ប្រទេសចិននៅថ្ងៃចន្ទនេះបានដាក់ការត្រួតពិនិត្យឡើងវិញនូវការធ្វើដំណើរនៅខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានប្រកាសថា អ្នកណាដែលចាកចេញពីតំបន់ដែលមានប្រជាជនច្រើននេះត្រូវតែធ្វើតេស្តរកជំងឺនេះ បន្ទាប់ពីមានកំណើនការឆ្លងដែលបានធ្វើឱ្យអាជ្ញាធរភ្ញាក់ផ្អើល។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ខេត្តក្វាងទុងដែលមានព្រំប្រទល់ជាប់ទីក្រុងហុងកុងបានកត់ត្រានូវករណីឆ្លងថ្មីចំនួន២០ដែលបានបញ្ជាក់ថាជាការឆ្លងក្នុងស្រុកក្នុងរយៈពេល២៤ម៉ោងរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ ចំនួនឆ្លងក្នុងខេត្តក្វាងទុងមានកម្រិតទាបបើប្រៀបធៀបនឹងកន្លែងជាច្រើននៅលើពិភពលោក ប៉ុន្តែការកើនឡើងនេះបានធ្វើឱ្យមេដឹកនាំចិនបារម្ភ ព្រោះពួកគេបានគិតថា ពួកគេបានបង្ក្រាបជំងឺនេះហើយ។
អាជ្ញាធរខេត្តបានប្រកាសថា មនុស្សចាកចេញពីខេត្តក្វាងទុងដោយយន្តហោះ រថភ្លើង រថយន្តក្រុងឬរថយន្តឯកជនបន្ទាប់ពីម៉ោង១០យប់ ថ្ងៃចន្ទ ត្រូវតែបង្ហាញលទ្ធផលនៃការធ្វើតេស្តក្នុងរយៈពេល៧២ម៉ោងកន្លងមក។ សេចក្តីប្រកាសនោះបានឲ្យដឹងថា កន្លែងធ្វើតេស្តសម្រាប់អ្នកបើកបរឡានដឹកទំនិញនឹងត្រូវបានបង្កើតឡើងនៅលើផ្លូវធំៗ។
អាជ្ញាធរទីរួមខេត្ដក្វាងចូវដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានប្រជាជនចំនួន ១៥ លាននាក់បានបញ្ជាឲ្យមានការធ្វើតេស្តទ្រង់ទ្រាយធំបន្ទាប់ពីរកឃើញការឆ្លងមេរោគក្នុងស្រុកនៅថ្ងៃទី២១ ខែឧសភា។
ប្រទេសចិនបានបន្ធូរបន្ថយភាគច្រើនលើការរឹតត្បិតការធ្វើដំណើរក្នុងស្រុកបន្ទាប់ពីបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចបានប្រកាសថា ជំងឺកូវីដ១៩ត្រូវបានបង្ក្រាបកាលពីខែមីនា។ អ្នកធ្វើដំណើរទៅពីបរទេសនៅតែត្រូវធ្វើតេស្ត៕