ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ចិន​ថា ប្រទេស​ចិន​នឹង​មិន​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ដណ្ដើម​យក​ដែនដី​របស់​ខ្លួន​នោះ​ទេ


មនុស្ស​ម្នា​មើល​យន្តហោះ​ចម្បាំង​ដែល​គេ​តាំង​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ដើម្បី​សាទរ​ខួប​៩០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​រដោះ​ប្រជាជន​ចិន​នៅ​សារមន្ទីរ​យោធា ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រារព្ធ​ខួប​លើក​ទី ៩០ នៃ​ការ​បង្កើត​កង​កម្លាំង​យោធា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដោយ​ការ​ប្រកាស​ថា ប្រទេស​ចិន​នឹង​មិន​បណ្ដោយ​ឲ្យ​កម្លាំង​ពី​ខាង​ក្រៅ​ណា​មួយ​ដណ្ដើម​យក​ដែនដី​របស់​ខ្លួន​នោះ​ទេ។

លោក Xi Jinping បាន​សន្យា​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ នៅ​ថ្ងៃ​អង្គារ​នេះ ទៅ​កាន់​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​យោធា​សេរីភាព​ប្រជាជន ដែល​ជា​កង​យោធា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន នៅ​ឯ​វិមាន Great Hall of the People ស្ថិត​នៅ​បរិវេណ​ទីលាន Tiananmen ក្នុង​រដ្ឋធានី​ប៉េកាំង​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ អង្គការ​ណា​មួយ ឬ​គណបក្ស​នយោបាយ​ណា​មួយ មក​បំបែក​ចេញ​នូវ​ផ្នែក​ណា​មួយ​នៃ​ដែនដី​របស់​ប្រទេស​ចិន នៅ​ពេល​ណា​មួយ និង​តាម​វិធី​ណា​មួយ​នោះ​ទេ»។

ប្រទេស​ចិន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែនដី​ជា​ច្រើន ដែល​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ដី​គោក​របស់​ខ្លួន ជាពិសេស​គឺ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះ ខ្លួន​បាន​ប្រែ​ក្លាយ​កោះ​សិប្បនិមិត្ត​ជា​ច្រើន​ទៅ​ជា​មូលដ្ឋាន​យោធា ដោយ​មិន​ខ្វល់​ពី​ការ​អះអាង​ទាមទារ​កាន់កាប់​ដី​កោះ​ទាំង​នោះ​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ។

ជាង​នេះ​ទៅ​ទៀត ប្រទេស​ចិន​ក៏​មាន​ជម្លោះ​ដែនដី​មួយ​ចំនួន​ទៀត ដូចជា​ជម្លោះ​ជាមួយ​នឹង​កោះ​តៃវ៉ាន់ និង​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ជួរ​ភ្នំ​ហិមាល័យ​ជា​ដើម៕

XS
SM
MD
LG