ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជាមួយ​ការ​គាំទ្រ​របស់​ចិន​លើ​ការ​បង្រ្កាប​នៅ​កម្ពុជា​ អ្នក​តាម​ដាន​មើល​ឃើញ ​«ការ​ធ្លាក់​ក្នុង​អន្ទាក់​មួយ»


រូបឯកសារ៖​ មេដឹកនាំ កម្ពុជា​និងចិន ចាប់ដៃ​គ្នា​នៅមុនកិច្ចប្រជុំមួយ នាវិមាន Great Hall of the People កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។​
រូបឯកសារ៖​ មេដឹកនាំ កម្ពុជា​និងចិន ចាប់ដៃ​គ្នា​នៅមុនកិច្ចប្រជុំមួយ នាវិមាន Great Hall of the People កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា និង​ស្រប​ពេល​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ប្រទេស​ចិន​បាន​ប្រកាស​ការ​គាំទ្រ​ទៅ​លើ​ចំណាត់​ការ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ Geng Shuang បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា រដ្ឋាភិបាល​ចិន«គាំទ្រ​កិច្ច​ប្រឹងប្រែង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ ​Wang Jiarui អនុ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន និង​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ហើយ​បាន​ប្រកាស​ជា​ផ្លូវការ​ ក្នុង​ការ​គាំទ្រ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក កឹម សុខា។

លោក​ Wang Jiarui​ ត្រូវ​បាន​រាយការណ៍​ថា​ ប្រទេស​ចិន​នឹង​សហការ​ និង​ជួយ​ដល់​កម្ពុជា គ្រប់​កាលៈ​ទេសៈ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​VOA​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ចិន​ ជា​រឿង​ចៃដន្យ​មួយ ខណៈ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។​ លោក​បន្ត​ថា ប្រទេស​ចិន​បាន​យល់​ពី​កម្ពុជា ហើយ​បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​នឹង​ប្រទេស​លោក​ខាង​លិច។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​VOA​ថា៖ «យើង​អរគុណ​ចិន ដោយ​សារ​ចិន​យល់​ពី​បំណង​ពី​ការ​អនុវត្ត​នីតិរដ្ឋ​របស់​កម្ពុជា។ ទៅ​តាម​ច្បាប់​ហ្នឹង​ឯង។ អាហ្នឹង​គឺ​យើង​យល់​ឃើញ​ថា គេ​ស្គាល់​ខ្មែរ​ច្បាស់​ ខាង​ចិន ដែល​ខុស​ប្លែក​ពី​ខាង​លិច។ គេ​ប្រើ​ប្រាស់​កឹម សុខា ដើម្បី​បម្រើ​ឲ្យ​ឥទ្ធិ​ពលរ​បស់​គេ​មក​លើការ​ដឹកនាំ​របស់​កម្ពុជា»។

ការ​ចាប់​ខ្លួន​ លោក​ កឹម សុខា បន្ថែម​ទៅ​លើ​ការ​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​រិះគន់ រួម​មាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ ​អូស្រ្តាលី និង​អង្គការ​សហប្រជាជាតិ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ទៅ​បរទេស​ទាំង​អស់ កុំ​ឲ្យ​លូកដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​គាំទ្រ​របស់​ចិន មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ទេ តែ​គ្រាន់ជា​ការ​យល់​ឃើញ​នៃ​ប្រទេស​មហាអំណាច​មួយ​ទៀត។

លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​កើន​កម្តៅ​នៃ​ការ​ព្រមាន​ជា​ពាក្យ​សម្តី​ជា​បន្ត​បន្ទាប់​ ពី​សំណាក់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​លើ​សហរដ្ឋអាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ចង់​ជម្រាប​ជូន​ឲ្យ​ច្បាស់ សម្តេច​គាត់​មិន​ដែល​មើល​ឃើញ​អាមេរិក​កាំង​ជា​សត្រូវ​ទេ។ ក៏​ប៉ុន្តែ​ក្នុង​ន័យ​អធិបតេយ្យ​ភាព ក្នុង​ន័យ​ឯករាជ្យ​ជាតិ​ ក្នុង​ន័យ​បំណង​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​សន្តិភាព យើង​ត្រូវ​និយាយ។ យើង​មិន​មែន​ខ្ញុំ​អាមេរិកកាំង​ទេ ហើយ​យើង​ក៏​អត់​បាន​លុយ​អាមេរិកកាំង​ដូច​ Voice of America ដែរ»។

ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បរទេស​ ដែល​លោក​ថា ស្ថិត​នៅ​ពី​ក្រោយ​លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​អំពើ​ក្បត់​ជាតិ។

លោក ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣​ទសវត្សរ៍​ ​បាន​ថ្លែង​នៅ​ក្នុង​ពេល​ជួប​កម្មករ​ក្នុង​រាជធានី​ភ្នំពេញកាល​ពី​ដើម​ខែ​កញ្ញា​ ថា​៖

«យើង​សូម​ផ្ញើ​សារ​ទៅ​កាន់​ជន​បរទេស​ ​ដែល​បាន​ប្រើ​ប្រាស់​មនុស្ស​នេះ​ ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព ហើយ​យើង​នឹង​ស្រាវជ្រាវ​តាម​ផ្លូវ​តុលាការ​ ​ដើម្បី​ឲ្យ​ដឹង​ថា​ ​អ្នកណា​ខ្លះ​បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈ​ពេល​កន្លង​ទៅ។​ ​ជន​បរទេស​ណា​ខ្លះ​ដែល​គេ​ថា​ ​មក​ពី​អាមេរិក​ ​និងមក​ពី​កាណាដា។​ ​តើ​អ្នកណាខ្លះ?​ ​រឿង​នេះ​វា​មិន​តូច​ទេ»។

ការ​ចាប់​ខ្លួន លោក កឹម សុខា ត្រូវ​បាន​គណបក្ស​សង្រ្គោះជាតិ​ថ្កោល​ទោស​ និង​ចាត់​ទុក​ជា​រឿង​នយោបាយ​ ហើយ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ខណៈ​លោក កឹម សុខា ជា​តំណាងរាស្រ្ត​ មាន​អភ័យ​ឯក​សិទ្ធិ។ ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្អាង​ទៅ​លើ​វីដេអូឃ្លីប​មួយ​ដែល​លោក កឹម សុខា បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៤ ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័សរបស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​ដោយ​មាន​ការ​ចំណងជើង​រង​ជា​ភាសា​អង់គ្លេស​ផង​នោះ​ ​លោក​ ​កឹម សុខា​ ​ថ្លែង​ថា​ ​យុទ្ធ​សាស្រ្ត​របស់​លោកមាន​ការ​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។​ ​យុទ្ធសាស្រ្ត​នោះ​ ​លោក​ថា​ ​គឺ​«ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ផ្តាច់​ការ»។​

លោក​ ​កឹម សុខា​ ​បន្ត​ថា​ អង្គការ​អាមេរិក​បាន​ហៅ​រូប​លោក​ទៅ​សហ​រដ្ឋអាមេរិក​ដើម្បី​សិក្សា ​និង​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​មួយ​រយៈ​ ​និង​បង្កើត​អង្គការ​មួយ​កាល​ពី​ឆ្នាំ​២០០២។​

លោក​ ​កឹម សុខា​ ​បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​នោះ​ថា​៖​

«តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី?​ ​គេ​ថា​ បើ​ចង់​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ​ ​យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ។ ​មុន​នឹង​ដូរ​ខាង​លើ​បាន​ ​ទាល់​តែ​គាស់​អា​ក្រោម​សិន​ ​ទាល់​តែដូរ​ពី​ក្រោម​សិន។​ ​ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​អ្នកប្រជា​ធិបតេយ្យ​គេ​ធ្វើ»។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ចន្លោះ​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ។​

លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​នយោបាយ​របស់​ប្រទេស​មហា​អំណាច។

លោក​បាន​ថ្លែង​ប្រាប់​VOA​តាម​រយៈ​អ៊ីម៉េល ឬ​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «ឥឡូវ​នេះ​វា​ច្បាស់​ណាស់​ទៅហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច គឺ​នៅ​ជាមួយ​ចិន ហើយ​គណបក្ស​ប្រឆាំង​ គឺ​នៅ​ជាមួយ​អាមេរិក។ តើ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​ប្រកួត​ប្រជែង​គ្នា នរណា​នឹង​ឈ្នះ​ នឹង​គូស​វាស​អនាគត​កម្ពុជា»។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ប្រទេស​កម្ពុជា​ជា​រដ្ឋ​តូច​មួយ​ដែល​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេស​អព្យាក្រឹត​ ហើយ​និង​នយោបាយ​ការបរទេស​គ្មាន​សត្រូវ»។

លោក ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​ប្រកាស​គាំទ្រ​របស់​ចិន​ បង្ហាញ​ថា កម្ពុជា​និង​ចិន​ មាន​ខ្នង​បង្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​លោក​ថា​ កម្ពុជា​បាន​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​កន្លង​ទៅ។

លោក​បាន​ថ្លែង​ប្រាប់​VOA​តាម​អ៊ីម៉េល​ថា៖ «វា​ច្បាស់​ណាស់​ទៅហើយ​ថា ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​កម្ពុជា​អាច​ពឹង​ផ្អែក​លើ​ប្រទេស​ចិន ហើយ​ចិន​អាច​ពឹង​ផ្អែក​លើ​ប្រទេស​កម្ពុជា។ ពួកគេ​មាន​ខ្នង​រៀងៗ​ខ្លួន»។

លោក មាស នី អ្នក​វិភាគ​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​VOA​ថា ​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ប្រតិកម្ម​ជាមួយ​អាមេរិក​ គឺ​ដើម្បី​ឲ្យ​ប្រទេស​ចិន​ឃើញ​ពី​ការ​ផ្តាច់​ឆ្ងាយ​របស់​កម្ពុជា​ពី​សហរដ្ឋអាមេរិក ដើម្បី​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ ​ឬ​អាច​ជា​ការ​ចង់​បាន​ការ​ចរចា​មួយ​ជាមួយ​អាមេរិក​ទៅ​លើ​បញ្ហា​ជំពាក់​បំណុល​សង្រ្គាម​កាល​ពី​អតីត​កាល។

ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (​Foreign Direct Investment)​ ធំជាងគេនៅកម្ពុជា។​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន បាន​កើន​ដល់​ទៅ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​២០០លានដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង រហូត​មក​ដល់​ពេល​នេះ បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង និង​កម្ចី​ដល់​កម្ពុជា ប្រមាណ​៤,២​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ហ៊ុន សែន កាល​ពីខែមេសា ឆ្នាំ​២០១៧។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព មាន​ការ​ព្រួយ​បារម្ភ​ថា កម្ពុជា​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ប្រទេស​មហាអំណាច ដោយ​លោក​ថា បញ្ហា​សមុទ្រចិន​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង កម្ពុជា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​គាំទ្រ​ចិន​លើ​បញ្ហា​ទាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​តែ​កម្ពុជា​ខ្លួន​ឯង​ទេ ដែល​ត្រូវ​សម្រេច​ចិត្ត​ដោយ​វៃឆ្លាត ក្នុង​ការ​គាំទ្រ​នយោបាយ​អន្តរជាតិ​របស់​បរទេស»។

លោក​បន្ត​ថា​ ប្រទេស​ចិន​ជា​ទូទៅ មិន​រិះគន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដទៃ​នោះ​ទេ​ ហើយ​ចិន​គិត​អំពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​គេ​ច្រើន​ជាង៕

XS
SM
MD
LG