ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ​ថា​ជំនួយ​ចិន​ជួយ​ពង្រឹង​«ឯករាជ្យ​ខាង​នយោបាយ»​​កម្ពុជា ខណៈ​អ្នក​វិភាគ​ក្រើន​រំឭក​រឿង​អន្ទាក់​បំណុល​


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​សរសើរ​ជំនួយចិន​មក​កម្ពុជា​ថា​មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ធានា​បាន​នូវ​«ឯករាជ្យភាព​ខាង​នយោបាយ»​របស់​កម្ពុជា​ទៀត​ផង។​

មេដឹកនាំ​កម្ពុជា​ដែល​កាន់​អំណាច​ជាង​៣៦ឆ្នាំមក​ហើយ​លោក ហ៊ុន សែន​ បានថ្លែង​បែប​នេះ នៅ​ពេល​លោកចូល​រួម​កិច្ច​ប្រជុំ​កំពូលថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​និង​បក្ស​នយោបាយ​លើ​ពិភពលោក​កាល​ពី​ថ្ងៃទី៦​ខែកក្កដា ឆ្នាំ២០២១ តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។

បន្ថែម​ពី​ការ​ថ្លែង​តាម​សុន្ទរកថា​របស់​លោក​ចំនួន​៣​ទំព័រ​លោក ហ៊ុន សែន​ក៏​បាន​លើក​សរសើរ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (Xi Jinping)​ ដែល​បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់​រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន​ចាប់​យក​មហា​អំណាច​ចិន​ជា​ខ្នង​បង្អែក។

លោកនាយករដ្ឋមន្រ្តី​អះអាង​ថា​ជំនួយចិន​ធានា​«ឯករាជ្យ​ភាព​ខាង​នយោបាយ»​របស់​កម្ពុជា ខណៈ​ជំនួយ​ទាំង​នេះ​មិន​មាន​ចំណងភ្ជាប់​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ​ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំ​គួរ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​ជំនួយ​របស់​ចិន​មក​ដល់​កម្ពុជា​មិន​គ្រាន់​តែ​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​វា​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ពង្រឹង​នូវ​ឯករាជ្យភាព​ខាង​នយោ​បាយ​ទៀត​ផង»។

លោក​ហ៊ុន សែន ដែល​ចាត់​ទុក​ចិន​ជា​ «មិត្ត​ដែកថែប» បន្ត​ថា​ប្រទេស​ក្រីក្រ និងតូចតាច ត្រូវ​ការ​ចាំបាច់​នូវ​ឯករាជ្យ​និង​អធិបតេយ្យភាព​និង​ចៀស​វាង «​ការ​បង្គាប់​បញ្ជា​និង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ»។

កម្ពុជា​ត្រូវបាន​មើល​ឃើញ​ថា​កាន់​ស្និទ្ធ​ទៅ​កាន់​ប្រទេស​ចិន​ដែល​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​កម្ពុជា។ ប៉ុន្តែ​ប្រទេស​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​បំណុល​ធំជាង​គេ​សម្រាប់​កម្ពុជា​ផង​ដែរ។

បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​គិតត្រឹម​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០ កម្ពុជា​មាន​ទំហំ​បំណុល​ជំពាក់​បរទេស​សរុប​ ៨.៨០០​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន ​៣.៩០០​លាន​ដុល្លារ ឬ​ស្មើ​នឹង៤៤%​ជំពាក់​ចិន។

រូបឯកសារ៖ ការដ្ឋាន​សំណង់​«មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ត្បូងឃ្មុំ» ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ ការដ្ឋាន​សំណង់​«មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ត្បូងឃ្មុំ» ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)

កាល​ពី​ថ្ងៃ​អង្គារ​លោក ​ហ៊ុន សែន ក៏​បាន​សម្តែង​ជាថ្មី​ «គាំទ្រ​យ៉ាង​មុត​មាំ»​ លើគម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI) ដែល​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា ដោយ​លោក​ថា​វា​នាំ​មក​នូវ«វិបុលភាព​និង​សុភមង្គល​ជូន​ដល់​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​និង​តំបន់»។ នៅ​ក្នុង​វេទិកា​នោះ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​បញ្ឈប់ឲ្យ​បាន​នូវ «វប្បធម៌ និង​ឥរិយាបថ​ច្រណែន​ឈ្នានីស​ចាំ​តែ​មើល​បំណាំ ចោទ​ប្រកាន់​និង​រិះគន់​គ្មាន​មូលដ្ឋាន» ដោយ​ជំនួស​មក​វិញ​នូវ​ «ឥរិយាបថ​បែប​ស្ថាបនា​និយម» និង​» ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ»។

ជា​សារ​ផ្តល់​ទៅ​គណបក្ស​នយោបាយ​ទូទាំង​ពិភពលោក​លោក ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​រក្សា​«សាមគ្គីភាព​និងកិច្ចសហការ​» ដោយ​ប្រកាន់​ខ្ជាប់​នូវ​អធិបតេយ្យភាព​និង​ឯករាជ្យជាតិ​នីមួយៗ និង​គិត​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ជា​ធំ។

លោក​បន្ថែម​ថា៖ «គណបក្ស​នយោបាយ​ទាំង​អស់ ទោះ​ជា​មាន​និន្នាការ​ណា​ក៏​ដោយ ក៏​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ជា​ធំ ដោយ​មិន​ត្រូវ​លុះ​ទៅ​នឹង​របៀប​វារៈនយោ​បាយរយៈ​ពេល​ខ្លីនៃ​ការ​ដណ្តើម​អំណាច​ឲ្យ​ខាង​តែបាន តាម​គ្រប់​មធ្យោបាយ​ដោយ​មិនខ្វល់​ពី​សន្តិភាព​ស្ថិរភាព​អធិបតេយ្យ​ជាតិ និង​សុខទុក្ខ​ប្រជាជន​នោះ​ឡើយ​»។

លោក​ ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​អ្នក​តាមដាន​សង្គម​មួយ​រូប​បានប្រាប់ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​ជា​ទស្សនៈ​របស់​លោក​តែ​ប៉ុណ្ណោះ​ដែល​លោក​ថាមិន​ទាន់​អាច​បញ្ជាក់​ថា​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​សារ​តែ​មិន​មាន​ការ​ចូល​រួម​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ២០១៧។

លោកថ្លែង​ថា៖​«ការ​លើក​ឡើង​គ្រាន់​តែជា​ទស្សនៈ​និងការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​ទេ​ក៏ប៉ុន្តែ​ការ​ឯកភាព​ទៅ​លើ​នយោបាយ​វាអត់​ទាន់​ទៅ​បាន​ទាំង​ស្រុង​ទេ​ដោយ​សារ​តែ​នៅក្នុង​ចរន្ត​នយោបាយ​នៅ​កម្ពុជា​មាន​ចរន្ត​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ហើយ​មិនត្រូវ​បាន​តុលាការ​អារកាត់​ឬឲ្យ​ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​គណ​បក្ស​ប្រឆាំង​ទាម​ទារ​។ អញ្ចឹង​ការ​ពង្រឹង​នយោបាយ​ហ្នឹង​វា​មិនទាន់​ពេញ​លេញ​ការ​លើក​ឡើង​របស់​ទស្សនៈ​លោក [នាយករដ្ឋមន្ត្រី]»។

អ្នក​វិភាគរូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ថ្នាក់​ដឹក​នាំ​កម្ពុជាអាច​មាន​ទំនោរ​ទៅ​រក​ប្រទេស​ចិន​ពីព្រោះ​ទង្វើ​និង​សកម្មភាព​កន្លង​មក​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​និង​ប្រទេស​លោក​ខាងលិច​មិន​មាន​ការទុក​ចិត្ត​លើ​កម្ពុជា។

លោក​បន្ថែម​ថា៖ «វា​អាច​ឃើញ​ជំហរ​ដែល​[កម្ពុជា]​អាច​ងាក [ឬ​]កៀក​ទៅ​រក​ភាពស្និទ្ធ​ស្នាល​ជាមួយ ទំនាក់ទំនង​ជាមួយចិនដែរ ក៏​ប៉ុន្តែការ​ប្រកាស​នេះគ្រាន់​តែ​ប្រកាស​ជា​គោលការណ៍​គោល​នយោបាយ​របស់​ថ្នាក់​ដឹកនាំ វា​មិន​ស្តែង​ឬ​ក៏វា​មិន​ប្រាកដ​ទាំង​ស្រុង​ទេ។ ហេតុ​អ្វី​បាន​ជាខ្ញុំ​លើក​អញ្ចឹង​ឧទាហរណ៍​ថា យើង​មាន​គោល​នយោបាយ​អព្យាក្រឹត​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង​ផង ប៉ុន្តែ​ហេតុ​អ្វីបាន​ជា​លោកខាង​លិច​មិនជឿ​ជាក់​ដោយសារ​តែ​ឥរិយាបថកម្ពុជា​យើង​របស់​អ្នក​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​កម្ពុជា​ហ្នឹង​គឺ​គាត់​មាន​ឥរិយាបថ​នយោបាយ មិន​ស្តែង​ឬ​មិន​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​ថា​ខ្លួនឯង​ហ្នឹងអព្យា​ក្រឹត»។

ខណៈ​កម្ពុជា​និង​ចិន​កាន់​តែ​មាន​ភាព​ល្អូកល្អឺន​នឹង​គ្នា ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​កាន់​តែ​អាក្រក់​បន្ថែម​ទៀត ក្រោយ​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​រឿង​អនាគត​មូលដ្ឋាន​កងទ័ព​ចិន​នៅ​តំបន់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ដែល​កម្ពុជា​បាន​បដិសេធ​និង​ប្រាប់​ថា​ការ​ចោទ​ប្រកាន់​នេះ ដើម្បី​ជា​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​អតីតប្រធានា​ធិបតី​អាមេរិក​លោក Donald Trump និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក​ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។ នៅ​ក្នុង​លិខិត​ឆ្លើយ​ឆ្លង​នោះ​លោក​ Trump​ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក ​Trump​ បាន​ប្រាប់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។​

​លោក​បណ្ឌិត ​ប៉ា ចន្ទរឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់ VOA ​ថា កម្ពុជា​គួរតែ​រៀន​សូត្រមេរៀន​របស់​ប្រទេស​មួយ​ចំនួន​ដែល​បាន​ខ្ចី​បុល​ពី​ប្រទេសតែ​មួយ​ច្រើន​ពេក​ដែល​ជាហេតុ​បង្ក​ឲ្យ​ពិបាក​ក្នុង​ការ​សង​ត្រឡប់ ឬ​ត្រូវ​បាន​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេសជា​ម្ចាស់​បំណុល​នោះ ។

លោក​ថ្លែង​ថា៖ «កាលណា​ខ្ចី​បំណុល​ពីប្រទេស​តែ​មួយ​កាន់តែ​ច្រើន​នឹង​អាច​ក្លាយ​ទៅ​ជា​បញ្ហា​ដោយសារ​តែប្រទេស​នោះ នឹង​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ដែល​ជា​កូន​បំណុលរបស់​ខ្លួន ហើយ​បទ​ពិសោធន៍​នៅ​ប្រទេស​មួយ​ចំនួន​យើង​ឃើញ​នៅ​ប៉ាគីស្ថាន​ស្រីលង្កា​ជាដើម​សុទ្ធតែ​ធ្លាប់​រងគ្រោះ​ដោយសារ​តែ​ការ​ខ្ចី​បំណុល​ច្រើន​ពេក​ពី​ប្រទេស​ចិន​រហូត​ដល់​លែង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​សង​ដែល​ទី​បញ្ចប់​ត្រូវ​កាត់​កំពង់ផែ​ឬក៏​គម្រោង​មួ​យ​ចំនួន​ទៅ​ឲ្យ​ប្រទេស​ចិន​ជាអ្នក​គ្រប់​គ្រង​ជាថ្នូរ​នឹងបំណុ​ល​ដែលខ្លួន​ជំពាក់​ហេតុ​នេះ​កម្ពុជា​ត្រូវ​តែរៀន​សូត្រពី​ប្រទេស​ទាំង​អស់​នោះ»។​

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មេសា​ឆ្នាំ២០២១​ ស្ថានទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ធានា​ថា​ខ្លួន​មិន​បាន​រាយ​អន្ទាក់​បំណុល​ដើម្បី​ទាញ​កម្ពុជា​ឲ្យធ្លាក់​ចូល ហើយ​ក៏​មិន​បាន​ស្វែងរក​ការ​ដាក់​វត្តមាន​យោធា​នៅ​កម្ពុជា​ដែរ៕

XS
SM
MD
LG