ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​រោងចក្រ​កាត់ដេរ​រិះគន់​របាយការណ៍ ​HRW


រូបឯកសារ៖ កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​សមាគម​រោង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​ហៅកាត់​ថា ​GMACនៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​សមាគម​រោង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​ហៅកាត់​ថា ​GMACនៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៣។

សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជា​ហៅកាត់​ថា ​GMAC ​បាន​ហៅ​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ Human Rights Watch ថា​ជា​របាយការណ៍​ដែល​មាន​លក្ខណៈ​ «អត្តនោម័ត​និង​មិនមាន​ការ​ទទួល​ខុសត្រូវ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុនអង្គការ ​Human Rights Watch ​បាន​ចេញ​របាយការណ៍​មួយដោយ​ចោទ​ប្រកាន់​ថារដ្ឋា​ភិបាល​កម្ពុជា​និង​ក្រុម​ហ៊ុន​បញ្ជាទិញ​ធំៗ​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​កម្មករ​រោង​ចក្រ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ថៅ​កែ​រោង​ចក្រ​លើ​ពួក​គេ។​

អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​នេះ​បាន​រក​ឃើញ​ថា​កម្មការិនី​មាន​ចំនួន​ច្រើន​លើស​លប់​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង ​មាន​ការ​រើស​អើង​ដោយ​ថៅ​កែ​រោង​ចក្រ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​និង​មាន​ការអនុវត្ត​ប្រឆាំង​នឹង​សហជីព។ ​ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ទាំងក្រុម​ហ៊ុន​បញ្ជា​ទិញមិន​បាន​ចាត់វិធាន​ការ​គ្រប់​គ្រាន់​នោះ​ទេ។

នៅ​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជាបាន​រិះ​គន់​ថា​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាមេរិក​នេះ​មិន​បាន​បង្ហាញពី​តថភាព​រួម​នៃ​ស្ថាន​ភាព​នៅ​ក្នុ​ង​បណ្តា​រោង​ចក្រ​នៅ​កម្ពុជា​នោះ​ទេដោយ​សារ​តែការ​ធ្វើ​សម្ភាសន៍​នៅ​ក្នុង​របាយការណ៍​នោះ​ផ្តោត​លើកម្មករ​ចំនួន​២៧៩​នាក់​តែ​ប៉ុណ្ណោះក្នុង​ចំណោម​កម្មករ​រោង​ចក្រ​សរុប​៧០ ម៉ឺន​នាក់។​ម្យ៉ាង​វិញ​ទៀត​របាយការណ៍​នេះ​ «​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ប្រញ៉ាប់»។

​ទោះ​ជាយ៉ាងណា​សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជាបាន​ទទួល​ស្គាល់​ថាមាន​ការ​រំលោភ«តិច​តួច»​ដែរ​នៅ​តាម​បណ្តា​រោង​ចក្រ​មួយ​ចំនួន​ប៉ុន្តែ​វា​ «មិនមែនជា​ករណី​ទូទៅ​»​ នោះទេ។

លោក​ហ្វីល​ រ៉ូប៊ើតសុន (Phil Robertson) ​នាយក​រងអង្គការ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​បាងកក​មក​ថាការសិក្សា​របស់​អង្គការ​របស់​លោក​មាន​ភាព​ជាក់​លាក់​ហើយ​ការ​បដិសេធ​របស់​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​គ្រាន់​តែ​ជា​«ល្បែង​មួយ​ដើម្បី​បង្ហាញ​ថាការ​ស្រាវជ្រាវ​របស់​Human Rights Watch ​មាន​កំហុស។

«​យើង​សុំ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា។​ហើយ​យើង​ស្នើ​ឲ្យ​សមាគម​នេះ​អាន​របាយការណ៍​របស់​យើង​ហើយ​ឆ្លើយ​តប​មួយ​សំណួរ​ម្តងៗ​ អំពី​ការ​បណ្តេញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​ពី​កន្លែង​ធ្វើការ​ អំពី​ការ​បង្ខំ​ឲ្យធ្វើការ​បន្ថែម​ម៉ោង ​អំពី​ការ​រឹតត្បិតលើ​សហជីព​និង​ការ​បណ្តេញ​មេដឹក​នាំ​សហជីព​កម្មករ​ពី​កាងារ»។

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​CCAWDU ​គាំទ្រ​ដល់​របាយការណ៍​របស់​អង្គការ​Human Rights Watch។

«​វា​បង្ហាញ​ពី​ធាតុ​ពិត​មួយ​ចំនួន​នៅ​ក្នុង​ការ​អនុវត្តន៍​កន្លងមក​ព្រោះ​យើង​ឃើញ​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ឆ្នាំ កន្លង​មក​ហើយ​អធិការ​កិច្ច​នៃ​ក្រសួង​ផ្សេងៗ​អត់សូវ​មាន​ប្រសិទ្ធភាព​ទេ។ ​មន្ត្រី​អធិការ​កិច្ច​ខ្លះ​ចូល​ក្នុង​ក្រុមហ៊ុន​មិន​បាន​ផង។ មន្ត្រី​ខ្លះ​ចូល​ទៅ​បាន​តែ​មក​វិញ​អត់មាន​ការ​កែ​ប្រែ។​ឆ្នាំ​២០១៤​កន្លង​មក​ឃើញ​ថា​ក្រសួង​មាន​ការ​កែ​ទម្រង់​ការ​ចុះ​អធិការកិច្ច ​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ»។
អង្គការ​Huma Rigths Watch​ ​បាន​សម្ភាស​មនុស្ស​ចំនួន​៣៤០​នាក់ក្នុង​នោះ​មាន​កម្មករ​ចំនួន​២៧០​នៅ​ក្នុង​រោង​ចក្រ​ចំនួន​៧៣។

កម្មករ​ទាំង​នោះ​បាន​និយាយ​ថា​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង​បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ កាត់​ប្រាក់ខែ​និងការ​ផ្លាស់​ប្តូរ​ការងារ។

ថៅ​កែ​រោង​ចក្របាន​យាយី​រំខាន​ដល់​សហជីព​ដែល​បាន​ការពារ​សិទ្ធិ​កម្មករ​ដោយ​ធ្វើ​ការ​បណ្តេញ​ពួក​គេ​និង​សំឡុតតាមរយៈ​ការ​ជ្រើសតាំង​អ្នក​ដឹកនាំ​សហជីព​ថ្មីឬ​តាម​រយៈ​ការ​ផ្តល់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​ជាដើម។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​របាយការណ៍​របស់​អង្គការ​Human Rights Watch ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​តបដោយ​សំដែង​ការ​សោក​ស្តាយ​និង​ទាត់ចោល​របាយការណ៍​របស់​អង្គការអាមេរិក​នេះ​ដោយ​ចោទ​ថា​របាយការណ៍​នេះ«​ខ្វះ​វិជ្ជា​ជីវៈ»៕

XS
SM
MD
LG