ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ ​ថ្លែង​ផ្ទុយ​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដោយ​អះអាង​ថា ​កូវីដ១៩​មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​ចិន


លោកប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ (Donald Trump​) របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក «មាន​ការ​ជឿជាក់​ខ្លាំង» ថា​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​កំពុង​រាតត្បាត​ជា​សាកល មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​មួយ​របស់​ចិន។ ការ​អះអាង​របស់​លោក​បែប​នេះ ផ្ទុយ​ពីការ​វាយតម្លៃរបស់​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កំពូល​របស់​លោក​ដែល​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​តែ​ប៉ុន្មាន​ម៉ោង​មុន​នោះ។

ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​យល់​ស្រប​ថា​ជំងឺ​រាតត្បាត​កូវីដ​១៩​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា មាន​ប្រភព​នៅ​ទី​ក្រុង​វូហាន​ប្រទេស​ចិន​នោះ មាន​ការ​មន្ទិល​មិន​ចេះ​ចប់​ថា តើ​វីរុស​នេះ​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដោយ​របៀប​ណា ដោយ​គេ​ឃើញ​ថា ក្រុម​អ្នក​មាន​ជំនឿមិន​មាន​ភស្តុតាង​អំពី​ផែនការ​ឃុបឃិត​នៅ​តែជឿ​ថា​ជំងឺ​កូវីដ​១៩​ត្រូវ​បានបង្កើត​ដោយ​មនុស្ស។

ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​ស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធលទ្ធភាព​ដែល​ថា​វីរុស​បង្កើត​ដោយ​មនុស្ស។

ការិយាល័យនៃ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា​ សហគមន៍​អ្នក​ស៊ើបការណ៍​សម្ងាត់​អាមេរិក​យល់​ស្រប​ជាមួយ​ការ​ឯកភាព​គ្នា​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​ដែល​ថា កូវីដ១៩​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ឬ​តាម​ការ​បម្លែង​ហ្ស៊ែន​ទេ។

នៅ​ពេលលោក​ប្រធានាធិតបតី​ ត្រាំ​ ត្រូវ​បាន​សាកសួរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​តើ​លោក​បាន​ឃើញ​ភស្តុតាង​ពី​មន្ត្រី​ស៊ើបការណ៍​អាមេរិក​ដែល​ថា​កូវីដ១៩​បាន​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​វិទ្យាស្ថាន​វូហាន​សម្រាប់​ការ​សិក្សា​រីរុសសាស្ត្រ​ដែរ​ឬ​ទេ​នោះ លោក​ប្រធានាធិបតី​ថា​ឆ្លើយ​ថា «បាទ​ខ្ញុំ​បាន​ឃើញ»ប៉ុន្តែ​លោក​បដិសេធមិនអាចចែករំលែក​សេចក្តី​លម្អិតទេ។ លោក​បន្ថែមថា៖ «ខ្ញុំ​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ប្រាប់​អ្នក​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មិន​បាន​បដិសេធចោលទេ ​នូវ​លទ្ធភាព​ដែលថា​ការ​ផ្ទុះ​រាតត្បាត​នៃកូវីដ​១៩​នៅ​តែ​ជាប់​ទាក់​ទង​អ្នក​ស្រាវជ្រាវ​ចិន ដោយ​អាច​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​អចេតនា​ដែល​បាន​កើត​ឡើង​នៅ​មន្ទីរពិសោធន៍​វូហាន​នោះ។

ការិយាល័យនៃ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​របស់​សហរដ្ឋ​អាមេរិក បន្ត​ថា៖ «សហគមន៍​ស៊ើបការណ៍​សម្ងាត់​នឹង​បន្ត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​នូវ​រាល់​ព័ត៌មាន​និង​ការ​សម្ងាត់​ថ្មី​ដែល​លេច​ឡើង​ដើម្បី​កំណត់​បាន​ថា​តើ​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​នេះ​ដំបូង​ឡើងពី​ការ​ទាក់ទង​ជាមួយ​សត្វ​ដែល​ផ្ទុក​វីរុស​ឬ​វា​ជា​លទ្ធផល​នៃ​ឧបទ្ទវហេតុ​នៅ​មន្ទីរ​ពិសោធន៍​មួយ​នៅ​ទី​ក្រុង​វូហាន»។​

វិទ្យាស្ថាន​វូហាន​សម្រាប់​ការ​សិក្សា​វីរុសសាស្ត្រ​ (Wuhan Institute of Virology) ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​បដិសេធ​ម្តងហើយ​ម្តង​ទៀតចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​វិទ្យាស្ថាន​នេះ​ជា​ប្រភព​នៃការ​ផ្ទុះ​ដំបូង​នៃ​កូវីដ១៩ ហើយ​អ្នក​ជំនាញ​ជា​ច្រើន​បាន​និយាយ​ថា វីរុស​នេះ​ទំនង​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​នៅ​ផ្សារ​លក់​សត្វ​ព្រៃ​មួយកន្លែងនៅ​ក្បែរ​នោះ។

ក៏​ប៉ុន្តែ​លោកប្រធានាធិបតី​បាន​សម្តែង​មន្ទិល​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​បដិសេធ​របស់​ប្រទេស​ចិន ដោយ​លោក​បាន​ចោទ​ប្រកាន់​ទាំង​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង និង​អង្គការ​សុខភាព​ពិភពលោក WHO ថា​បាន​បង្វែរ​ឲ្យ​ពិភពលោក​យល់​ខុស​ពី​រយៈ​ពេល​និង​របៀប​ដែល​វីរុស​កូរ៉ូណា​បាន​ចាប់​ផ្តើម​រាតត្បាត​ជា​សាកល។

លោក​ត្រាំ ​បានថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «មាន​ទ្រឹស្តី​ជា​ច្រើន​អំពី​រឿង​នេះ» ដោយ​លោក​បន្ថែម​ថា មន្ត្រី​ចិន​ត្រូវ​បញ្ឈប់​ការ​លាក់​បាំង​ព័ត៌មាន​លម្អិត​សំខាន់ៗ។ លោក​បាន​បន្ថែមទៀត​ថា «មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​ឃើញ​ថា​ប្រទេស​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តម្លាភាព​ខ្លះ​ដែរ​ជាមួយ​យើង»។

រូបឯកសារ៖ បុគ្គលិកពេទ្យកំពុងធ្វើតេស្តលើកុមារម្នាក់នៅ ទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកពេទ្យកំពុងធ្វើតេស្តលើកុមារម្នាក់នៅ ទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដទៃ​ទៀត​ដូច​ជា​លោក​រដ្ឋមន្ត្រី​ការបរទេស​ Mike Pompeo ក៏​បាន​សម្តែង​មន្ទិល​ចំពោះ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ចេញ​មុខ​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ។

ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​ក្នុង​រដ្ឋ Iowa លោក Pompeo បាន​និយាយ​ថា នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​ទៀតទាក់ទង​នឹង​ប្រភព​នៃ​វីរុស​នេះ។

លោក Pompeo ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ដឹង​ច្បាស់​ថា​តើ​វីរុស​នេះបាន​ចេញ​មក​ពី​វិទ្យាស្ថាន​វូហាន​សម្រាប់​ការ​សិក្សា​វិរុសសាស្ត្រ​ឬ​នោះ​ទេ។ យើង​មិន​ដឹង​ថា​តើ​វា​បាន​ចេញ​មក​ពី​ផ្សារ​ឬ​កន្លែង​ផ្សេង​ទៀត។ យើង​មិនដឹង​ចម្លើយ​ទាំង​នេះ​ទេ»។

ទោះ​បី​មាន​ឬ​មិន​មាន​ភស្តុតាង​ថ្មី​បាន​លេច​ឡើង​ក្តី​ក៏​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការិយាល័យនៃ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​របស់​សហរដ្ឋ​អាមេរិក ទំនង​បង្ហាញ​ថា​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​យ៉ាង​ហោច​ណាស់​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពីព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង។​

ពីរ​សប្តាហ៍​មុន​នោះ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​មួយ​រូប​បាន​ថ្លែង​ប្រាប់​ VOA ថា ទោះបី​ជា​ទីភ្នាក់ងារ​នានា «បាន​ព្យាយាម​ឈ្មុះឈ្មុល​ស៊ើប​រក​គ្រប់​ព័ត៌មានទាំង​អស់​ដែល​រក​បាន»ក្តី​ក៏​សហគមន៍​អ្នក​ស៊ើបការណ៍​សម្ងាត់​អាមេរិក «រួម​គ្នា​មិន​ទាន់​បាន​ឯកភាព​គ្នា​ទៅ​លើ​ទ្រឹស្ត្រី​មួយ​ណា​ទេ»។

ប៉ុន្តែ​អតីត​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ខ្លះមាន​មន្ទិល​ចំពោះ​ការ​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់ការិយាល័យនៃ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​របស់​សហរដ្ឋ​អាមេរិក ដោយ​ពួក​គេ​ចង្អុល​បង្ហាញ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​កិច្ចប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ត្រាំ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មាន​លក្ខណៈ​នយោបាយ។

លោក Paul Pillar អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ CIA ដែល​តែង​បាន​រិះគន់​រដ្ឋបាល​លោក​ត្រាំ និយាយ​ថា៖ «ស្ថានភាព​នេះ​ពិត​ជា​ចម្លែក ហើយ​បង្ហាញ​ពី​លក្ខណៈ​នយោបាយ​នៃ​ប្រធានបទ​រឿង​នេះ ខណៈ​ដែល​រដ្ឋបាល​លោក​ ត្រាំ ព្យាយាម​បង្វែរ​ចំណាប់អារម្មណ៍​ពី​សមត្ថភាព​គ្រប់គ្រង​របស់​រដ្ឋបាល​នេះ​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​នេះ»។

លោក Pillar ដែល​សព្វ​ថ្ងៃ​នេះ​បម្រើ​ការ​នៅ​សាកលវិទ្យាល័យ​ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លែង​ថា៖ «សេចក្តី​ថ្លែងការណ៍​នេះ​ហាក់​ដូច​ជា​ការ​សម្របសម្រួលមួយ​ដែល​ធ្វើ​ឲ្យ​គេ​មើល​មក​ថា​សហគមន៍​ស៊ើបការណ៍កំពុង​ធ្វើ​ការ​យ៉ាង​ឯករាជ្យ ដោយ​មិន​ប៉ះពាល់​ដល់​សារ​នយោបាយដែល​សេតវិមាន​និយមចោទ​ប្រកាន់​អំពី​អំពើ​ទុច្ចរិត​របស់​ចិន»។​

ប៉ុន្តែ​អ្នក​ខ្លះ​ទៀត មើល​ឃើញ​សេចក្តី​ថ្លែងការណ៍​នេះ​ថា​ជា​ចំណាត់ការឈ្លាសវៃ​មួយ ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​មាន​ការ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​នេះ​ពី​គ្រប់​ទី​កន្លែង។

លោក Larry Pfeiffer អតីត​ប្រធាន​ខុទ្ទកាល័យ​នៃ​ទីភ្នាក់ងារ ​CIA និង​ជា​អតីត​ប្រធាន​បន្ទប់​ឃ្លាំ​មើល​សភាពការណ៍ Situation Room នៅ​សេតវិមាន ដែល​កន្លង​មក​បាន​រិះគន់​រដ្ឋបាល​លោក​ត្រាំ​ ដែរ​នោះ ថ្លែង​ថា៖ «ខ្ញុំ​មិន​គិត​ថា​សេចក្តី​ថ្លែង​ការណ៍​នេះ​ជា​ការ​បង្វែរ​ឬ​បំផ្លើស​របស់​អាមេរិក​ទេ។ ខ្ញុំ​សូម​សាទរ​ការិយាល័យនៃ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ចេញ​មុខ​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាង​មុន​អំពី​ស្ថានភាព​នេះ»។

សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់ជាតិ​នេះ​ក៏បង្ហាញ​សញ្ញា​នៃ​តួនាទី​សាធារណៈ​សំខាន់​ជាង​មុន​របស់​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ទៅ​អនាគត​ដែរ។​

លោក Daniel Hoffman អតីត​មន្ត្រី​ជាន់​ខ្ពស់ CIA ដែល​ចូល​និវត្តន៍​មាន​ប្រសាសន៍​ថា៖ «បច្ចុប្បន្ន​នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ។ មាន​ព័ត៌មានប្រឌិត ព័ត៌មាន​មិន​ពិត និង​ភាព​ល្ងង់ខ្លៅ​ជា​ច្រើន​នៅ​ពេល​នេះ»។

សម្រាប់​លោក Hoffman ស្ថានភាព​នៃ​ព័ត៌មាន​មិន​ច្បាស់​លាស់​នេះ កាន់​តែ​លំបាក​មួយ​កម្រិត​ថែម​ទៀត​ដោយ​សារ​ប្រទេស​ចិន​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មានដោយ​ឥរិយាបទ​ឆាប់​រហ័ស​និង​តម្លាភាព​អំពីប្រភព​ដើម​នៃ​វីរុស​នេះ។

លោក​ថ្លែង​ថា ហេតុ​នេះ​«យើង​ត្រូវ​ពឹង​ផ្អែក​លើ​សហគមន៍​អ្នក​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​យើង​យល់​មិន​ទាន់​ច្បាស់»។

ប្រែ​សម្រួល​ដោយ​សឹង សុផាត

XS
SM
MD
LG