ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​ដំណើរការ​មន្ទីរ​ពេទ្យ​ថ្មី​ដើម្បី​ទប់ទល់​នឹង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី


មន្ត្រី​ដែល​ពាក់​ឈុត​ការពារ​ការ​ឆ្លង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទៅ​លើ​និស្សិត​ឥណ្ឌូណេស៊ី នៅ​ពេល​ពួកគេ​ទៅ​ដល់​អាកាសដ្ឋានយានដ្ឋាន​អន្តរជាតិ Hang Nadim​ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រី​ដែល​ពាក់​ឈុត​ការពារ​ការ​ឆ្លង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទៅ​លើ​និស្សិត​ឥណ្ឌូណេស៊ី នៅ​ពេល​ពួកគេ​ទៅ​ដល់​អាកាសដ្ឋានយានដ្ឋាន​អន្តរជាតិ Hang Nadim​ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ចិន​បាន​បើក​ដំណើរការ​មន្ទីរពេទ្យ​ថ្មី​មួយ​ដែល​មាន​គ្រែ​ពេទ្យ ១ ពាន់​គ្រែ ដែល​ទើប​តែ​សាងសង់​ហើយ​ថ្មីៗ ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១ ម៉ឺន ៧ ពាន់ ២ រយ​នាក់​ឆ្លង​មេរោគ​នេះ និង​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច ៣៦១ នាក់ នៅ​ក្នុង​ប្រទេស​ចិន។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​អាច​នឹង​កើន​ឡើង ស្រប​ពេល​ដែល​មាន​ករណី​ធ្វើ​តេស្ត​រក​មេរោគ​នេះ​រាប់​ពាន់​ករណី​ទៀត​កំពុង​រង់ចាំ​លទ្ធផល។

មេរោគ​នេះ​ភាគ​ច្រើន​បំផុត​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ចិន ដោយ​កន្លង​មក គេ​ឃើញ​មាន​ការ​រាយការណ៍​ថា​មាន​ករណី​ឆ្លង​មេរោគ​នេះ​ប្រហែល ១៥០ ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ចំនួន ២៣ ផ្សេង​ទៀត​ក្រៅ​ពី​ចិន។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​នេះ។

អាជ្ញាធរ​ចិន​បាន​ព្យាយាម​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ ដោយ​ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​នៅ​តាម​តំបន់​មួយ​ចំនួន និង​បាន​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​កុំ​ឲ្យ​មាន​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​នានា។

ប្រទេស​ផ្សេង​ទៀត​បាន​ដាក់​កំហិត​លើ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេស​ទាំង​អស់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ចូល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​ហាម​ឃាត់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ ការ​ហាម​ឃាត់​បណ្ដោះ​អាសន្ន​របស់​ឥណ្ឌូណេស៊ី​លើ​ជើង​ហោះហើរ​មក​ពី​ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​បាន​ជះ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ចិន ដោយ​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ជិត ៨ ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG