ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃជំរុញការវិនិយោគលើ«ផ្លូវឆ្លងកាត់»យុទ្ធសាស្ត្រ


រូបឯកសារ៖ នាវា​ដឹក​ទំនិញ​ធ្វើ​ដំណើរ​ក្បែរ​កំពង់ផែ​នៅ​ក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ នាវា​ដឹក​ទំនិញ​ធ្វើ​ដំណើរ​ក្បែរ​កំពង់ផែ​នៅ​ក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។

ប្រទេស​ថៃ​កំពុង​ព្យាយាម​ជំរុញ​ការ​វិនិយោគ​លើ «ផ្លូវ​ឆ្លងកាត់» កាត់​តាម​ជ្រោយ​ភាគ​ខាង​ត្បូង​របស់​ខ្លួន ដែល​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ដឹក​ជញ្ជូន​ទំនិញ​ពី​តំបន់​ប៉ាស៊ីហ្វិក​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​និង​លើកស្ទួយ​ដល់​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​តាម​រយៈ​ការ​ផ្ដល់​ផ្លូវ​ផ្សេង​មួយ​សម្រាប់​ពាណិជ្ជកម្ម​របស់​ចិន​ដែល​អាច​វាង​ផុត​ប្រទេស​សិង្ហបុរី​និង​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca)។

ប៉ុន្តែ អ្នក​រិះគន់​កំពុង​ចោទ​សួរ​លើ​គោល​គំនិត​បែប​សុភវិនិច្ឆ័យ​នៃ​ផែនការ​ដែល​មាន​ទឹកប្រាក់ ២៨ ពាន់​លាន​ដុល្លារ​នេះ។ កន្លង​មក ប្រទេស​ចិន​មិន​បាន​បញ្ចេញ​មតិ​ផ្លូវការ​ណា​មួយ​លើ​ផែនការ​នេះ​ទេ។ ជា​ប្រវត្តិសាស្ត្រ ចិន​ចូលចិត្ត​គំនិត​នៃ​ការ​មាន​ផ្លូវ​ដូច​ព្រែកជីក​ទឹក​ជ្រៅ​ស៊ុយអេ (Suez Canal) កាត់​តាម​ប្រទេស​ថៃ​សម្រាប់​កប៉ាល់​របស់​ខ្លួន​ឆ្លងកាត់។

សំណើ​ផ្លូវ​ឆ្លងកាត់​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin អួត​សរសើរ​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​និង​ទីក្រុង San Francisco នៃ​សហរដ្ឋ​អាមេរិក។ សំណើ​នេះ​មាន​បំណង​ចង់​ឃើញ​កប៉ាល់​ដឹក​ទំនិញ​ទម្លាក់​កុងតឺន័រ​ចុះ​នៅ​តាម​កំពង់ផែ​នានា​នៅ​ជ្រុង​សងខាង​នៃ​ផ្លូវ​គោក​និង​ផ្លូវ​ដែក​ដែល​មាន​ប្រវែង​ជិត ៩០ គីឡូម៉ែត្រ​ដែល​ស្នើ​ឡើង​នេះ។

នៅ​ក្រោម​ផែនការ​នេះ គេ​នឹង​សាងសង់​ផ្លូវ​គោក​និង​ផ្លូវ​ដែក​ល្បឿន​លឿន​កាត់​តាម​ផ្នែក​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ពី​ខេត្ត Chumpon នៅ​ខាង​ឈូង​សមុទ្រ​ថៃ​ទៅ​ខេត្ត Ranong នៅ​ខាង​មហា​សមុទ្រ​ឥណ្ឌា​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដាក់​លើ​កប៉ាល់​នានា​ដែល​រង់ចាំ។

ប្រសិនបើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ភាព​ដែល​អាច​ធ្វើ​បាន​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អនុញ្ញាត កិច្ចការ​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០៣០ ខាង​មុខ៕

XS
SM
MD
LG