ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ថៃ​ថា ចិន​ត្រៀមខ្លួន​នឹង​ចែកចាយ​ទិន្នន័យ​អំពី​លំហូរ​ទឹក​ទន្លេ​មេគង្គ


រូបឯកសារ៖ ការបូមខ្សាច់ក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ការបូមខ្សាច់ក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ដកស្រង់​សម្តី​មន្ត្រី​ក្រសួង​ការបរទេស​ថៃ ដែល​បាន​និយាយ​កាល​ពី​សុក្រថា ​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ​អំពី​លំហូរ​ទឹក​ចូល​ទន្លេ​មេគង្គ ​ដែល​ទិន្នន័យ​នេះ​ជា​សំណើ​ជា​យូរ​មក​ហើយ​របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដែល​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក្រោម។​

លោក​ Nikorndej Balankura ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ថៃ​ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មានហើយ​ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters​ ដក​ស្រង់​សម្តី​ដើម​ថា៖ ​«ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​នឹង​ចែករំលែក​ព័ត៌មាន​ជាមួយ​យើង​ នៅ​ក្នុង​បែប​ផែន​មួយ ​ដែល​ច្បាស់​លាស់​ មាន​ប្រយោជន៍ ​និង​មាន​តម្លាភាព ពេញ​មួយ​ឆ្នាំ»។​

ការ​គ្រប់គ្រង​ទឹក​ទន្លេ​មេគង្គ​ជា​រឿង​រសើប​ខាង​នយោបាយ ​ហើយ​ជីវភាព​កសិករ​ និង​អ្នក​នេសាទ​ជា​ច្រើន​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ ​ពឹង​ផ្អែក​ទៅ​លើ​ទន្លេ​មេគង្គ។ ​របាយ​ការណ៍​ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​អាមេរិក​មួយ ​ក្នុង​ឆ្នាំ​នេះ ​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ បាន​ខ្ទប់​ទឹក​ជា​ច្រើន​របស់​ទន្លេ​មេគង្គ​ កាល​ពី​ឆ្នាំ ​២០១៩ ​ដែល​ការ​អះអាង​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បដិសេធ។

ប្រទេស​ចិន​ដែល​នៅ​ដើម​ទឹក​ទន្លេ​មេគង្គ ​ដែល​ខ្លួន​ហៅ​ថា​ទន្លេ​ Lancang ​នោះ ​មិន​មាន​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ ​គឺ​ឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជា និង​វៀតណាម ​អំពី​ការ​ប្រើប្រាស់​ទឹក​ទន្លេ​ទេ ​ហើយ​ពេល​នេះ ​ចិន​បាន​ត្រឹម​ចែកចាយ​ទិន្នន័យ​តិចតួច​អំពី​លំហូរ​ទឹក​ទន្លេ​នៅ​ក្នុង​អំឡុង​រដូវ​វស្សា​ប៉ុណ្ណោះ។​

ឆ្លើយ​តបនឹង​សំណួរ​របស់​ទីភ្នាក់ងារ​ Reuters ក្រសួង​ការ​បរទេស​ចិន​ថា ​ខ្លួន​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នៅ​មុន​កិច្ច​ប្រជុំ​មេដឹកនាំ​របស់​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ​ រួម​ទាំង​ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា​កិច្ចប្រជុំ​ Lancang-Mekong​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG