ប្រទេសឥណ្ឌានិងរុស្ស៊ីកាលពីថ្ងៃទី ២៧ ខែធ្នូកន្លងទៅ បានបញ្ជាក់ឡើងវិញពីមិត្តភាពដ៏រឹងមាំរបស់ពួកគេ និងបានពិភាក្សាចំណងយុទ្ធសាស្ត្រនិងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមួយរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ទៅកាន់រដ្ឋធានីមូស្គូ នៃប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះបាននិយាយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ២៧ ខែធ្នូថា ប្រទេសទាំងពីរបានធ្វើឱ្យមានភាពចម្រើនទៅមុខលើវិស័យពាណិជ្ជកម្ម ដែលពេលនេះមានទំហំទឹកប្រាក់លើស ៥០ ពាន់លានដុល្លារអាមេរិក។
លោកថ្លែងដូចនេះថា៖ «យើងជឿជាក់ថា នេះជាអ្វីដែលគ្រាន់តែជាការចាប់ផ្តើមបង្ហាញឱ្យឃើញតែប៉ុណ្ណោះ»។
ប្រទេសឥណ្ឌាបានលេចធ្លោជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសរុស្ស៊ី ដោយសារខ្លួនបានបង្កើនការនាំចូលប្រេងឆៅរបស់រុស្ស៊ីមកកាន់ប្រទេសខ្លួន ដោយមិនអើពើពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមប្រទេស ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០២២ មក ជុំវិញការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងញូវដែលី ដែលបានប្រកាន់ជំហរអព្យាក្រឹតលើជម្លោះក្នុងប្រទេសអ៊ុយក្រែននោះ នៅតែរក្សាចំណងមេត្រីភាពជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដោយបានលើកឡើងពីចំណងមិត្តភាពដែលមានរយៈពេលជាច្រើនទសវត្សរ៍ជាមួយសម្ព័ន្ធមិត្តចាស់វស្សាមួយនេះ។
លោក Putin ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី ដែលបានស្រង់សម្តីក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាចុះផ្សាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ីនិងឥណ្ឌា កំពុងរីកចម្រើនទៅមុខក្នុងឆ្នាំទី ២ ជាប់ៗគ្នា ជាពិសេសដោយសារក្នុងវិស័យប្រេងឆៅនិងបច្ចេកវិទ្យា។ នេះបើយោងលើការចេញផ្សាយរបស់សារព័ត៌មាន Tass។
លោក Putin ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មកធ្វើទស្សនកិច្ចក្នុងរដ្ឋធានីមូស្គូផងដែរ។
សារព័ត៌មាន Tass របស់រុស្ស៊ីបានដកស្រង់សម្តីលោក Putin ថា៖ «យើងនឹងមានលទ្ធភាពពិភាក្សាគ្នាលើបញ្ហាថ្មីៗទាំងអស់ និយាយពីការប្រមើលមើលដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងរុស្ស៊ីនិងឥណ្ឌាផងដែរ»។
ឥណ្ឌានិងរុស្ស៊ីតែងបានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាច្រើនដងក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅ ប៉ុន្តែមិនទាន់បានរៀបចំមួយនៅឡើយទេ ចាប់ទាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនមក។
រដ្ឋាភិបាលក្រុងញូវដែលីមិនបានផ្តល់ហេតុផលផ្លូវការណាមួយឡើយជុំវិញរឿងនេះ ប៉ុន្តែអ្នកវិភាគមើលឃើញថា នេះជាផ្នែកមួយនៃការប្រយ័ត្នប្រយែងរបស់ឥណ្ឌា ស្របពេលដែលទំនាក់ទំនងរបស់ខ្លួនកំពុងកើនឡើងជាមួយប្រទេសលោកខាងលិចផងដែរនោះ។ លោក Modi បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែមិថុនាឆ្នាំមុន និងបានជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលត្រូវបានគេមើលឃើញជាការផ្តល់សន្ទុះទៅមុខមួយនៅក្នុងភាពជាដៃគូដល់ប្រទេសទាំងពីរ។
លោក Manoj Joshi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិ Observer Research Foundation ក្នុងរដ្ឋធានីញូវដែលី ថ្លែងដូចនេះថា៖ «ប្រទេសឥណ្ឌាបានជៀសវាងការរៀបចំកិច្ចប្រជុំកំពូលជាមួយរុស្ស៊ី ពីព្រោះខ្លួនមិនចង់ឱ្យគេមើលឃើញថា មានភាពជិតស្និទ្ធជាមួយរុស្ស៊ីខ្លាំងពេកនោះ។ ទន្ទឹមនឹងនេះដែរ វាក៏ជាសារសំខាន់មួយដែរ ដើម្បីបង្ហាញរុស្ស៊ីនិងពិភពលោកថា យើងមិនបានបោះបង់រុស្ស៊ីចោលនោះទេ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាទៅកាន់រដ្ឋធានីមូស្គូ ជាការសង្កត់ធ្ងន់មួយថា យើងនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ប៉ុន្តែទន្ទឹមពេលជាមួយគ្នានោះ ខ្លួនបានជៀសវាងនូវការយកចិត្តទុកដាក់កម្រិតខ្ពស់ ដែលកើតចេញពីកិច្ចប្រជុំកំពូលមួយ។
កិច្ចប្រជុំរបស់លោក Putin ជាមួយលោក Jaishankar ត្រូវបានចាត់ទុកថាជារឿងសំខាន់ ពីព្រោះជាទូទៅលោក Putin មិនជួបប្រជុំជាមួយថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលធ្វើទស្សនកិច្ចក្នុងប្រទេសរុស្ស៊ីឡើយ។ ក្រុមអ្នកវិភាគថា នេះការប្រឹងប្រែងមួយ ដើម្បីបង្ហាញថា រុស្ស៊ីមិននៅឯកោតែឯងនោះទេ។
លោក Joshi បន្ថែមទៀតថា៖ «នេះជាសេចក្តីថ្លែងការណ៍មួយស្តីពីសារសំខាន់ពាក់ព័ន្ធរបស់ឥណ្ឌាចំពោះប្រទេសរុស្ស៊ី។ ឥណ្ឌាជាប្រទេសដ៏ធំមួយ និងកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ការបង្ហាញថា រុស្ស៊ីមានទំនាក់ទំនងល្អជាមួយឥណ្ឌា គឺមានសារសំខាន់សម្រាប់រុស្ស៊ី ក្នុងតំណាក់កាលនេះ ខណៈពេលដែលរុស្ស៊ីកំពុងទាល់ច្រកនោះ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Jaishankar ដែលបានធ្វើទស្សនកិច្ចរយៈពេល ៥ ថ្ងៃទៅកាន់រដ្ឋធានីមូស្គូ ក៏បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ផងដែរកាលពីថ្ងៃទី ២៧ ខែធ្នូកន្លងទៅ។
នៅក្នុងសន្នីសីទសារព័ត៌មានរួមមួយ លោក Lavrov និយាយថា ប្រមុខការទូតនៃប្រទេសទាំងពីរបានពិភាក្សាគ្នាលើទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ដែលក្នុងនោះរួមមានការផលិតប្រភេទអាវុធទំនើបរួមគ្នាផងដែរ»។
រុស្ស៊ីធ្លាប់ជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់ឥណ្ឌាអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងពេលកន្លងទៅ ហើយរដ្ឋាភិបាលក្រុងញូវដែលី (New Delhi) ពេលនេះនៅតែនាំចូលឧបករណ៍យោធាប្រមាណ ២ភាគ៣ ពីប្រទេសរុស្ស៊ីចូលមកក្នុងប្រទេសរបស់ខ្លួន បើទោះបីជាខ្លួនព្យាយាមដើម្បីធ្វើឱ្យមានភាពចម្រុះ ក្នុងការទិញឧបករណ៍យោធាពីប្រភពផ្សេងៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
អ្នកវិភាគលើកឡើងថា ប្រទេសឥណ្ឌានៅតែពឹងផ្អែកលើរុស្ស៊ីនៅឡើយ នៅក្នុងវិស័យការពារជាតិនិងប្រេងឥន្ធនៈ។
ដោយហៅរុស្ស៊ីថាជាដៃគូដែល«មានតម្លៃនិងទុកចិត្តបាន» លោក Jaishankar និយាយថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ គឺផ្អែកលើយុទ្ធសាស្រ្តស្របគ្នានិងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយ»។
ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធនឹងការសាងសង់ទីតាំងផលិតអគ្គិសនីនៅរោងចក្រអគ្គិសនីនុយក្លេអ៊ែរ Kudankulam ដែលកំពុងត្រូវបានសាងសង់នៅភាគខាងត្បូងប្រទេសឥណ្ឌា ដោយមានជំនួយពីរុស្ស៊ីផងដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក Jaishankar បានហៅទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ីថា «ជាទំនាក់ទំនងដែលរឹងមាំមិនប្រែលប្រួលតែមួយគត់ នៅក្នុងនយោបាយពិភពលោក»។
នៅក្នុងជំនួបមួយជាមួយពលរដ្ឋឥណ្ឌារស់នៅក្នុងរដ្ឋធានីមូស្គូកាលពីថ្ងៃទី ២៦ ខែធ្នូកន្លងទៅ លោកJaishankar និយាយថា ជាទូទៅ វិស័យការពារជាតិ នុយក្លេអ៊ែរ និងអវកាស ជាកិច្ចសហការដែលធ្វើជាមួយតែប្រទេស ដែលយើងមានទំនុកចិត្តខ្ពស់តែប៉ុណ្ណោះ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ