ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វេជ្ជបណ្ឌិត​នៅ​ក្រុង ​Wuhan ដែល​អាជ្ញាធរ​បំបិទមាត់​ ត្រូវ​បាន​ចាត់ទុក​ថា​​ជា​វីរបុរស​ចំពោះ​ការ​លាតត្រដាង​​មេរោគ​កូរ៉ូណាវីរុស​ថ្មី


ប្រជាជន​ចូលរួម​កម្មវិធី​ឧទ្ទិស​វិញ្ញាណក្ខន្ធ​​សព​​លោក​វេជ្ជបណ្ឌិត​ Li Wenliang អាយុ៣៤ឆ្នាំដែល​ជាជន​លាត​ត្រដាង​​មេរោគ​កូរ៉ូណាវីរុស​ថ្មី ដែលបាន​ទទួល​មរណភាព​កាលពីថ្ងៃសុក្រ ​ទី៧ ខែកុម្ភៈ​ ឆ្នាំ២០២០​ ក្នុងទីក្រុង​ Wuhan បន្ទាប់​ពីឆ្លងជំងឺអំឡុង​ព្យាបាល​អ្នកជំងឺ។​
ប្រជាជន​ចូលរួម​កម្មវិធី​ឧទ្ទិស​វិញ្ញាណក្ខន្ធ​​សព​​លោក​វេជ្ជបណ្ឌិត​ Li Wenliang អាយុ៣៤ឆ្នាំដែល​ជាជន​លាត​ត្រដាង​​មេរោគ​កូរ៉ូណាវីរុស​ថ្មី ដែលបាន​ទទួល​មរណភាព​កាលពីថ្ងៃសុក្រ ​ទី៧ ខែកុម្ភៈ​ ឆ្នាំ២០២០​ ក្នុងទីក្រុង​ Wuhan បន្ទាប់​ពីឆ្លងជំងឺអំឡុង​ព្យាបាល​អ្នកជំងឺ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន​បាន​ច្របូក​ច្របល់​ចាប់តាំង​ពី​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​លាតត្រដាង​អំពី​មេរោគ​កូរ៉ូណាស្លាប់​ដោយ​សារជំងឺ​នេះ។ លោក​វេជ្ជបណ្ឌិត ​Li Wenliang ជា​ចក្ខុពេទ្យ​នៃ​មន្ទីរពេទ្យ​ធំ​ក្នុង​ក្រុង​Wuhan គឺ​ជា​មនុស្ស​ដំបូង​ម្នាក់​ក្នុងចំណោម​ក្រុមមនុស្ស​ដំបូង​គេ ដែល​បាន​រកឃើញ​ថា​មាន​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​ផ្ទុះ​ឡើង។ បី​ថ្ងៃ​ក្រោយមក​បន្ទាប់​ពីលោក​បានប្រកាស​ឱ្យមិត្តរួម​ថ្នាក់​របស់​លោក​ប្រុងប្រយ័ត្ន​នឹងការ​ផ្ទុះ​ឡើងនៃ​ជំងឺមាន​សភាព​ដូចជំងឺ​SARS នេះ តាម​ប្រព័ន្ធ​ជជែក​សន្ទនា​វីដេអូ​លោក​ Li ត្រូវ​កង​កម្លាំង​ប៉ូលិស​ប្រមាណ​៧រូប​ចាប់ខ្លួន​ពី​បទ​«ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារ៉ាម»។

បន្ទាប់​ពី​ត្រូវបានគេ​ដោះលែង​លោក Li នៅ​បន្ត​ព្យាបាល​អ្នកជំងឺ​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស​ដដែល។ ប្រហែល​ជា​ពេលនោះ​ហើយ​ដែល​លោក​បាន​ឆ្លងជំងឺ​នោះ​ពី​អ្នក​ជំងឺ។

នៅ​ថ្ងៃទី​១០​ខែមករា​ លោក Li​ធ្លាក់ខ្លួន​ឈឺធ្ងន់​និងបាន​ប្រកាស​តាម​បណ្តាញ​ទំនាក់ទំនង​Weibo នៅថ្ងៃ​ទី១​ខែកុម្ភៈ​ថា​លោកត្រូវ​បាន​គេរក​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី។ ព័ត៌មាន​ស្តីពី​មរណភាព​របស់​លោក​Li រឹតតែ​បន្ថែម​ការ​ខឹងសម្បារពី​ប្រជាជន​ចិន​ដែល​បាន​បង្ហោះ​សារ​លើបណ្តាញ​សង្គម​របស់ចិន។​អ្នកប្រើប្រាស់​បណ្តាញសង្គម​ជាច្រើន​បញ្ចេញ​អារម្មណ៍​ក្រៀមក្រំ​តាមរយៈ​ការបង្ហោះ​រូបភាព​ដៃ​ប្រណម្យ​ទៀន​ជាដើម។

កាន់ទុក្ខ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​ការ​ខឹង​សម្បារលើ​រដ្ឋាភិបាល​ចិន ដែល​ព្យាយាម​បំបិទ​មាត់​លោក Li មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​អំពី​កូរ៉ូណាវីរុស។

សញ្ញា​hashtag ភ្ជាប់​នឹង​ឃ្លា​«ខ្ញុំចង់មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ» បាន​ពេញ​និយម​លើ​បណ្តាញ​សង្គម Weibo​និងបណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​មាន​ចំនួន​ចូល​មើល​រហូត​ដល់១លាន​៨សែន​មុន​នឹង​ត្រូវ​បាន​គេ​រឹតត្បិត។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀតយល់ថា​មរណភាព​របស់​លោក Li​នឹង​ជះឥទ្ធិពល​ដល់​សេរីភាព​បញ្ចេញ​មតិនៅ​ប្រទេសចិន។

អ្នកប្រើ​ប្រាស់​បណ្តាញ​ម្នាក់​ទៀត​សរសេរ​ថា៖ «នឹងគ្មាន​អ្វីផ្លាស់​ប្តូរធំដុំ​នោះទេ​បន្ទាប់ពី​ជំងឺ​ឆ្លង​រាលត្បាត​នេះ​ផុត​រលត់​ទៅ​គឺ​នឹង​គ្រាន់​តែ​ឃើញ​មានក្រុម​មន្រ្តីមូលដ្ឋាន​មួយចំនួន​ខ្លះ​ខិតខំ​បន្ធូរបន្ថយ​ការខឹងសម្បា​របស់​ប្រជាជន​តាមរយៈ​ការជួបប្រជុំ​មហាជន​តែ​ប៉ុណ្ណោះ។ យូរឬៗ​ទៅ​ ប្រជាជន​នឹងភ្លេច​ហើយ​ហើយ​មិនយូរ​មិនឆាប់​ប្រជាជន​នឹងមាន​អារម្មណ៍​ដូច​ដើម​វិញ»។

អ្នកប្រើប្រាស់​បណ្តាញ​សង្គមម្នាក់​ទៀត​បាន​បង្ហោះ​តំណភ្ជាប់​អាសយដ្ឋានលើ​អ៊ីនធឺណិត​មួយ​ដែល​ដាក់​ញត្តិ​ដល់​សេតវិមាន​ដើម្បី​ស្នើ​សុំ​លោក​ប្រធានាធិបតី​Donald Trump តែងតាំង​លោក​វេជ្ជបណ្ឌិត​Li Wenliang ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព។
ក៏​មាន​ការ​យក​រូបលោក​វេជ្ជបណ្ឌិត Li​ទៅ​ច្នៃប្រឌិត​លក្ខណៈ​សិល្បៈ​ផង​ដែរ ដែល​ភាគច្រើន​គូរ​ជា​ផ្ទាំង​គំនូរ​រូប​លោក​ពាក់​ម៉ាស​ជាដើម​។ មួយ​ទៀត​ គឺ​រូប​វេជ្ជបណ្ឌិត​ម្នាក់​ពាក់ម៉ាស​និងមាន​ស្លាបជា​ទេវតាកំពុងខំ​សង្គ្រោះ​អ្នកជំងឺ​ខណៈ​ដែល​មាន​ដៃម្ខាង​នៅ​លើមេឃ​កាន់កន្ត្រៃ​កាត់ច្រឹប​ស្លាបរបស់​ទេវតា​នោះ។

សារព័ត៌មាន​the South China Morning Post បាន​ឲ្យ​ដឹង​ថា​អ្នកត្រួត​ពិនិត្យ​បណ្តាញសង្គមរបស់​ចិន កំពុងបិទ​ខ្ទប់ជា​លក្ខណៈប្រព័ន្ធ​រាល់ខ្លឹម​សាររិះ​គន់រដ្ឋាភិ​បាលចិន​តាមរយៈ​ការលុបចោល​អត្ថបទ​បង្ហោះ​និងការ​បិទខ្ទប់ការ​ប្រើប្រាស់​សញ្ញាhashtag ជា​ដើម។ ដើម្បី​កុំឱ្យអាជ្ញាធរ​ចាប់​បាន​និងលុបចោល​អ្នកប្រើប្រាស់​បានប្តូរ​មកប្រើ​សញ្ញា​hashtag ភ្ជាប់​នឹងឃ្លា​ថា៖ «តើអ្នកអាច​គ្រប់គ្រងបាន​ដែរឬទេតើ​អ្នកយល់ដែរ​ឬទេ»វិញ ក្នុងន័យជា​ការ​បង្ហោះ​សាររិះគន់​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ​សារ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុនWeibo​លុបចោល៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​


វីដេអូថ្មីៗបំផុត

XS
SM
MD
LG