អ្នកវិទ្យាសាស្ត្របានរកឃើញថា ភ្នំភ្លើងនៅក្នុងរដ្ឋហាវ៉ៃ ដែលស្ទើរតែមិនអាចមើលឃើញបានពីលើផ្ទៃមហាសមុទ្រគឺជា ភ្នំភ្លើងធំជាងគេបំផុតនៅក្នុងពិភពលោក។
ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្ត្រផែនដីនិងភពផែនដី ដែលជាភាសាអង់គ្លេសថា Earth and Planetary Science Letters បានរកឃើញថា ភ្នំភ្លើង Puhahonu នៅក្នុងរដ្ឋហាវ៉ៃនេះ មានទំហំជាង ១៥០.០០០ គីឡូម៉ែត្រគូប ដែលកកើតឡើងពីថ្មរលាយតែមួយមុខ។
ភ្នំភ្លើងនេះស្ទើរតែទាំងស្រុងលាតសន្ធឹងនៅក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង។ វាមានទំហំជិតពីរដងនៃភ្នំភ្លើង Mauna Loa របស់រដ្ឋហាវ៉ៃ ដែលកាលពីមុនជាប់ឈ្មោះថា ជាភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោក ឬ ភ្នំភ្លើងដែលមានរាងដូចជាខែល។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of Hawaii at Manoa បានប្រើប្រព័ន្ធស្ទង់បាតមហាសមុទ្រ និងគំរូបរិមាណដើម្បីកំណត់ទំហំនៃភ្នំភ្លើងនោះ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា គេនៅមិនទាន់ដឹងអំពីផ្នែកភាគច្រើននៃភ្នំភ្លើងនោះ ដែលស្ថិតនៅជ្រៅក្រោមផ្ទៃមហាសមុទ្រនៅឡើយទេ ក៏ប៉ុន្តែពួកគេថា វិធីសាស្ត្រថ្មីនៅក្នុងការគូសផែនទី និងការគណនាតាមកម្រិតសំឡេង កំពុងតែបង្ហាញចម្លើយខ្លះៗអំពីថាតើមានអ្វីខ្លះនៅលើផ្ទៃនៃបាតសមុទ្រ។
Puhahonu ដែលបច្ចុប្បន្នជាភ្នំភ្លើងដែលគេមិនរំពឹងថាផ្ទុះនោះ មានកំពូលតែពីរប៉ុណ្ណោះ ដែលមានកំពស់ ៥២ ម៉ែត្រ គិតពីនីវ៉ូទឹកសមុទ្រ។ បើមើលពីលើផ្ទៃមហាសមុទ្រ គេមើលឃើញភ្នំភ្លើងនេះមិនសូវឃើញច្បាស់ទេ បើប្រៀបធៀបទៅនឹងភ្នំភ្លើង Mauna Loa ដែលមានកម្ពស់ជិត ៤.០០០ ម៉ែត្រ គិតពីនីវ៉ូទឹកសមុទ្រនោះ។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រមិនបានដឹងអំពីទំហំរបស់ភ្នំភ្លើង Puhahonu នេះទេ មួយផ្នែកដោយសារតែ ៧០ ភាគរយនៃភ្នំភ្លើងនេះ លាតសន្ធឹងនៅក្រោមបាតសមុទ្រ។
ពាក្យថា Puhahonu សម្រាប់ភាសាអ្នកកោះហាវ៉ៃ មានន័យថា «អណ្តើកងើបពីទឹកដើម្បីស្រូបយកខ្យល់អាកាស»។ ភ្នំភ្លើងនេះមានទំហំធំណាស់ ដែលបើតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វាកំពុងធ្វើឲ្យស្រទាប់ផែនដីលិចចុះ។ ពួកគេបាននិយាយទៀតថា ភ្នំភ្លើងនេះ រួមជាមួយនឹងស្រទាប់ផែនដីដែលនៅក្បែរនោះបានលិចចុះរាប់រយម៉ែត្រ ក្នុងរយៈពេលរាប់លានឆ្នាំមកនេះ។
ភ្នំភ្លើងនេះស្ថិតនៅចម្ងាយប្រមាណ ១.០០០ គីឡូម៉ែត្រភាគពាយព្យនៃកោះហូណូលូលូ។ ភ្នំភ្លើងនេះគឺជាផ្នែកមួយនៃជួរភ្នំ និងភ្នំភ្លើងដែលស្ថិតនៅក្រោមផ្ទៃទឹកសមុទ្រ ដែលលាតសន្ធឹងពីកោះហាវ៉ៃ រហូតដល់ភាគខាងកើតនៃប្រទេសរុស្ស៊ី។
កាលពីមុន អ្នកវិទ្យាសាស្ត្រធ្លាប់បានជឿថា ភ្នំភ្លើងដ៏ធំមួយដែលត្រូវបានរកឃើញនៅឆ្នាំ ២០១៣ នៅបាតសមុទ្រភាគខាងកើតនៃប្រទេសជប៉ុនដែលមានឈ្មោះថា Tamu Massif គឺជាភ្នំភ្លើងធំជាងគេបង្អស់នៅលើពិភពលោក ឬជាភ្នំភ្លើងដែលមានរាងដូចខែល។
តែទោះជាយ៉ាងនេះក្តី ក្រោយមកពួកគេបាននិយាយថា ភ្នំភ្លើង Tamu Massif ដែលផ្ទុកសារធាតុប្រមាណជា ៧ លានគីឡូម៉ែត្រគូបនោះ ទំនងជាមិនមែនជាភ្នំភ្លើងតែមួយដាច់ដោយឡែកពីគេនោះទេ ប៉ុន្តែ វាជាផ្នែកមួយនៃប្រព័ន្ធជ្រលងជួរកណ្តាលមហាសមុទ្រ ដែលលាតសន្ធឹងរាប់ម៉ឺនគីឡូម៉ែត្រនៅបាតមហាសមុទ្រ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់