នុង​ចក្រភព​អង់គ្លេស​និយាយ​ថា​ គេ​មិន​គួរ​មាក់​ងាយ​តម្លៃ​ក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​នៅ​អាស៊ី​នេះ​ទេ។​ អង្គការ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​មួយ​ថា​ ក្នុង​ឋានៈ​ជា​កន្លែង​មាន​សំណើ​ពាណិជ្ជ​កម្ម​ជា​សាធារណៈ​ដំបូងៗ​ច្រើន​បំផុត​ដោយ​ក្រុម​ហ៊ុនចិន​និង​ក្នុង​ឋានៈ​ជា​មជ្ឈមណ្ឌល​ធំ​មួយ​សម្រាប់​ការ​លក់​បណ្ណ​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុនចិនក្រុង​ហុងកុង​នៅ​តែ​ឋិត​ជា​ទ្វារ​ធំ​មួយ​សម្រាប់​មូលធន​បស្ចឹម​ប្រទេស​ចូល​ទៅ​ក្នុង​ប្រទេស​ចិន។​

លោក​ Kenneth Chan ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Baptist​ ហុងកុង​បាន​ព្រមាន​ថា ​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ឋានៈ​ពាណិជ្ជ​កម្ម​ សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​នៃ​ដែន​ដី​ហុងកុង។

លោក ​Chan ​បាន​និយាយ​ថា៖​« នៅ​ពេល​ណា​ដែល​ក្រុង​នេះ​មិន​អាច​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​ពី​ពួក​អ្នក​វិនិយោគ​ទៀត​ ​ ប្រជាជននិង​សេដ្ឋកិច្ច​នៃ​ក្រុង​នេះ​នឹង​មិន​មាន​ការ​ទាក់ទង​ជា​អន្តរជាតិ​ច្រើន​ដូច​មុន​ទេ ហើយ​ក្រុង​ហុងកុង​នឹង​ត្រូវ​បង្ខំ​ឱ្យ​ទទួល​ឥទ្ធិពល​ខ្លាំង​ជាង​មុន​ខាង​នយោបាយ​និង​ខាង​សង្គម​ពី​ប្រទេស​ចិន​ដីគោក»។​

លោក ​Wu Qiang ​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ធ្លាប់​ធ្វើ​ការ​នៅ​ឯ​សាកល​វិទ្យាល័យ​ Tsinghua ​នៅ​ក្នុង​ក្រុង​ប៉េកាំង។​ លោក​បាន​និយាយ​ថា ​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​ដែល​យក​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ជា​អាទិភាព​កំពូល​របស់​ខ្លួន​នោះ​ ​មិន​ដែល​ធ្វើការ​ជ្រើសរើស​សម​ហេតុផល​ជា​និច្ច​ទេ។​

លោក​បាន​ថ្លែង​ថា៖ ​«អាកប្បកិរិយា​មិន​ប្រែប្រួល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង...គឺ​បង្កើន​សន្តិសុខ​រដ្ឋ​ដើម្បី​គ្រប់គ្រង​ក្រុង​ហុងកុង​ទាំង​ស្រុង»។​

ពួក​អ្នក​វិភាគ​និង​ពួក​សកម្មជន​ព្រមាន​ថា​ គោល​នយោបាយ​កណ្តាប់​ដៃ​ដែក​របស់​ប្រទេស​ចិន​ទៅ​លើ​ក្រុង​ហុងកុង​អាច​សក​មក​វិញ។​ ពលរដ្ឋសាមញ្ញ​ច្រើន​នាក់​នៅ​ក្រុង​ហុងកុង​បាន​និយាយ​រួច​ស្រេច​ហើយ​ថា​ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទៀត ​ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​វិទ្ធង្សនា ​ហើយ​ការណ៍​នេះ​នឹង​ធ្វើឱ្យ​មាន​ឡើង​វិញ​នូវ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ផ្អាក​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

លោក​ Kenneth Chan​ នៃ​សាកល​វិទ្យាល័យ​ Baptist ​ហុងកុង​បាន​និយាយ​ថា៖ ​«រដ្ឋាភិបាល​ចិន​នឹង​មិន​មាន​ជោគ​ជ័យ​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សាធារណជន​ភ័យ​ខ្លាច។​ បើ​រដ្ឋាភិបាល​យាយី​ ​សម្លុត​ ធ្វើ​ឱ្យ​អាម៉ាស់​ និង​វាយ​ដំ​ពួក​អ្នក​ប្រឆាំង ពលរដ្ឋនឹង​ខឹង​សម្បារ​ហើយ​ស្អប់​រដ្ឋាភិបាល​ចិន​កាន់តែ​ខ្លាំង​ថែមទៀត»៕​

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

XS
SM
MD
LG