ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​សាងសង់​ស្ថានទូត​ថ្មី​របស់​ចិន​នៅ​ចក្រភព​អង់គ្លេស​បាន​ជាប់គាំង បន្ទាប់ពី​មាន​ការប្រឆាំង​ពី​មូលដ្ឋាន


រូបឯកសារ៖ ប្រាសាទ Tower of London នៅក្នុង​ទីក្រុងឡុងដ៍ ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រាសាទ Tower of London នៅក្នុង​ទីក្រុងឡុងដ៍ ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ផែនការ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​សាងសង់​ស្ថានទូត​ថ្មី​នៅ​ជិត​ប្រាសាទ Tower of London បាន​ជាប់​គាំង បន្ទាប់ពី​មាន​ការ​ប្រឆាំង​ពី​មូលដ្ឋាន​ចំពោះ​អ្វី​ដែល​អាច​ជា​ស្ថានទូត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

សង្កាត់​រដ្ឋបាល Tower Hamlets ដែល​ជា​ក្រុមប្រឹក្សា​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍​ទទួល​ខុស​ត្រូវ​សម្រាប់​តំបន់​នោះ បាន​រារាំង​គម្រោង​នេះ​កាលពី​ខែ​កុម្ភៈ ដោយ​លើក​ឡើង​ពី​ក្ដី​បារម្ភ​អំពី​ហានិភ័យ​កើនឡើង​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម ការ​តវ៉ា និង​ចរាចរណ៍​នៅ​ក្នុង​តំបន់​នោះ​ដែល​ក្នុង​មួយ​ឆ្នាំៗ​មាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ទៅ​ទស្សនា។

អាជ្ញាធរ​ចិនមាន​ពេល​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​សីហា​កន្លង​ទៅ​នេះ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ​ទៅ​កាន់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ប៉ុន្តែ​មិន​បាន​ប្ដឹង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សង្កាត់​រដ្ឋបាល Tower Hamlets។

សង្កាត់​រដ្ឋបាល Tower Hamlets បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​ភាគី​ចិន​ចង់​ប្ដឹង​តាម​រយៈ​នីតិវិធី​ស៊ើប​អង្កេត​សាធារណៈ នោះ​ពួកគេ​ប្រហែល​ជា​ចាំបាច់​បាន​ជូន​ដំណឹង​ដល់​យើង​ក្នុង​នាម​ជា​អាជ្ញាធរ​ផែនការ​មូលដ្ឋាន​រួច​ហើយ។ [ប៉ុន្តែ] យើង​មិន​ទទួល​បាន​ការ​ជូន​ដំណឹង​ណា​មួយ​ដូច​នេះ​ពី​ភាគី​ចិន​នោះ​ទេ»។

ផែនការ​របស់​ប្រទេស​ចិន​នេះ​គឺ​ចង់​អភិវឌ្ឍ​ដ៏​ធំធេង​ឡើង​វិញ​នូវ​ផ្ទៃដី​ប្រហែល​ ២,១ ​ហិចតា ​ដែល​ធ្លាប់​ជា​ទីតាំង​របស់​ក្រុមហ៊ុន Royal Mint ពី​ឆ្នាំ ១៨១១ ដល់​ឆ្នាំ ១៩៦៨ កម្ទេច​ចោលអគារ​ដែល​មាន​ស្រាប់​ និង​ស្ដារ​ឡើង​វិញអគារ​ផ្សេងៗ។ បរិវេណ​ទីតាំង​ស្ថានទូត​ថ្មី​របស់​ចិន​នេះ​នឹង​មាន​ទំហំ​ប្រហែល​ ៥៧.០០០ ម៉ែត្រ​ការ៉េ​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការិយាល័យ​នានា​ អគារ​ផ្លាស់ប្ដូរ​វប្បធម៌​មួយ​កន្លែង​ និង​អគារ​ស្នាក់នៅ ​២២៥ ​បន្ទប់​ផង​ដែរ។

ទំហំ​នេះ​គឺ​ធំ​ជាង​ទំហំ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្មី​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ប្រហែល ១៨%។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្មី​ដែល​មាន​ទំហំ ៤៨.០០០ ម៉ែត្រ​ការ៉េ​នេះ​បាន​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០១៨។

បើ​ទោះបីជា​មន្ត្រី​ផែនការ​សង្កាត់​រដ្ឋបាល Tower Hamlets បាន​ស្នើ​ឱ្យ​មាន​ការ​យល់ព្រម​ចំពោះ​គម្រោង​នេះ​ក៏ដោយ ក៏​ក្រុមប្រឹក្សា​សង្កាត់​រដ្ឋបាល​នេះ​បាន​បោះឆ្នោត​ប្រឆាំង​កាលពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ។

ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ។

ស្ថានទូត​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «វា​ជា​កាតព្វកិច្ច​អន្តរជាតិ​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ការ​ផ្ដល់​ការ​សម្របសម្រួល​និង​ការ​គាំទ្រ​ចំពោះ​ការ​សាងសង់​ស្ថានទូត។ យើង​ជំរុញ​ឱ្យ​ភាគី​ចក្រភព​អង់គ្លេស​បំពេញ​តាម​កាតព្វកិច្ច​អន្តរជាតិ​ពាក់ព័ន្ធ​នានា​របស់​ខ្លួន»។

អាជ្ញាធរ​ចក្រភព​អង់គ្លេស​មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​ណា​មួយ​ចំពោះសំណើ​សាងសង់​ស្ថានទូត​របស់​ចិន​នេះ​ទេ ដែល​ជា​ទ្រឹស្ដី​គឺ​អាច​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​កណ្ដាល ដែល​ក្រសួង​លើក​កម្ពស់​ស្ដង់ដារ ផ្ទះ​សម្បែង និង​សហគមន៍​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ប្រព័ន្ធ​ផែនការ។

ប៉ុន្តែ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​ធ្វើ​តាម «កាតព្វកិច្ច» របស់​ខ្លួន «នៅ​ក្រោម​អនុសញ្ញា​ទីក្រុង​វីយែន​ស្ដីពី​ទំនាក់ទំនង​ការទូត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ​តទៅ​ទៀត»។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​សង្កត់​ធ្ងន់​ថា ការ​សម្រេច​លើ​ផែនការ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​មូលដ្ឋាន ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ភាគី​ចិន​ប្ដឹង​ឧទ្ធរណ៍។

គេ​ឃើញ​មាន​ក្ដី​បារម្ភ​កើនឡើង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​អំពី​ការ​វិនិយោគ​របស់​ចិន​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ ក៏​ដូចជា​ការ​ចោទ​ប្រកាន់​ដែល​ថា​ចិន​បាន​ប៉ុនប៉ង​ជះ​ឥទ្ធិពល​លើ​អ្នក​នយោបាយ​អង់គ្លេស​និង​អ្នក​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ។

ការ​សម្រេច​កាលពី​ខែ​កុម្ភៈ​នៅ​ក្នុង​ការ​រារាំង​គម្រោង​សាងសង់​ស្ថានទូត​ចិន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល ៤ ខែ​ក្រោយ​មក​បន្ទាប់ពី​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះ​ក្រោយពី​អ្នក​តវ៉ា​នោះ​ត្រូវ​បាន​គេ​ទាញ​ឱ្យ​ធ្លាក់​លើ​ដី​នៃ​ទីតាំង​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្នុង​ទីក្រុង Manchester។ បន្ទាប់ពី​ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​បាន​កោះ​ហៅ​អនុ​ប្រធាន​បេសកកម្ម​ការទូត​ចិន​មក​កាន់​ការិយាល័យ​របស់​លោក​និង​ទាមទារ​ឱ្យ​ធ្វើ​ការ​បកស្រាយ​លើ​រឿង​នេះ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG