ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ពី​ការ​លិច​នាវា​នៅ​ចិន​បាន​កើន​ដល់​៩៧​នាក់


ក្រុមអ្នកជួយសង្គ្រោះមើល​ការ​ស្រង់​នាវា Eastern Star មកលើគោក​ពី​លើទន្លេ​យ៉ាងសេ​ នៅក្នុងក្រុង​ Jianli នៃខេត្ត Hubei ប្រទេសចិននា​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។
ក្រុមអ្នកជួយសង្គ្រោះមើល​ការ​ស្រង់​នាវា Eastern Star មកលើគោក​ពី​លើទន្លេ​យ៉ាងសេ​ នៅក្នុងក្រុង​ Jianli នៃខេត្ត Hubei ប្រទេសចិននា​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ​បាន​ចាប់​ផ្តើម​លើក​កប៉ាល់​ដឹក​អ្នក​ដំណើរ ​ដែលក្រឡាប់ទៅ​ទន្លេ​យ៉ាងសេ ចេញ​ពី​ទន្លេហើយ​បាន​និយាយ​ថា ​មិន​មានឱកាស​ដើម្បី​ស្វែងរក​មនុស្ស​ណា​ម្នាក់​ ដែល​នៅ​រស់​រានមាន​ជីវិត​ទេ ​នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើងយ៉ាង​ហោចណាស់​ចំនួន​៩៧​នាក់​ដែរ។

រូបភាព​តាម​វីដេអូ​បង្ហាញ​ថា កប៉ាល់ Eastern Star មួយ​ចំហៀង​បាន​ស្ថិត​នៅ​ពី​លើ​ទឹក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ក្រុម​នាវិក​បាន​ធ្វើ​ការ​ទាំង​យប់​ដើម្បីស្តារ​កប៉ាល់​នោះ។

មនុស្ស​តែ​១៤​នាក់​គត់ ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចាប់​តាំង​ពី​កប៉ាល់​នោះ​បាន​លិច​ដោយ​សារ​តែ​អាកាស​ធាតុ​មិន​ល្អ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។​ អ្នក​ដំណើរ​ជាង​បី​រយ​នាក់ ​ភាគ​ច្រើន​ជា​ចាស់​ៗ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ គេ​ជឿ​ជាក់​ថា អ្នក​ដំណើរ​ជា​ច្រើន​បាន​ជាប់​នៅ​ខាង​ក្នុង​គ្រោង​កប៉ាល់​នោះ។

លោក Xu Chengguang អ្នក​នាំ​ពាក្យ​ក្រសួង​ដឹក​ជញ្ជូន​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កប៉ាល់​នេះ​នឹង​ត្រូវ​គេ​លើក​ចេញ​ពី​ទឹក​ទាំង​ស្រុង​ដើម្បី​ចាប់​ផ្តើម​ស្វែង​រក​សាក​សព​មនុស្ស​។

លោក Xu Chengguang ​អនុ​ប្រធានមជ្ឈមណ្ឌលគោលនយោបាយ​ស្រាវ​ជ្រាវ​របស់​ក្រសួងដឹក​ជញ្ជូន​និយាយ​ថា «សាក​សព​មនុស្សទាំងអស់​២០​នាក់​ទៀត ​បាន​ត្រូវ​គេ​រក​ឃើញ។​ យើង​សូម​សម្តែង​នូវការ​ចូល​រួម​រំ​លែក​ទុក្ខដល់​ជន​រងគ្រោះ ​ហើយ​យើង​សង្ឃឹម​ថា ​ក្រុម​គ្រួសារ ​នឹង​ទប់​ចិត្ត​ចំពោះ​ការ​ទុក្ខ​ព្រួយ​នេះ‍»។

​ចំនួន​មនុស្ស​ស្លាប់ ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​អ្វី​ដែល​ទំនង​ជាមហន្តរាយ​ខាង​នាវាចរណ៍​ដ៏​ប្រល័យ​បំផុតនៅប្រទេស​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។

XS
SM
MD
LG