ប៉ាគីស្ថាន និងចិនបានហៅរបាយការណ៍ព័ត៌មានទាំងឡាយដែលថាសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរបានរួមគ្នាបង្កើតគម្រោងស្រាវជ្រាវសម្ងាត់មួយដើម្បីផលិតអាវុធជីវសាស្រ្ត ដោយរំលោភលើសន្ធិសញ្ញាសាកលស្តីពីអាវុធជីវសាស្រ្តនោះ ថាជារឿងប្រតិដ្ឋមិនសមហេតុផល។
សេចក្តីរាយការណ៍មួយរបស់សារព័ត៌មានអូស្តា្រលី Klaxon បានធ្វើការចោទប្រកាន់នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានចុះកិច្ចព្រមព្រៀងមួយរយៈពេល៣ឆ្នាំដើម្បីពង្រីកសមត្ថភាពអាវុធជីវសាស្រ្តដែលមានសក្តានុពលសម្រាប់ធ្វើសង្គ្រាម រួមទាំងគម្រោងសា្រវជ្រាវជាច្រើនផ្សេងទៀតពាក់ព័ន្ធនឹងការបង្កើតអាវុធជីវសាស្រ្តដ៏ប្រល័យឈ្មោះ anthrax ផងដែរ។
របាយការណ៍បានដកស្រង់ពីប្រភពស៊ើបការណ៍សម្ងាត់ជាច្រើនដែលនិយាយថា វិទ្យាស្ថានស្រាវជ្រាវអំពីមេរោគក្នុងក្រុងវូហាន ប្រទេសចិន ជាអ្នកឧបត្ថម្ភទាំងផ្នែកហរិញ្ញវត្ថុ និងជំនួយវិទ្យាសាស្រ្តដើម្បីបង្កើតទីតាំងសម្ងាត់មួយនៅក្នុងប្រទេសប៉ាគីស្ថាន។ មន្ទីរពិសោធន៍ក្នុងក្រុងវូហានក៏បានផ្តល់ការបណ្តុះបណ្តាលក្រុមអ្នកវិទ្យាសាស្ត្រប៉ាគីស្ថានពាក់ព័ន្ធនឹងការបង្កើតសារធាតុពុល និងការវិភាគលើទិន្នន័យជីវសាស្រ្ត ដើម្បីឱ្យប៉ាគីស្ថានបង្កើតការប្រមូលទិន្នន័យអំពីមេរោគដោយខ្លួនឯងផងដែរ។
ក្រសួងការបរទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «នេះគឺជារឿងក្លែងបន្លំដែលផ្តើមចេញពីចរិតនយោបាយដែលមានរួមបញ្ជូលព័ត៌មានប្រតិដ្ឋដកស្រង់ពីប្រភពអនាមិក»។
សេចក្តីថ្លែងការណ៍បានអះអាងថា គ្មានអ្វីជាការសម្ងាត់អំពីកន្លែងផលិតអាវុធជីវសាស្រ្តដូចដែលរបាយការណ៍បានចោទប្រកាន់នោះទេ និងបានបញ្ជាក់ទៀតថា កន្លែងពិសោធន៍នេះត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍលើការគំរាមចំពោះសុខភាពដែលផ្ទុះឡើង ការឃ្លាំមើលនិងការស៊ើបអង្កេតលើការផ្ទុះរាលដាលជំងឺឆ្លង។
ក្រសួងការបរទេសបានគូសបញ្ជាក់ថាប្រទេសប៉ាគីស្ថានបានគោរពតាមបទបញ្ញាត្តិអន្តរជាតិយ៉ាងតឹងរ៉ឹងនិងបានចែករំលែកព័ត៌មានអំពីមន្ទីរពិសោធន៍នេះនៅពេលមានការចោទសួរពីបណ្តាភាគីប្រទេសជាសមាជិកនៅក្នុងអនុសញ្ញាស្តីពីអាវុធជីវសាស្រ្តហៅកាត់ថា BWC។ សន្ធិសញ្ញាអន្តរជាតិនេះហាមឃាត់ប្រទេសជាសមាជិកមិនឱ្យបង្កើត ផលិត និងស្តុកទុកសារធាតុពុលឬសារធាតុជីវសាស្រ្ត។
សេចក្តីថ្លែងការណ៍ដដែលនោះបាននិយាយទៀតថា «ការប៉ុនប៉ងប្រតិដ្ឋព័ត៌មានអំពីមន្ទីរពិសោធន៍នេះឡើងគឺជាការប្រឆាំងទៅនឹងកិច្ចប្រឹងប្រែងទប់ទល់ការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងត្រូវការចាំបាច់នៅក្នុងការឃ្លាំមើលជំងឺ ត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិចំពោះជំងឺនេះ»។
ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានក៏បានថ្កោលទោសរបាយការណ៍របស់បណ្តាញសារព័ត៌មានអូស្រា្តលីនេះថាជារឿងប្រតិដ្ឋ។
ស្ថានទូតចិនបានបង្ហោះសារ Twitter កាលពីថ្ងៃអាទិត្យថា «នេះជាព័ត៌មានគ្មានការទទួលខុសត្រូវ មានចេតនាធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងចិន និងប៉ាគីស្ថាន។ ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវ ចិនតែងតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនចំពោះអនុសញ្ញាស្តីពីអាវុធជីវសាស្ត្រ»។
ប៉ាគីស្ថាន និងចិនបានរក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យការពារ។ ប្រទេសជិតខាងទាំងពីរបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីនេះចាក់ឬសកាន់តែរឹងមាំថែមទៀត ក្នុងអំឡុងពេល៦ឆ្នាំកន្លងមកនេះ ខណៈក្រុងប៉េកាំងបោះទុនវិនិយោគទឹកប្រាក់រាប់សិបពាន់លានដុល្លារនៅក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងថាមពលនៅក្នុងប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា