ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​អាមេរិកជំរុញ​ឲ្យ​ចិន​ទទួល​ក្រុម​អ្នកជំនាញ​ ដើម្បី​ជួយ​បង្ក្រាប​មេរោគកូរ៉ូណា


រូបឯកសារ៖ ស្រ្តីម្នាក់ពាក់ម៉ាសការពារអំឡុងពេលធ្វើដំណើរលើផ្លូវមួយនៅក្រុង Brighton ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់ពាក់ម៉ាសការពារអំឡុងពេលធ្វើដំណើរលើផ្លូវមួយនៅក្រុង Brighton ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ជា​ថ្មី​ទៀត​ មន្ត្រី​សុខាភិបាល​អាមេរិកបានជំរុញ​ប្រទេស​ចិន​ឱ្យ​ទទួល​ជំនួយ​របស់​ក្រុមអ្នកជំនាញ​អាមេរិក ដើម្បីបង្ក្រាប​ការ​រាលដាល​មេរោគ​កូរ៉ូណា។

អង្គការ​សុខភាពពិភពលោកបានបញ្ជូនក្រុម​ទៅមុន​មួយ​នៃ​ក្រុមអ្នកជំនាញ​អន្តរជាតិទៅ​កាន់ប្រទេស​ចិនកាលពីថ្ងៃ​ចន្ទ ក៏​ប៉ុន្តែ​គេ​មិន​ដឹង​ទេ​ថា​ មានអ្នកជំនាញ​អាមេរិកាំង​នៅ​ក្នុង​ក្រុម​នេះឬទេ។ អង្គការ WHO មិនបានឆ្លើយតបនឹង​សំណួរ​របស់ VOA អំពីសមាសភាពនៃ​ក្រុមអ្នកជំនាញ​នេះទេ។

លោកស្រីវេជ្ជបណ្ឌិត Anne Schuchat នាយិកា​រង​នៃមជ្ឈមណ្ឌល​ត្រួតត្រា​និង​បញ្ចៀស​កុំឱ្យមានជំងឺ​ដែលភាសាអង់គ្លេសហៅ​ថា​ Centers for Disease Control and Prevention បាន​និយាយ​ប្រាប់ក្រុមអ្នកកាសែត​កាលពី​ថ្ងៃ​អង្គារនៅ​ឯក្លិបកាសែត​ជាតិ​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនថា «CDC បានផ្តល់ឈ្មោះសម្រាប់ក្រុម​នៃ​អង្គការ​ WHO ហើយ​ជា​ធម្មតា​យើង​ជា​ផ្នែក​នៃ​ក្រុម​អ្នកជំនាញ​របស់​អង្គការ WHO»។​

លោកស្រី​ Schuchat បានគូសបញ្ជាក់ថា ​ក្រុអ្នកជំនាញ​អាមេរិកាំង​ខាង​ការ​រាតត្បាតជំងឺ ខាង​មេរោគ​វីរុស ខាងការត្រួតត្រា​ការឆ្លងជំងឺនិងខាងការ​ដាក់អ្នកជំងឺ​ឱ្យ​នៅ​ដាច់ពី​គេ ​«មានភាពជំនាញ​ជា​ច្រើនដែលផ្តល់ឱ្យ​"ហើយថា​ជាការល្អប្រសើរ​ណាស់ដែលប្រទេស​ចិន​ទទួល​យក​ពួកអ្នកជំនាញ​ពីប្រទេស​ក្រៅ​នៅពេលមានការរាតត្បាតមេរោគនេះ»៕

XS
SM
MD
LG