អាជ្ញាធរចិនបានអនុញ្ញាតឱ្យលោក Quanzhang Wang ដែលជាមេធាវីសិទ្ធិមនុស្សសំខាន់ម្នាក់ ជួបជុំជាមួយក្រុមគ្រួសាររបស់លោកវិញកាលពីយប់ថ្ងៃច័ន្ទ ទី ២៧ ខែមេសា ដោយបញ្ចប់ការឃុំឃាំងលោកជាង ៤ ឆ្នាំ ដែលភាគច្រើននៃការឃុំឃាំងនេះ លោកមិនអាចទាក់ទងជាមួយនឹងមិត្តភ័ក្តិ និងក្រុមគ្រួសាររបស់លោកបានទេ។
លោក Quanzhang Wang បានវិលត្រឡប់ទៅផ្ទះរបស់លោកវិញជួបជុំប្រពន្ធ និងកូនប្រុសរបស់លោកនៅក្នុងរដ្ឋធានីប៉េកាំង។ ពួកគេបានសម្រក់ទឹកភ្នែកនៅពេលជួបជុំគ្នាឡើងវិញ។
លោក Wang ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីលោកបានជាប់ឃុំឃាំងអស់រយៈពេល ៤ ឆ្នាំកន្លះ ក្រោយពីត្រូវបានកាត់ទោសពីបទ«ផ្ដួលរំលំរដ្ឋអំណាច»។ ការកាត់ទោសនេះត្រូវបានសហរដ្ឋអាមេរិកបញ្ជាក់ថា «អយុត្តិធម៌»។
នៅមុនពេលលោកបានជួបជុំគ្រួសារលោក លោក Wang បាននិយាយប្រាប់វីអូអេថា លោកសប្បាយចិត្តខ្លាំងណាស់ដែលបានវិលត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញ។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំពិតជាចង់ឱបកូនប្រុសខ្ញុំ។ ខ្ញុំតែងតែស្រមៃអំពីពេលដែលខ្ញុំនៅក្នុងពន្ធនាគារ។ នៅពេលដែលប្រពន្ធ និងកូនខ្ញុំទៅសួរសុខទុក្ខខ្ញុំក្នុងពន្ធនាគារ យើងអាចនិយាយគ្នាដោយមានរបាំងឆ្លងបញ្ចក់តែប៉ុណ្ណោះ។ នៅពេលនេះខ្ញុំអាចឱបប្រពន្ធនិងកូនប្រុសរបស់ខ្ញុំបានហើយ»។
លោក Wang បាននិយាយប្រាប់វីអូអេថា នៅពេលនេះលោកមិនមែនមកលេងជាបណ្តោះអាសន្នទេ ក៏ប៉ុន្តែលោកវិលត្រឡប់មកទីក្រុងប៉េកាំងវិញជាអចិន្ត្រៃយ៍ហើយ។
លោក Wang ជាមនុស្សម្នាក់ក្នុងចំណោមមេធាវី និងសកម្មជនជាង ២០០ នាក់ ដែលបានត្រូវចាប់ខ្លួនឃុំឃាំងនៅក្នុងការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលចិនលើមេធាវីសិទ្ធិមនុស្ស ដែលបានចាប់ផ្តើមធ្វើកាលពីខែកក្កដាឆ្នាំ ២០១៥។ រដ្ឋាភិបាលចិនបានចោទប្រកាន់ពួកមេធាវីសិទ្ធិមនុស្សទាំងនោះថាបានទាញយកប្រយោជន៍ពីរឿងក្តីខ្លះ ដើម្បីឲ្យពួកគេមានបាន។
សកម្មជននានាខាងសិទ្ធិមនុស្ស បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបនេះជាការបង្ហាញនូវការក្ដោបក្តាប់អំណាចរបស់ប្រធានាធិបតីចិនលោក Xi Jinping។ លោក Wang បានការពារក្តីឱ្យពួកអ្នកធ្វើយុទ្ធនាការនយោបាយ និងពួកជនរងគ្រោះដោយសារការលួចប្លន់ដីធ្លី ព្រមទាំងពួកសមាជិកនៃចលនា Falun Gong ដែលជាក្រុមសាសនាមួយត្រូវហាមប្រាមនៅក្នុងប្រទេសចិនផងដែរ។
រដ្ឋអាជ្ញាបានចោទប្រកាន់លោក Wang ពីបទ «ផ្ដួលរំលំរដ្ឋអំណាច»។ នៅក្នុងការកាត់ក្តីនេះ អ្នកកាសែត និងអ្នកការទូតបរទេសត្រូវបានហាមមិនឱ្យចូលក្នុងសាលតុលាការ។
បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធនាគារតាមការសម្រេចរបស់តុលាការរួចមក លោក Wang ដំបូងត្រូវអាជ្ញាធរគ្រោងដោះលែងកាលពីថ្ងៃទី ៥ ខែមេសា។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ លោកត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Jinan ដែលស្ថិតនៅចម្ងាយ ៤០០ គីឡូម៉ែត្រពីផ្ទះរបស់លោក ដើម្បីដាក់លោកឲ្យស្ថិតនៅដាច់ពីគេឯង ដែលជាការតម្រូវដោយអាជ្ញាធរចិន។
អាជ្ញាធរបាននិយាយប្រាប់លោកថា លោកនឹងត្រូវដោះលែងបន្ទាប់ពីពេលដែលលោកនៅដាច់ពីគេចំនួន ១៤ ថ្ងៃ ក៏ប៉ុន្តែពួកគេបានឱ្យលោករង់ចាំមួយសប្ដាហ៍ទៀត នៅមុនពេលអនុញ្ញាតឱ្យលោកវិលត្រឡប់ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទទី ២៧ ខែមេសា។
មួយថ្ងៃមុនការកំណត់វិលត្រឡប់មកវិញរបស់លោក គឺនៅថ្ងៃទី ២៦ ខែមេសា ប្រពន្ធលោកបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារអ្នកស្រីមានជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ។ លោក Wang បានព្យាយាមទៅជួបអ្នកស្រី ក៏ប៉ុន្តែលោកត្រូវបានប៉ូលិសបង្អាក់ដំណើររបស់លោក នៅពេលលោកធ្វើដំណើរទៅផ្ទះ។
លោក Wang បានអះអាងថា នេះជាសិទ្ធិមនុស្សជាមូលដ្ឋានរបស់លោកក្នុងការជួបជុំ និងថែទាំគ្រួសារលោក។
លោកបាននិយាយប្រាប់វីអូអេថា អាជ្ញាធរក៏បានហាមឃាត់លោកមិនឱ្យនិយាយជាមួយនឹងអ្នកកាសែតផងដែរ។
កាលពីសប្តាហ៍ទី ៣ នៃខែមេសា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសមួយអំពាវនាវដល់រដ្ឋាភិបាលចិនឲ្យអនុញ្ញាតឲ្យលោក Wang «មានសេរីភាពក្នុងការធ្វើដំណើរ ដោយក្នុងនោះរួមមានទាំងការអនុញ្ញាតឲ្យលោកបានជួបជុំជាមួយក្រុមគ្រួសាររបស់លោកនៅក្នុងទីក្រុងប៉េកាំងផងដែរ»។
ក្រសួងការបរទេសចិនបានតបតវិញថា រដ្ឋាភិបាលចិនជំទាស់ទៅនឹងការជ្រៀតជ្រែកដោយប្រទេសណាមួយក្នុង «កិច្ចការផ្ទៃក្នុង» របស់ខ្លួន៕
ប្រែសម្រួលដោយ ឈឹម សុមេធ